សហរដ្ឋអាមេរិកប្រកាសផ្អាកដំណើរការទិដ្ឋាការអន្តោប្រវេសន៍លើប្រទេសចំនួន ៧៥ ចាប់ពីថ្ងៃទី២១ ខែមករា ខាងមុខនេះ!
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្អាកដំណើរការទិដ្ឋាការអន្តោប្រវេសន៍សម្រាប់អ្នកដាក់ពាក្យសុំមកពីប្រទេសចំនួន ៧៥ ចាប់ពីថ្ងៃទី២១ ខែមករា ខាងមុខនេះ ជាផ្នែកមួយនៃការពង្រីកវិធានការបង្ក្រាបអន្តោប្រវេសន៍ដ៏សំខាន់របស់ប្រធានាធិបតី Donald Trump។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស អ្នកដាក់ពាក្យសុំមកពីប្រទេសថៃ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ ព្រមទាំងប្រទេសមួយចំនួននៅតំបន់អាមេរិកឡាទីន តំបន់អាហ្វ្រិក មជ្ឈិមបូព៌ា និងតំបន់ការ៉ាប៊ីនផងដែរ។
ក្រសួងការបរទេសបានបញ្ជាក់ថា ការផ្អាកដំណើរការទិដ្ឋាការអន្តោប្រវេសន៍នេះ នឹងបន្តអនុវត្ត ខណៈពេលដែលអាជ្ញាធរកំពុងពិនិត្យឡើងវិញនូវនីតិវិធី និងគោលនយោបាយពាក់ព័ន្ធ ដើម្បីធានាថា ជនអន្តោប្រវេសន៍ថ្មីៗ មិនក្លាយជាការពឹងផ្អែកលើអត្ថប្រយោជន៍សាធារណៈរបស់រដ្ឋ។ ទោះយ៉ាងណា មន្ត្រីបានអះអាងថា ទិដ្ឋាការប្រភេទទស្សនកិច្ច មិនស្ថិតក្នុងវិធានការផ្អាកនេះឡើយ។
រដ្ឋបាលសហរដ្ឋអាមេរិកបានអះអាងថា វិធានការនេះ គឺជាការចាំបាច់ ដើម្បីទប់ស្កាត់ការរំលោភបំពានប្រព័ន្ធអន្តោប្រវេសន៍ និងការពារប្រាក់ពន្ធរបស់ប្រជាពលរដ្ឋអាមេរិក។
ប្រភព៖ Washington post















