|

រោងចក្រនៅប្រទេសថៃ ធ្លាយសារធាតុគីមី បណ្ដាលឲ្យប្រជាពលរដ្ឋជិត ២០នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ និងសិស្សត្រូវបានជម្លៀសចេញពីសាលា


យោងតាមសារព័ត៌មានចុះផ្សាយ នៅថ្ងៃទី១៥ ខែមករា នេះ រោងចក្រមួយ ស្ថិតក្នុងខេត្ត Samut Prakan ស្រុក Phra Samut បានលេចធ្លាយសារធាតុគីមី បង្កឲ្យមានផលប៉ះពាល់ដល់សហគមន៍ Song Phi Nong ដោយមានប្រជាពលរដ្ឋប្រមាណពី ១៧ ទៅ ២០ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមានរោគសញ្ញាវិលមុខ ក្អួត និងរលាកភ្នែក និងច្រមុះ។

សោយឡែក អាជ្ញាធរបានបញ្ជាក់ថា ប្រភពនៃការលេចធ្លាយនេះ ទទួលបានពីរោងចក្រមួយនៅក្នុងតំបន់ ហើយសារធាតុគីមីមួយចំនួនទាំងនោះ ក៏បានហូរចូលទៅក្នុងប្រឡាយសហគមន៍ក្បែរនោះផងដែរ។

ក្រៅពីប្រជាពលរដ្ឋ សិស្សានុសិស្សមកពីសាលាស្រុក Song Phi Nong ក៏ត្រូវបានជម្លៀសចេញពីសាលាបណ្តោះអាសន្ន ខណៈដែលឪពុកម្តាយត្រូវបានទាក់ទងឲ្យមកទទួលកូនៗ។ ទោះជាយ៉ាងណា សាលាមិនបានប្រកាសបិទទ្វារជាផ្លូវការនោះទេ ប៉ុន្តែបានណែនាំឲ្យឪពុកម្តាយដែលមានការព្រួយបារម្ភ អាចទៅយកកូនៗរបស់ខ្លួនត្រឡប់ទៅផ្ទះបាន។

ជាមួយគ្នានោះ មន្ត្រីក្រុងបានសហការជាមួយក្រុមហ៊ុនដែលទទួលខុសត្រូវចំពោះហេតុការណ៍នេះ ដើម្បីអនុវត្តវិធានការបន្ទាន់ ដោយបានបាញ់ថ្នាំពពុះលើផ្ទៃប្រឡាយ ដើម្បីទប់ស្កាត់ និងកាត់បន្ថយការរីករាលដាលនៃសារធាតុគីមី។

ប្រភព៖ Thai Requirer