|

ឧត្តមសេនីយ៍ទោ សោម ស៊ុន ណែនាំមេបញ្ជាការគ្រប់អង្គភាពនៅសមរភូមិក្រោយ ត្រូវស្រាវជ្រាវ​ ដោះស្រាយ និងបម្រើសេចក្តីត្រូវការ ជូនយោធិន នៅ​សមរភូមិ​មុខ​ និងក្រុមគ្រួសារ​


ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី៣០​ ខែតុលា ឆ្នាំ​២០២៥​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា​ ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំ ប្រគល់ភារកិច្ចចាំបាច់មួយចំនួន ជូនដល់ថ្នាក់ដឹកនាំក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា​ ខេត្តកំពង់ធំ រួមជាមួយមេបញ្ជាការផ្នែកសឹករងក្រុងស្រុកទាំង៩​ នៅក្នុងខេត្ត ដើម្បីស្រាវជ្រាវ​ដោះស្រាយ និងបម្រើសេចក្តីត្រូវការចាំបាច់នានា ជូនដល់យោធិន ដែលកំពុងជាប់ដៃបំពេញភារកិច្ចក្នុងការការពារបូរណភាពទឹកដី នៅ​សមរភូមិ​មុខ​ ដែលមានគ្រួសារនៅខាងក្រោយជួបការលំបាកខ្វះខាត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ៖​ ដោយអនុវត្ត តាមបទបញ្ជារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នឹងបានការឯកភាពពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ។ សំណូមពរមេបញ្ជាការគ្រប់បណ្ដាផ្នែកសឹករងក្រុងស្រុកទាំង៩​ ត្រូវរួមសហការជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវមុខសញ្ញាក្រុមគ្រួសារវីរយុទ្ធជនរបស់យើងដែលនៅជួរខាងមុខ ហើយមានជីវភាពលំបាកខ្វះខាត ឬមានជម្រកស្នាក់នៅមិនសមរម្យ ដើម្បីចាត់វិធានការនានាជួយដោះស្រាយជូនពួកគាត់ឲ្យបានល្អប្រសើរ ។

ឧត្តមសេនីយ៍ទោ សោម​ ស៊ុន បានបញ្ជាក់បន្ថែមទៀតថា៖​ មេបញ្ជាការកងកម្លាំងគ្រប់បណ្ដាកងឯកភាពចំណុះ​នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹឹករងកំពង់ធំ ។ ក្រៅពីការត្រៀមកម្លាំងនិងមធ្យោបាយគ្រប់គ្រាន់ ដើម្បីអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារបូរណភាពទឹកដី និងការចូលរួមបង្ក្រាបបទល្មើសធនធានធម្មជាតិ កងកម្លំាង​ទាំង​អស់ ​ត្រូវចូលរួមអនុវត្តភារកិច្ចសមរភូមិក្រោយ បម្រើឲ្យសមរភូមិមុខ ដោយត្រូវជួយដោះស្រាយនូវរាល់ការលំបាកផ្សេងៗ តាមការដែលអាចធ្វេីទៅបាន​ និងរាយការណ៍​ជូន​ថ្នាក់​ដឹកនាំ​ ដេីម្បី​ជួយ​ដោះស្រាយ​ជូនដល់ក្រុមគ្រួសារយោធិនរបស់យើង ដែលកំពុងជាប់ដៃនៅសមរភូមិមុខ​ ឲ្យ​បាន​ល្អ​ និង​ទាន់​ពេល​វេលា​ ។

ប្រភព៖ កងទ័ពជើងគោកនៃកងយោធពលខេមរៈភូមិន្ទ