ការពិតដ៏អស្ចារ្យទាំង៧យ៉ាងអំពីប្រាសាទអង្គរវត្ត


ដោយ៖​ ផាត់ គឹមឆែ

ប្រាសាទអង្គរវត្ត គឺជាវិមានសាសនាដ៏សំខាន់បំផុតមួយនៅលើពិភពលោក និងជាចំណុចលេចធ្លោនៃប្រវត្តិសាស្ត្រកម្ពុជា។  ក្រៅពីត្រូវបានគេស្គាល់ថាជានិមិត្តរូបនៃសាសនា តំបន់ប្រាសាទដ៏ធំមួយនេះក៏ជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ខ្មែរ និងជាគោលដៅទីមួយ នៃអ្នកទេសចរភាគច្រើន នៅពេលទៅលេងប្រទេសកម្ពុជា។  មិនថាអ្នកមានគម្រោងទៅទស្សនា ឬគ្រាន់តែចង់ដឹងអំពីទីតាំងដ៏ពិសិដ្ឋដែលមានអាយុកាលជិត ១០០០ ឆ្នាំនេះក៏ដោយ ទាំងនេះគឺជាការពិត ៧យ៉ាងដែលអ្នកគួរដឹង អំពីប្រាសាទអង្គរវត្ត។

១. ប្រាសាទអង្គរវត្តជាបូជនីយដ្ឋានសាសនាធំជាងគេបំផុតនៅលើពិភពលោក

ប្រាសាទអង្គរមានកម្ពស់ ៦៥ម៉ែត្រ មានផ្ទៃក្រឡាប្រហែល ២០០ ហិចតា រាងចតុកោណកែង ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និងគូ​ទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង មានប្រវែងប្រហែល ៥,៥ គីឡូម៉ែត្រ។ ផ្លូវចូលធ្វើអំពីថ្មភក់ មានប្រវែង បណ្ដោយ ២៥០ម៉ែត្រ និងទទឹង    ១២ម៉ែត្រ។ ប្រាសាទអង្គរជាទីតាំងសាសនាធំជាងគេបំផុតនៅលើពិភពលោក ថែមទាំង មានប្រាសាទតូចធំជាច្រើន ដែលរាយប៉ាយពាសពេញតំបន់អង្គរ។

២. ត្រូវបានផ្សាយសាសនាធំៗចំនួនពីរ

 ដើមឡើយប្រាសាទអង្គរវត្តកសាងឡើងដើម្បី ឧទ្ទិសដល់ព្រះព្រះវិស្ណុ ក្នុងសាសនាព្រាហ្មណ៍។ ប៉ុន្តែ ប៉ុន្មានឆ្នាំមកនេះ គឺមានការឡូកឡំគ្នា ជាមួយទ្រឹស្ដីព្រះពុទ្ធសាសនាបន្តិចម្តងៗ។ ប្រាសាទនេះត្រូវបានឧទ្ទិសសម្រាប់សាសនាទាំងពីរនាពេលបច្ចុប្បន្ននេះ ហើយត្រូវបានគេចាត់ទុកថាជាទីសក្ការៈដ៏ពិសិដ្ឋសម្រាប់ពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។

 ៣. ឈ្មោះ«អង្គរវត្ត» ប្រាប់ពីអត្ថន័យនៃប្រាសាទនេះ

ជាភាសាខ្មែរ “ អង្គរវត្ត” មានន័យថា“ ទីក្រុងវត្ត” ។ ឈ្មោះដើមគឺ ព្រះវិស្ណុលោក“Vishnuloka” មានន័យថា“ ទីជម្រកដ៏ពិសិដ្ឋរបស់ព្រះវិស្ណុ” នៅក្នុងភាសាសំស្ក្រឹត។ នៅពេលបច្ចុប្បន្ន មានប្រាសាទ  ​   ជាច្រើន នៅតែត្រូវបានរកឃើញក្នុងទីក្រុងប្រវត្តិសាស្ត្រនេះ។

៤. ត្រូវបានសាងសង់ឡើងតាមលំនាំភ្នំសុមេរុ

 នៅក្នុងទេវកថាហិណ្ឌូ ភ្នំសុមេរុ គឺជាភ្នំដ៏ពិសិដ្ឋមួយនៅចំកណ្តាលសកលលោកដែលមានកំពូលភ្នំប្រាំ។ តាមការនិទានបានបង្ហាញថាអាទិទេពធំៗទាំងបីរបស់ហិណ្ឌូមានទីតាំងនៅទីលើភ្នំនេះ គឺព្រះព្រហ្ម ជាអ្នកបង្កើតលោក ព្រះវិស្ណុជាអ្នកថែរក្សា និងព្រះសិវៈជាអ្នកបំផ្លាញលោក។ ពួកអាទិទេព ឬ ទេវតា ក៏រស់នៅលើភ្នំនេះដែរ។ ប្រាង្គសំខាន់ៗទាំង ៥ នៃប្រាសាទនេះត្រូវបានគេសាងសង់ឡើង  ​  ស្រដៀងនឹងភ្នំព្រះសុមេរុ ដែលជាទេវស្ថាននៃពួកទេវៈ។

៥. ប្រាសាទអង្គរវត្តសាងសង់ឡើងបែរទៅទិសខាងលិច

ប្រាសាទ ភាគច្រើនត្រូវបានកសាងឡើងបែរមុខទៅខាងកើត លើកលែងប្រាសាទអង្គរវត្ត។  ហេតុផលសម្រាប់បញ្ហានេះគឺការជាប់ទាក់ទងគ្នារវាងជីវិតនិងសេចក្តីស្លាប់។ គឺពេលព្រះអាទិត្យ  អស្ដង្គត នៅទិសខាងលិចនេះ គឺជានិមិត្តរូបនៃការស្លាប់ ព្រះអាទិត្យរះនៅទិសខាងកើត គឺជានិមិត្តរូបនៃជីវិតនិងអ្វីៗផ្សេងទៀត។ កាលដែលប្រាសាទអង្គរវត្តត្រូវបានបែរទៅទិសខាងលិច គេគិតថាចេតនាដើមប្រហែលជាត្រូវប្រើវាជាកន្លែងបញ្ចុះសពឬតំបន់ផ្នូររបស់ស្តេច។

៦. ក្រសោបបាន៥០% នៃទេសចរអន្តរជាតិ

តំបន់ប្រាសាទដ៏ធំ គឺជាមូលហេតុចម្បងដែលមានភ្ញៀវទេសចរអន្តរជាតិជាង ៥០% មកទស្សនាជារៀងរាល់ឆ្នាំ។  ប្រជាជនកម្ពុជាមានមោទនភាពចំពោះប្រាសាទអង្គរវត្តហើយរីករាយ ក្នុងការប្រាប់ពីរឿងរ៉ាវ និងប្រវត្តិសាស្រ្តនៃតំបន់បុរាណនេះ ទៅកាន់ភ្ញៀវទេសចរ។  ប្រជាជនកម្ពុជាពិតជាមាន    មោទនភាពក្រៃលែងក្នុងការដាក់ រូបបូជនីយដ្ឋានដ៏ពិសិដ្ឋនេះ លើទង់ជាតិនៃប្រទេសកម្ពុជា នៅឆ្នាំ ១៨៥០ ។

៧. ប្រើកម្លាំងមនុស្ស រួមទាំងសត្វដំរីជាច្រើនក្នុងការកសាង

 ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងនៅដើមសតវត្សរ៍ទី ១២ មុនពេលការមានការបង្កើតម៉ាស៊ីនគិតលេខឬឡានដឹកទំនិញទៅទៀត។ ដូចនេះសំណង់ប្រាសាទដ៏មហិមានេះ ត្រូវការកម្លាំងមនុស្សច្រើននាក់ដើម្បីសាងសង់។ ការសាងសង់ចំណាយពេលប្រហែល ៣៥ ឆ្នាំដោយប្រើកម្មករ ៣០០.០០០ នាក់និងដំរី ៦,០០០ក្បាល៕

ប្រភព៖ Big 7 Travel, ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ