សិប្បកម្មផលិតគ្រឿងសង្ហារឹមរបស់បុរី ប៉េង ហួត ត្រូវបានក្រសួងបរិស្ថាន ចាត់វិធានការច្បាប់ និងព្រមានផ្អាកផលិតកម្មជាបណ្ដោះអាសន្ន
ក្រសួងបរិស្ថានបានចាត់ អនុវត្តវិធានការច្បាប់ចំពោះសិប្បកម្មផលិតគ្រឿងសង្ហារឹម ដែលមានទីតាំងនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្រកបអាជីវកម្មដោយ កាត់ម៉ាប និងជ្រៀកភ្លីនៅខាងក្រៅអគារផលិតកម្ម បណ្តាលឱ្យមានសំឡេងរំខាន និងលម្អងតូចៗហោះឡើងបរិយាកាស អាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជិតខាង។
តាមតាមការត្រួតពិនិត្យ សិប្បកម្មមិនមានកិច្ចសន្យាការពារបរិស្ថាន មិនមានលិខិតអនុញ្ញាតបញ្ចេញសំណល់ និងបានទុកដាក់សំណល់ក្នុងទីវាលនៅក្នុងបុរី ដោយមិនដឹកជញ្ជួនទៅទីតាំងទុកដាក់សំណល់ត្រឹមត្រូវ ដែលជាការល្មើសតាមមាត្រា ១៧៣ និងមាត្រា ៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។
ដើម្បីពង្រឹងសមត្ថភាពអនុវត្តច្បាប់ និងការការពារបរិស្ថាននឹងសុខភាពសាធារណៈ ក្រសួងបានសម្រេច៖
១. ពិន័យជាប្រាក់ចំនួន ២០,០០០,០០០ រៀល (ម្ភៃលានរៀល) ហើយត្រូវបង់មុនថ្ងៃទី ៣១ តុលា ២០២៥ នៅច្រកចេញចូលតែមួយរបស់ក្រសួងបរិស្ថាន។
២. រៀបចំកិច្ចសន្យាការពារបរិស្ថាន ដាក់ជូនក្រសួងពិនិត្យ និងសម្រេច មុនថ្ងៃទី ៣១ ធ្នូ ២០២៥។
៣. ស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់រឹង សំណល់រាវ សំណល់គ្រោះថ្នាក់ និងលិខិតបញ្ជាក់គុណភាពខ្យល់ក្នុងអគារ ពីក្រសួងបរិស្ថាន មុនថ្ងៃទី ២៨ វិច្ឆិកា ២០២៥។
៤. រៀបចំរោងសម្រាប់ទុកដាក់សំណល់រឹងតាមប្រភេទឱ្យបានត្រឹមត្រូវ និងដឹកជញ្ជូនចេញដោយក្រុមហ៊ុនមានអនុញ្ញាត ពីក្រសួង មុនថ្ងៃទី ២៨ វិច្ឆិកា ២០២៥។
៥. រៀបចំអាងចមោះសម្អាតសំណល់រាវពីសកម្មភាពបាញ់ថ្នាំ មុនថ្ងៃទី ៣១ ធ្នូ ២០២៥។
៦. បញ្ឈប់ភ្លាមៗនូវសកម្មភាពកាត់ម៉ាប និងជ្រៀកខ្លីនៅខាងក្រៅអគារផលិតកម្ម។
៧. ផ្ទេរទីតាំងសិប្បកម្មទៅកន្លែងឆ្ងាយពីតំបន់លំនៅដ្ឋានប្រជាពលរដ្ឋ។
៨. រៀបចំបុគ្គលិកទទួលខុសត្រូវផ្នែកបរិស្ថានប្រចាំសិប្បកម្ម។
យ៉ាងណាមិញ ក្រសួងបរិស្ថានបានបញ្ជាក់ថា ប្រសិនបើមិនអនុវត្តតាមសេចក្តីសម្រេចខាងលើ នឹងធ្វើវិធានការច្បាប់បន្ថែម និងផ្អាកសកម្មភាពផលិតកម្មជាបណ្តោះអាសន្ន។ ដោយឡែកក្រសួងបរិស្ថានក៏ស្នើរដល់ម្ចាស់សិប្បកម្ម និងអ្នកពាក់ព័ន្ធអនុវត្តតាមសេចក្តីសម្រេចនេះយ៉ាងតឹងរឹង ដើម្បីការពារបរិស្ថាន និងសុខភាពសាធារណៈផងដែរ។
ប្រភព៖ Ministry of Environment













