|

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ រាជរដ្ឋាភិបាលកម្ពុជាអត់ធ្មត់ ប៉ុន្តែមិនបោះបង់សិទ្ធិ ក្នុងការទាមទារដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួនឡើយ


អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឲ្យដឹងថា កាលពី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បណ្ដាញសារព័ត៌មានថៃមួយចំនួនបានចេញផ្សាយ ដោយស្រង់សម្តីមន្ត្រីយោធាថ ដែលអះអាងថា «កន្លែងដែលទាហានថៃបានជាន់គឺជាទឹកដីរបស់ថៃ»។ ការអះអាងបែបនេះ សំដៅលើដីនៅ ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលពួកគេបានដាក់របងលួសបន្ល កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ដោយបានឈូសឆាយ និងរាវមីននៅទីនោះជាឯកតោភាគី។

រាជរដ្ឋាភិបាលកម្ពុជាក៏បានគូសបញ្ជាក់ផងដែរថា ព្រំដែនកម្ពុជានិងថៃគឺជាព្រំដែនអន្តរជាតិរវាងរដ្ឋ និងរដ្ឋ ដែលត្រូវបានកំណត់ដោយអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងផែនទីខ្នាត ១/២០០ ០០០ និង មានបង្គោលព្រំដែនចំនួន ៧៤បង្គោល ដែលត្រូវបានបោះកាលពីជាង ១០០ឆ្នាំមុន។ ខ្សែព្រំដែននេះមានតម្លៃផ្លូវច្បាប់ រឹងមាំដែលត្រូវបានការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដែលមិនអាចត្រូវបានកែប្រែ ជាឯកតោភាគីដោយភាគីណាមួយបានឡើយ។

ដោយឡែក គណៈកម្មការចម្រុះព្រំដែន (IBC) ដែលបានព្រមព្រៀង រវាងប្រទេសទាំងពីរ (កម្ពុជា-ថៃ) មានសមត្ថកិច្ចក្នុងការវាស់វែងនិងកំណត់ខណ្ឌសីមារវាងប្រទេសទាំងពីរ។ ក្នុង ពេលរង់ចាំការវាស់វែងនិងការកំណត់ខណ្ឌសីមារបស់ JBC កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ដោយផ្អែកលើសន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយរវាងប្រទេសទាំងពីរ ព្រមទាំងច្បាប់អន្តរជាតិជាធរមាន។ កម្ពុជាក៏បានទាមទារឱ្យភាគីថៃគោរពនូវអ្វីដែលបានព្រមព្រៀងគ្នា ដោយទុកឱ្យ JBC ប្រជុំដោះស្រាយបញ្ហា ខណ្ឌសីមា ចៀសវាងការធ្វើសកម្មភាពបង្កហេតុណាមួយ ដែលនាំទៅដល់ការពង្រីកវិសាលភាពនៃទំនាស់។ យ៉ាងណាមិញ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា កម្ពុជា ប្រកាន់ខ្ជាប់គោលជំហរយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន ដោយមិនទទួលយកជាដាច់ខាតនូវការប្រកាសជាឯកតោភាគីរបស់យោធាថៃ ពីព្រោះយោធាគ្មានសមត្ថកិច្ចក្នុងភាសាបចំអំពីខណ្ឌសីមា របស់ប្រទេសនោះឡើយ ហើយការប្រកាសបែបនេះក៏គ្មានតម្លៃគតិយុត្តនោះដែរ។

ជាងនេះទៅទៀត កម្ពុជាក៏បានបញ្ជាក់ពីការអត់ធ្មត់ក្នុងអំឡុងពេលអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីចៀសវាងការផ្ទុះអាវុធដែលអាច បង្កមហន្តរាយធំធេងដល់ប្រទេសជាតិនិងប្រជាជនទាំងសងខាង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនបោះបង់សិទ្ធិ ក្នុងការទាមទារដែនអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់ខ្លួន ស្របតាមអនុសញ្ញា សន្ធិសញ្ញា និង
ច្បាប់អន្តរជាតិឡើយ។

ប្រភព៖ ក្រសួងការពារជាតិ