|

សមាជិកព្រឹទ្ធសភាសហព័ន្ធម៉ាឡេស៊ី លើកឡើងថា លោកពិតជាមានសំណាងដែលបានធ្វើដំណើរចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានថ្មីរបស់កម្ពុជា


នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ប្រតិភូសមាជិកព្រឹទ្ធសភាសហព័ន្ធម៉ាឡេស៊ីដឹកនាំដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួបសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា។

នៅក្នុងឱកាសនោះ Mohd Hatta បានសម្តែងការអរគុណចំពោះសម្តេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងប្រតិភូបានជួបសម្តែងការគួរសម ហើយឯកឧត្តមក៏បានលើកឡើងនូវក្តីរីករាយដែលបានជួបសម្តេចតេជោសារជាថ្មី ហើយបានសរសើរអំពីភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ដែលកន្លងទៅបានដឹកនាំប្រទេសកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ជាមួយគ្នានេះឯកឧត្តមក៏បានរំលេចដោយសរសើរចំពោះភាពរីកចម្រើន និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ជាពិសេសឯកឧត្តមពិតជាមានសំណាងដែលបានធ្វើដំណើរចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានថ្មីរបស់កម្ពុជា ដែលមានភាពធំទូលាយ ដែលបញ្ជាក់ពីភាពរីកចម្រើនរបស់កម្ពុជា។

ឯកឧត្តមក៏បានសរសើរចំពោះការរីកចម្រើននៃទីក្រុងភ្នំពេញ ដែលមានការអភិវឌ្ឍរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាតែម្តង៕