ប្រធានអាស៊ាន ហៅទូរសព្ទទៅនាយករដ្ឋមន្ត្រីថៃ ដើម្បីអញ្ជើញទៅទស្សនកិច្ចនៅម៉ាឡេស៊ី


នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបង្ហោះនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃព្រហស្បតិ៍ថា លោកបានទូរស័ព្ទជជែកជាមួយនាយករដ្ឋមន្ត្រីថៃ ឯកឧត្តម Anutin Charnvirakul។

លោក អាន់វ៉ា បានឲ្យដឹងថា ការជជែកលើកនេះ មានគោលបំណងរៀបចំដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ថៃទៅកាន់ប្រទេសម៉ាឡេស៊ី បន្ទាប់ពីលោក Anutin បានចូលកាន់តំណែងជាផ្លូវការ។

ក្នុងឱកាសនោះ ប្រធានអាស៊ានបានលើកឡើងអំពីស្ថានការណ៍ចុងក្រោយនៅតំបន់ព្រំដែនកម្ពុជា ថៃ ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព និងការជៀសវាងភាពតានតឹង។ លោកបានបន្ថែម និង ផ្តល់អនុសាសន៍ឱ្យបញ្ហាដែលកើតឡើងនេះ ត្រូវដោះស្រាយតាមរយៈតុចរចា ជាពិសេសតាមរយៈកិច្ចប្រជុំគណៈកម្មាធិការព្រំដែនរួម (JBC)។

ដោយឡែកលោក អាន់វ៉ា បានបន្ថែមថា ម៉ាឡេស៊ីជឿជាក់ លើស្មារតីនៃកិច្ចសន្ទនា ការទូត និងការយោគយល់គ្នា គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

គួរបញ្ជាក់ផងដែរថា លោក អាន់វ៉ា អ៊ីប្រាហ៊ីមបានធ្វើការទូរស័ព្ទទៅនាយករដ្ឋមន្រ្តីថៃឲ្យចូលរួមទស្សនៈកិច្ចនៅម៉ាឡេសុីកាលពីយប់ថ្ងៃព្រហស្បត្តិ៍ ដោយការអញ្ជើញនេះកើតឡើងបន្ទាប់ពីរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញការពិតនូវអំពើឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ នៅមហាសន្និបាតអាយប៉ា លើកទី៤៦ ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី នាព្រឹកថ្ងៃទី១៨ កញ្ញា ២០២៥ នេះ”។

ប្រភព៖ Khaosod