|

កិច្ចប្រជុំ(JBC) ដែលគ្រោងធ្វើនៅសប្ដាហ៍ទី៣ នៃខែមករានេះ ត្រូវភាគីថៃស្នើលើកពេលជាលើកទី២ ក្រោមហេតុផលរង់ចាំនីតិវិធីតែងតាំងសមាសភាពថ្មីនៃគណៈកម្មការ-JBCភាគីថៃ


នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានឲ្យដឹងថា កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា-ថៃ ដែលកម្ពុជាបានស្នើរៀបចំឡើងនៅសប្តាហ៍ទី២ ឬសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្ត សៀមរាប ត្រូវបានភាគីថៃឆ្លើយតបនិងស្នើលើកពេលសាជាថ្មី ជាលើកទី២ ដោយលើកហេតុផលរង់ចាំនីតិវិធី ផ្ទៃក្នុងដើម្បីតែងតាំងសមាសភាពថ្មីនៃគណៈកម្មការ-JBCភាគីថៃ បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃថ្មីត្រូវបានបង្កើត ឡើង ក្រោយការបោះឆ្នោតសភានៅដើមខែកុម្ភៈនាពេលខាងមុខ។

ដោយឡែក កិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ភាគីកម្ពុជាបានស្នើសាជាថ្មីទៅភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដែលមានខ្លឹមសារ ដូចខាងក្រោម៖

១- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (Joint Survey Teams) នៃភាគីទាំងពីរ ចុះលើដីជាក់ស្តែងឡើងវិញ ដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 និង បង្គោលលេខ 52-59 នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

គួរបញ្ជាក់ផងដែរថា ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរកម្ពុជា-ថៃ បានចាប់ផ្តើមធ្វើការវាស់វែងនិង បោះបង្គោលបណ្តោះអាសន្ន ត្រូវបានផ្អាកកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយសារសង្រ្គាមឈ្លានពានមកលើអធិបតេយ្យនិង បូរណភាពទឹកដីកម្ពុជា។

២- ស្នើចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះនៃភាគីទាំងពីរចុះធ្វើការលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយចន្លោះពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដើម្បីសាងសង់ឡើងវិញនូវបង្គោល ព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដើមពិតប្រាកដដែលភាគីទាំងពីរបានឯកភាពគ្នា។

ជាងនេះផងដែរ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏បានគូសបញ្ជាក់ឡើងវិញថា ការចាត់បញ្ជូនក្រុមវាស់វែងចម្រុះដើម្បី បន្តចុះធ្វើការលើដីជាក់ស្តែងនេះ គឺធ្វើឡើងស្របតាមនីតិវិធី និងបែបបទការងារ (Technical Instruction) ដែលបានឯកភាពគ្នា និងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី នាពេលកន្លងមក។