លោកស្រី រស់ រតនៈ (Chef Nak)៖ ម្ហូបអាហារខ្មែរ គឺជាមរតកដ៏មានតម្លៃសម្រាប់ប្រជាជនខ្មែរ
លោកស្រី រស់ រតនៈ (Chef Nak)ដែលជាអ្នកចងក្រងសៀវភៅម្ហូបអាហារខ្មែរ សម្រាប់ឆ្លុះបញ្ចាំងពីស្នាដៃកូនខ្មែរ និងដើម្បីកសាងគុណតម្លៃ និងកិត្តយសជូនជាតិនៅក្នុងវិស័យម្ហូបអាហារ លោកស្រីបានចែករំលែកបទពិសោធ ចំណេះដឹងអំពីម្ហូបអាហារខ្មែរជាច្រើនក្នុងទស្សនៈនៃការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់លោកស្រីផ្ទាល់ដោយផ្សារភ្ជាប់ជាមួយប្រធានបទទាក់ទងនឹង “A Living Legacy of Cambodia Cuisine” ក្នុងកម្មវិធីពិព័រណ៍ផលិតផលខ្មែរថ្ងៃទី១។

ក្នុងឱកាសនោះ លោកស្រីបានមានប្រសាសន៍ថា វិស័យម្ហូបអាហារកាន់តែសិក្សាស្វែងយល់ គឺកាន់តែយល់ថា ទូលំទូលាយ និងសុីជម្រៅ ដោយរួមបញ្ចូលទាំងតំបន់ភូមិសាស្រ្ត សម័យកាល ប្រវត្តិសាស្រ្តនៃអរិយធម៌ និងវប្បធម៌នៅក្នុងការរស់នៅរបស់គ្រួសារខ្មែរនីមួយៗផងដែរ។

លោកស្រីបន្តថា ម្ហូបអាហារខ្មែរ គឺជាមរតកដ៏មានតម្លៃសម្រាប់ប្រជាជនខ្មែរ ព្រោះវាបានបន្តមកពីដូនតាបុព្វបុរសតាំងពីបុរាណ ហើយក្លាយជាអត្តសញ្ញាណសម្រាប់ខ្មែរ វាមិនត្រឹមជាអាហារប្រចាំថ្ងៃទេ ប៉ុន្តែអាចជួយបង្កើតកេរ្តិ៍ឈ្មោះ និងកត្តិយសសម្រាប់កម្ពជា ដូច្នេះ កូនខ្មែរគួរចូលរួមតាមរយៈការអភិរក្ស ការស្រាវជ្រាវ ចងក្រង ដើម្បីអាចថែររក្សាបន្តអភិវឌ្ឍតាមសម័យកាល។
Chef Nak ក៏បានបញ្ជាក់ថា ការយកវប្បធម៌ពីដូនតាគឺសំខាន់ ប៉ុន្តែត្រូវបន្ថែមស្នាដៃថ្មីៗ ដើម្បីឲ្យម្ហូបមានរូបមន្តច្បាស់លាស់ អាចផ្សព្វផ្សាយ និងអភិវឌ្ឍបន្ត។ ការចងក្រងសៀវភៅម្ហូបអាហារខ្មែរគឺជាការបញ្ជាក់ថា «ខ្មែរអាចធ្វើបាន» ពីព្រោះវាមិនត្រឹមអភិរក្សទេ ប៉ុន្តែជួយបង្ហាញសក្តានុពល និងអត្តសញ្ញាណខ្មែរនៅលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា កម្មវិធីពិព័រណ៍ផលិតផលខ្មែរ«ក្រោមប្រធានបទ៖ ខ្មែរធ្វើបាន ចូលរួម ជំរុញ គាំទ្រផលិតផលខ្មែរ» នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ គឺថ្ងៃទី២៦ ២៧ និង២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការតាំងបង្ហាញផលិតផលដ៏សម្បូរបែប រួមជាមួយបទបង្ហាញពីសំណាក់វាគ្មិនជាច្រើនរូប លើប្រធានបទជាច្រើនផងដែរ។






































