|

រដ្ឋលេខាធិការ​ក្រសួងកសិកម្ម ជំរុញឲ្យមន្ត្រីខេត្តបាត់ដំបង និងខេត្តប៉ៃលិន តាមដានតម្លៃទីផ្សារកសិកម្ម ដែលអាចប្រឈមក្នុងរដូវប្រមូលផលធំ ដើម្បីឆ្លើយតបទាន់ពេល ក្នុងស្ថានភាពអសន្តិសុខនៅតាមព្រំដែន


នៅថ្ងៃទី១៤-១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តម សុខ វិសាល ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងលោក យិន ច័ន្ទសុធី អគ្គនាយករងនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ បានអញ្ជើញចូលរួមប្រជុំ ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃពីស្ថានភាពតម្លៃ និងទីផ្សារក្នុងរដូវកាលប្រមូលផលធំ សម្រាប់ដំណាំស្វាយកែវរមៀត និងមៀនប៉ៃលិន នៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។

នាឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ការណែនាំយ៉ាងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីកសិកម្មឃុំនៃខេត្តទាំងពីរ ត្រូវយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំនូវស្ថានភាពតម្លៃ និងចរន្តទីផ្សារក្នុងរដូវប្រមូលផលធំ ដើម្បីត្រៀមលក្ខណៈឆ្លើយតបឱ្យទាន់ពេលវេលា ហើយត្រូវពិនិត្យលើបញ្ហាប្រឈមនៃការបញ្ជាទិញ ដែលអាចរងផលប៉ះពាល់ពីក្តីបារម្ភរបស់អ្នកបញ្ជាទិញ និងពាណិជ្ជករ ចំពោះស្ថានភាពអសន្តិសុខនៅតាមព្រំដែន ដែលអាចធ្វើឱ្យមានការបង្អាក់ ឬធ្លាក់ចុះនៃតម្លៃ។

ដោយឡែក ឯកឧត្តម ក៏បានជំរុញឱ្យមន្ត្រីមូលដ្ឋានចុះជាប់ជាមួយកសិករ ដើម្បីក្តាប់ព័ត៌មានជាក់ស្តែង និងសម្របសម្រួលដោះស្រាយបញ្ហានានា សំដៅកាត់បន្ថយការខាតបង់ និងរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងវិស័យកសិកម្ម។

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ