|

សម្ដេចធិបតីហ៊ុន ម៉ាណែត៖ «កម្ពុជា-ថៃ រៀបចំកិច្ចប្រជុំ JCTF លើកទី១ តាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាការដោះមីន តាមបណ្តោយព្រំដែន និងធានាមិនប៉ះពាល់ដល់ខ័ណ្ឌសីមា ព្រំដែន»


កិច្ចប្រជុំលើកទី១ របស់ក្រុមការងារសម្របសម្រួលចម្រុះ (Joint Coordinating Task Force – JCTF) កម្ពុជា-ថៃ ស្តីពីកិច្ចការងារ ដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (VTC) នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ និងបានបញ្ចប់នៅម៉ោង ១០ និង៤០ នាទី។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានប្រកាសសមាសភាពក្រុមការងារ និងបានធ្វើការផ្លាស់ប្តូរឯកសារនិយាមនីតិវិធីប្រតិបត្តិ (SOP) សម្រាប់ដំណើរការការងាររបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ ដើម្បីបន្តពិភាក្សា។ សហប្រធានភាគីកម្ពុជានៃក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ក៏បានបញ្ជាក់ជាថ្មីថា រាល់សកម្មភាពដោះមីនមនុស្សធម៌ មិនត្រូវប៉ះពាល់ដល់ការវាស់វែង និងការខ័ណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរឡើយ ដែលកិច្ចការងារព្រំដែននេះស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែន (Joint Boundary Commission – JBC) កម្ពុជា-ថៃ។

គួររំលឹកថា កិច្ចប្រជុំដ៏សំខាន់នេះ ត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃលទ្ធផលកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (General Border Committee – GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា។