|

សារនៅ [ដដែល] នោះគឺ “ការថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងការបន្តដោះស្រាយបញ្ហាដោយខ្លួនឯង”


ឆ្ពោះទៅកាន់ការអបអរសាទរខួបកំណើតលើកទី៧០ របស់ខ្លួន កម្មាភិបាលគណបក្សប្រជាជន បានចេញសារជាបន្តបន្ទាប់ បង្ហាញនូវអារម្មណ៍ ម​នោសច្ចេតនា និងការតាំងចិត្តរបស់ខ្លួនក្នុងការបន្តគាំទ្រគណបក្ស ដែលមានចំណាស់ជាងគេមួយនេះនៅកម្ពុជា តាមបណ្តាញផ្សព្វផ្សាយយ៉ាងព្រោងព្រាត ទាំងបែបប្រពៃណី និងបែបបណ្តាញសង្គមទំនើប បើទោះបីស្ថិតក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នេះក្តី។

សាររួមមួយដែលត្រូវបានលើកឡើងជាបន្តបន្ទាប់នៅគ្រប់កាលៈទេសៈ និងបាន និងកំពុងបន្តលើកឡើងជាថ្មីសម្រាប់ការអបអរសាទរខួបលើកទី៧០ ថ្ងៃបង្កើតគណបក្សប្រជាជននោះ គឺ “ការថែររក្សាសន្តិភាព ស្ថិរភាពសង្គម និងការបន្តដោះស្រាយបញ្ហាសង្គមដោយខ្មែរខ្លួនឯង”

លោក ហ៊ុន​ ម៉ានី កម្មាភិបាលជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានសរសេរក្នុងបណ្តាញសង្គមរបស់ខ្លួនថា “អ្វីដែលសំខាន់ គឺយើងត្រូវថែររក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយដើម្បីសុខដុមនីយកម្មសង្គម” ។​ បន្ថែមពីលើសារនៃការរក្សាសន្តិភាពនេះ ថ្នាក់ដឹកនាំគណបក្សប្រជនជាច្រើនរូបផ្សេងទៀត បានបង្ហាញពីវីរភាពរបស់គណបក្សប្រជាជនកម្ពុជា តាំងពីការកកើតដំបូងក្នុងថ្ងៃទី២៨ មិថុនា ឆ្នាំ១៩៥១ រហូតដល់ការបង្កើតរណៈសិរ្ស ២ ធ្នូ ឆ្នាំ១៩៧៨ ដែលបុព្វហេតុចម្បងៗតាំងពីថ្ងៃបង្កើតបក្ស និងការតស៊ូជាបន្តបន្ទាប់ គឺធ្វើឡើងដើម្បី “សន្តិភាព” នេះឯង។

លោក ហ៊ុន​ ម៉ានី

លោកស្រី ទិត្យ សំអុន ចៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ បានបង្ហាញពីអារម្មណ៍ និងមនោសច្ចេតនារបស់លោកស្រីចំពោះការ ដែលលោកស្រីបន្តការគាំទ្រគណបក្សប្រជាជនកម្ពុជា។ លោកស្រីបានលើកឡើងថា “គ្រប់ពេលវេលា គណបក្សប្រជាជនតែងនៅជាប់ប្រជាជន និងទំនុកបម្រុងគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋដែលជួបលំបាក”។ លើសពីនេះទៅទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជន លោកស្រីបានកត់សម្គាល់នូវការអភិវឌ្ឍឥតឈប់ឈរនៅក្នុងមូលដ្ឋានរបស់លោកស្រី។

លោកស្រី ទិត្យ សំអុន

លោក លី សុន ដែលជាកម្មាភិបាលមួយរូបរបស់គណបក្ស ក៏បានឯកភាពស្រដៀងគ្នានេះដែរ ដែលថា “គ្រប់គ្រាលំបាក គណបក្សប្រជាជនតែងនៅជាមួយប្រជាជន ដែលនេះបានធ្វើឲ្យគណបក្សប្រជាជន ជាបក្សរបស់ប្រជាជនពិតៗ”។

លោក លី សុន

លោកសាស្រ្តាចារ្យបណ្ឌិត ស៊ន សំណាង ប្រវត្តិវិទូ និងជាឧត្តមក្រុមប្រឹក្សាភាសាខ្មែរ បានមានប្រសាសន៍ថា គណបក្សប្រជាជនមានតួនាទីសំខាន់ បង្កើតនូវមជ្ឈមណ្ឌលសុខដុមភាព “មហាគ្រសារខ្មែរ”។​ ប្រសាសន៍នេះ បានឆ្លុះបញ្ចាំងនូវប្រសាសន៍ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលតែងលើកឡើងជារឿយៗថា បើគណបក្សប្រជាជនឈ្នះឆ្នោត នណាៗក៏អាចរស់នៅជាមួយគណបក្សនេះបានដែរ។ ប្រសាសន៍នេះ បានឆ្លុះបញ្ជាំងយ៉ាងច្បាស់ពីការឲ្យតម្លៃលើកត្តាសុខសន្តិភាព ការរួបរួមក្រោយដំបូងខ្មែរតែមួយ ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនថា “ជាអ្វីដែលពិបាករកបានបំផុត”។

លោកសាស្រ្តាចារ្យបណ្ឌិត ស៊ន សំណាង

ប្រវត្តិសាស្រ្តបង្ហាញថា កម្ពុជាបានឆ្លងកាត់នូវសង្រ្គាមរ៉ាំរ៉ៃ ជាបន្តបន្ទាប់ ដែលឬសគល់នៃសង្រ្គាមទាំងនោះកើតចេញពីជម្លោះផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ ការជ្រៀតចូលនូវឥទ្ធិពលឈ្លានពានពីបរទេស និងការរងគ្រោះដោយសារកត្តាភូមិសាស្រ្តនយោបាយនាពេលកន្លងមក។ ដើម្បីចៀសផុតពីបញ្ហាទាំងនោះ គណបក្សប្រជាជនកម្ពុជា​ ជាបន្តបន្ទាប់តែងតែកំណត់យកកត្តាសន្តិភាព​ សាមគ្គីភាពផ្ទៃក្នុង និងស្ថិរភាពសង្គមជាមូលដ្ឋាននៃការអភិវឌ្ឍសង្គម។ និរន្តរភាពនៃសន្តិភាពនេះ អាចកើតឡើងបាន លុះណាតែកម្ពុជា អាចឈរជើងដោយខ្លួនឯង ដោះស្រាយបញ្ហាដោយខ្មែរខ្លួនឯង។   “… បញ្ហាទាំងឡាយដែលសេសសល់ គឺយើងជាខ្មែរត្រូវប្រឹងប្រែងបន្តដោះស្រាយដោយខ្លួនឯង” នេះជាការបញ្ជាក់របស់លោក ហ៊ុន ម៉ានី នៅក្នុងវីដេអូ នៃកិច្ចសម្ភាសខ្លីមួយដើម្បីចូលរួមអបអរសាទខួបកំណើតទី៧០ របស់គណបក្សប្រជាជនកម្ពុជា៕