ឥទ្ធិពលនៃអាណាចក្រខ្មែរ និងប្រាសាទខ្មែរមួយចំនួននៅប្រទេសថៃ


ដោយ៖ ផាត់ គឹមឆែ

ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានអរិយធម៌ និងវប្បធម៌ដ៏ខ្ពង់ខ្ពស់ រីកចម្រើនដល់កម្រិតកំពូលនាសម័យមហានគរ។ អាណាចក្រខ្មែរនាសម័យនោះលាតសន្ធឹងលើដែនដីដ៏ធំទូលាយ មានអច្ឆរិយសម្បត្តិដ៏មហាសាល មានប្រាង្គប្រាសាទដ៏មហិមា ជាពិសេសគឺប្រាសាទអង្គរវត្ត ជាដួងព្រលឹងនៃ ប្រជាជនខ្មែរគ្រប់រូប។ បុរាណស្ថានទាំងឡាយ ជាស្នាដៃដ៏ពិសិដ្ឋរបស់បុព្វបុរសខ្មែរដែលបានខិតខំកសាងឡើងដើម្បីបន្សល់ទុកជាមរតកឲ្យកូនចៅជំនាន់ក្រោយ។ វប្បធម៌ដ៏ចំណាស់មួយនេះ បានផ្សាយឥទ្ធិពលរបស់ខ្លួនទៅកាន់ប្រទេសជិតខាងតាមរយៈទំនាក់ទំនងផ្សេងៗដូចជាសេដ្ឋកិច្ច នយោបាយ និងសង្រ្គាមពង្រីកទឹកដីជាដើម។

តាមប្រវត្តិសាស្ត្រ ជនជាតិថៃធ្លាប់បានចូលលុកលុយកាន់កាប់អង្គរជាច្រើនលើកច្រើនសារនៅសតវត្សរ៍ទី១៤ តែត្រូវបានស្ដេចខ្មែរព្រះបាទពញាយ៉ាត រំដោះអង្គរបានពីពួកបច្ចាមិត្តវិញនៅឆ្នាំ១៤២១។ លុះក្រោយមក នៅឆ្នាំ១៤៣៤ ព្រះបាទពញាយ៉ាតបានផ្លាស់ប្ដូររាជធានី ពីអង្គរទៅចតុមុខវិញដោយសារមូលហេតុចៀសពីការទន្ទ្រានឈ្លានពានពីសៀម រួមទាំងដោយសារកត្តាភូមិសាស្ត្រ សេដ្ឋកិច្ច វប្បធម៌និង នយោបាយក្នុងប្រទេស។ ទោះជាប្រទេសថៃនៅតែមិនអាចទន្ទ្រាន យកប្រាសាទអង្គរវត្តបានយ៉ាងណាក៏ដោយ ក៏មានប្រាសាទខ្មែរដ៏អស្ចារ្យជាច្រើនទៀតដែលមានអាយុកាល តាំងពីសម័យដូចគ្នានឹងប្រាសាទអង្គរវត្ត កំពុងស្ថិតក្នុងព្រំដែនប្រទេសថៃសព្វថ្ងៃ។ នៅប៉ែកខាងជើងឆៀងខាងកើតនៃប្រទេសថៃ មានប្រាសាទភ្នំរូង និងប្រាសាទភីម៉ៃ ដែលជាប្រាសាទដ៏ស្រស់ស្អាតចំនួនពីរ ត្រូវបានថែរក្សាយ៉ាងល្អនិងមានគំរូតែមួយនៃស្ថាបត្យកម្មខ្មែរ។

ឥទ្ធិពលរបស់អាណាចក្រខ្មែរក៏លេចចេញឱ្យឃើញនៅឯសុខោទ័យ និងអយុធ្យាដែលជាទីតាំងដ៏ពិសិដ្ឋបំផុតទាំងពីររបស់ប្រទេសថៃ។  សុខោទ័យគឺជាលំយោលនៃអារ្យធម៌ថៃហើយបានចាប់ផ្តើមជីវិតលើទីតាំងនៃអាណាចក្រខ្មែរដែលក្រោយមកទៀតបានបះបោរជាប្រទេសមួយឯករាជ្យ។  អយុធ្យាបានក្លាយជារាជធានីនៃប្រទេសថៃ រហូតដល់រាជវង្សថៃបានផ្លាស់រាជធានី ទៅទីក្រុងបាងកក។ ស្ថាបត្យកម្មតាមរចនាបថខ្មែរគួរឱ្យកត់សម្គាល់ នៅសុខោទ័យ គឺរចនាបថសិល្បៈ ពិសេសរូបចម្លាក់ព្រះពុទ្ធដែលមានចាប់ពីចម្លាក់តូចៗរហូតដល់រូបចម្លាក់ខ្ពស់ ៗ និងមានភស្តុតាងជាច្រើនទៀត។ ក្រៅពីប្រាសាទ  ភ្នំរូង និងប្រាសាទភីម៉ៃ មានប្រាសាទ និងខេត្តខ្មែរជាច្រើនទៀតដែលបច្ចុប្បន្ននៅលើទឹកដីថៃ។

ប្រាសាទខ្មែរនៅលើទឹកដីថៃរួមមាន៖

  • ប្រាសាទពិមាឃ ឬភីម៉ៃៈ បច្ចុប្បន្នស្ថិតនៅខេត្តនគររាជសីមា ប្រទេសថៃ
  • ប្រាសាទភ្នំរុងៈ បច្ចុប្បន្នស្ថិតនៅខេត្តបុរីរម្យ ប្រទេសថៃ
  • ប្រាសាទមឿងតាំៈ បច្ចុប្បន្នស្ថិតនៅខេត្តបុរីរម្យ
  • ប្រាសាទភ្នំក្រវ៉ាន់ៈ បច្ចុប្បន្នស្ថិតនៅខេត្តនគររាជសីមា
  • ប្រាសាទស្ដុកកក់ធំៈ បច្ចុប្បន្នស្ថិតនៅខេត្តស្រះកែវ
  • ប្រាសាទមឿងសង្ហៈ បច្ចុប្បន្នស្ថិតក្នុងខេត្តកញ្ចនបុរី
  • ប្រាសាទភូមិសម្បូរណ៍ៈ បច្ចុប្បន្នស្ថិតនៅខេត្តស៊ីសៈកេត
  • ប្រាសាទនាងរាំៈ បច្ចុប្បន្នស្ថិតនៅខេត្តនគររាជសីមា
  • ប្រាសាទប្រាង្គគូៈ បច្ចុប្បន្នស្ថិតនៅខេត្តស៊ីសៈកេត
  • ប្រាសាទស៊ីខរភូមិៈបច្ចុប្បន្នស្ថិតនៅខេត្តសុរិន្ទ
  • និងមានប្រាសាទផ្សេងៗទៀតជាច្រើន។

ការបាត់បង់គឺជាការឈឺចាប់មួយ តែបើសិនជាអ្វីដែលយើងកំពុងមានតែមិនចេះថែរក្សា គឺកាន់តែឈឺចាប់ទ្វេឡើង។ ការសិក្សាឲ្យបានល្អិតល្អន់ និងយកចិត្តទុកដាក់អំពីប្រវត្តិសាស្ត្រតំបន់ ប្រវត្តិសាស្ត្រពិភពលោក ពិសេសទាក់ទងនឹងប្រវត្តិសាស្ត្រខ្លួនឯងឲ្យបានស៊ីជម្រៅ គឺជាកាតព្វកិច្ចដ៏ចាំបាច់របស់យើងម្នាក់ៗជាអ្នកសិក្សា និងជាជនជាតិម្ចាស់ប្រទេស។ ជាមួយគ្នានេះ ការទាញប្រយោជន៍ពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមនានាក៏ជារឿងដែលយើងជាអ្នកសិក្សាគួរគប្បីយល់ដឹង និងចេះប្រើប្រាស់ឲ្យបានត្រឹមត្រូវ ក្នុងផ្លូវវិជ្ជមាន ដើម្បីចូលរួមលើកតម្កើង ផ្សព្វផ្សាយ ចែករំលែក និងអភិវឌ្ឍខ្លួនឯងឲ្យមានចំណេះដឹងទូលំទូលាយ លើបញ្ហាសង្គម និងរឿងរ៉ាវពាក់ព័ន្ធនឹងប្រទេសជាតិយើង៕

ប្រភព៖ បរទេស, WIKIPIDIA, Discovery insider

កែសម្រួលដោយ៖ BRANDMEDIA