|

អង្គការមូលនិធិប្រាសាទពិភពលោក(WMF) បន្តសហការជាមួយអាជ្ញាធរជាតិអប្សរា ជួសជុលសំណង់ប្រាសាទភ្នំបាខែង ដោយរំពឹងថានឹងបញ្ចប់គម្រោងទាំងស្រុងនៅក្នុងឆ្នាំ២០២៩!


នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ លោក ជីវ ភិរម្យ ប្រធានបច្ចេកទេសគម្រោងជួសជុលប្រាសាទភ្នំបាខែង នៃអង្គការ WMF បានឱ្យដឹងថា គម្រោងជួសជុលជ្រុងខាងលិច បានចាប់ផ្តើមដំណើរការពីឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៩។ ដូចគ្នាដែរលោកបានពន្យល់ថា ក្រុមការងារបានជួសជុលផ្នែកកម្រាលនៅតាមជាន់ទាំងបួន ដែលតាងដោយអក្សរ F (ជាន់ក្រោម) និងរហូតដល់អក្សរ C ដែលជាជាន់ទីបួន។ នេះជាដំណាក់កាលទី៣ នៃគម្រោងជួសជុលប្រាសាទភ្នំបាខែង ខណៈដែលអង្គការ WMF បានចូលខ្លួនចូលរួមអភិរក្សប្រាសាទនេះតាំងពីឆ្នាំ២០០៤មក។

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ ២០០៧ WMF បានចូលមកសិក្សាស្រាវជ្រាវ និងធ្វើគម្រោងជួសជុលសាកល្បង នៅជាន់F ជ្រុងខាងត្បូងឈៀងខាងលិច។ ដំណាក់កាលទី២ ពីឆ្នាំ២០០៨ និងបញ្ចប់នៅឆ្នាំ២០១៩ ដោយបានជួសជុលចាប់ពីពាក់កណ្តាលជណ្តើរខាងជើង និងខាងត្បូងទៅជ្រុងខាងកើត ហើយក្នុង គម្រោងនោះ ក៏បានធ្វើកំណាយ រួមនឹងការអភិរក្សមួយចំនួនផង។ រីឯដំណាក់កាលទី៣ ចាប់ពីខែ សីហា ឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៩។

តាមការបញ្ជាក់ពីអ្នកជំនាញ មកដល់បច្ចុប្បន្នគម្រោងជួសជុលប្រាសាទភ្នំបាខែងទាំងមូល សម្រេចបានប្រមាណ ៧៥ភាគរយហើយ ក្នុងនោះការងារជួសជុលនៅជ្រុងខាងលិច កំពុងដំណើរការជួសជុលបានប្រហែល ២៥ភាគរយ។ ចំពោះស្ថានភាពការខូចខាតនៅជ្រុងខាងលិច អ្នកជំនាញពន្យល់ថា មានការស្រុតគ្រឹះ ថ្មងាកចេញពីគ្នា និងមានការដួលរលុះថ្មនៅផ្នែកជញ្ជាំង និងចម្លាក់តោ។ ក្រៅពីជួសជុលពង្រឹងឡើងវិញ ក្រុមការងារក៏បានពង្រឹងថ្មភ្នំដែលខ្លះបានប្រេះ និងមានការពុកផុយ ដោយប្រើបច្ចេកទេសមួយចំនួនដើម្បីឱ្យវារឹងមាំឡើងវិញ។

ដោយឡែក លោក គង់ សាវបុត្ត នាយកប្រចាំប្រទេសនៃអង្គការ WMF ក៏បានបង្ហាញពីមោទកភាព ក្នុងនាមស្ថាប័នអន្តរជាតិរបស់សហរដ្ឋអាមេរិក ដែលបានរួមចំណែកជួយជួសជុល ប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។ ជាងនេះទៅទៀត ចាប់ពីឆ្នាំ ១៩៨៩មក WMF ក៏បានចូលរួមអភិរក្ស និងជួសជុលប្រាសាទព្រះខ័ន ប្រាសាទតាសោម ប្រាសាទអង្គរវត្ត និងបច្ចុប្បន្នកំពុងជួសជុលប្រាសាទភ្នំបាខែង។

ប្រភព៖ អាជ្ញាធរជាតិអប្សរា