|

«ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បដិសេធសេចក្ដីអះអាងរបស់ថៃថា អ្នកភូមិព្រៃចាន់បានទន្ទ្រានចូលទឹកដីថៃដើម្បីធ្វើការតវ៉ា»


ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបចំពោះសេចក្ដីអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសប្រទេសថៃ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ដែលបាននិយាយថា អ្នកភូមិព្រៃចាន់កម្ពុជាបានទន្ទ្រានចូលទឹកដីថៃដើម្បីធ្វើការតវ៉ា ដោយឡែកក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ និងបដិសេធការអះអាងខុសការពិតនោះ ដោយសំដៅលើចំណុចសំខាន់ៗដូចខាងក្រោម៖

១. ប្រទេសថៃមិនអាចទាមទារអធិបតេយ្យ ឬអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួន នៅលើតំបន់ដែលមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនជាផ្លូវការនោះទេ ដោយសហគមន៍ខ្មែរនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ បានរស់នៅតាំងពីមុនឆ្នាំ២០០០ មុនពេលចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នា (MOU 2000) ដែលបានកំណត់ឱ្យរក្សាស្ថានភាពដដែល រហូតដល់ការងារខណ្ឌសីមាព្រំដែនបានបញ្ចប់។

២. ការតវ៉ារបស់អ្នកភូមិកម្ពុជា ជាការឆ្លើយតបចំពោះការរំលោភបំពានលើទ្រព្យសម្បត្តិ និងផ្ទះសម្បែង រួមទាំងការដាក់របាំងបិទផ្លូវ និងការរំលោភដីស្រែចម្ការរបស់ពួកគេ។ ទោះបីមានការយល់ព្រមលើទីតាំងបង្គោលព្រំដែនលេខ៤៣ក៏ដោយ ក៏នៅតែមិនទាន់ឯកភាពលើទីតាំងបង្គោលលេខ៤២ ដែលភូមិព្រៃចាន់ស្ថិតចន្លោះនោះមករហូត។ តាមការចេញផ្សាយផែនទីដោយភាគីថៃ គឺជាការបំភ្លឺបំភាន់ និងបង្ករឱ្យមានការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរ។

៣. នៅលើដីជាក់ស្តែង មានជនជាតិថៃកាន់កាប់ និងប្រើប្រាស់ដីជាច្រើនហិកតា ហួសចូលក្នុងទឹកដីកម្ពុជា។ ដោយពិចារណាលើភាពស្មុគស្មាញទាំងនេះ កម្ពុជាបានអំពាវនាវឱ្យប្រទេសថៃ ដោះស្រាយតាមរយៈគណៈកម្មការព្រំដែនចម្រុះ (JBC) ជំនួសឱ្យការប៉ុនប៉ងអនុវត្តច្បាប់ថៃ ឬប្រើកម្លាំងបណ្ដេញប្រជាពលរដ្ឋកម្ពុជាចេញពីតំបន់

៤. ក្នុងក្របខណ្ឌអនុស្សរណៈ MOU 2000 កម្ពុជាបានធ្វើសំណើផ្លូវការជាច្រើនដង ដើម្បីឱ្យមានការកែតម្រូវតំបន់ដែលថៃរំលោភចូលក្នុងទឹកដីកម្ពុជា ប៉ុន្តែមិនទទួលបានលទ្ធផល។ដោយឡែកភាពតានតឹងបច្ចុប្បន្ន បង្ហាញថា ត្រូវមានការលើកទឹកចិត្ត និងពន្លឿនការងាររបស់គណៈកម្មការព្រំដែនចម្រុះ ដើម្បីបញ្ចប់កិច្ចការខណ្ឌសីមាព្រំដែនកម្ពុជា ថៃឲ្យបានឆាប់រហ័ស។

៥. កម្ពុជាបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ដែលបានកត់ត្រាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ និងកិច្ចប្រជុំថ្នាក់ភូមិភាគ ក្នុងខែសីហា និងកញ្ញា ឆ្នាំ២០២៥នេះ។

តាមរយៈនេះរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តរកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងក្នុងស្មារតីមេត្រីភាព ចំពោះទំនាស់ព្រំដែនជាមួយប្រទេសថៃ ដោយកម្ពុជានៅតែរក្សាជំហរជាគោលការណ៍ថា ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងអាវុធឡើយ។