សម្តេចតេជោ ហ៊ុន សែន ត្រៀមទទួលប្រធានាធិបតីបារាំង មកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥
នៅវិមានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ នឹងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នឹងពិភាក្សាការងារ។

សម្តេចបានលើកឡើងថា ការអញ្ជើញមកកាន់ប្រទេសកម្ពុជាឆាប់រហ័សរបស់ឯកឧត្តម ក្នុងឋានៈជាឯកអគ្គរដ្ឋទូតថ្មី ក្រោយពីឯកឧត្តមឯកអគ្គរដ្ឋទូតចាស់បានចប់បេសកកម្ម គឺជាការបង្ហាញយ៉ាងច្បាស់ អំពីការផ្តល់តម្លៃរបស់បារាំង ចំពោះទំនាក់ទំនងរវាងកម្ពុជា នឹងបារាំង ហើយសម្តេចសង្ឃឹមថា វត្តមានរបស់ឯកឧត្តម ក្នុងនាមជាឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា នឹងញ៉ាំងឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែរីកចម្រើនបន្តទៀត ។

នៅក្នុងឱកាសនោះឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីរបស់បារាំង បានសម្តែងនូវក្តីអរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យឯកឧត្តម នឹងសហការី បានជួបសម្តែងការគួរសមក្នុងឱកាសនេះ ហើយឯកឧត្តម ក៏បានបង្ហាញក្តីរីករាយ ដែលឃើញទំនាក់ទំនងរវាងកម្ពុជា នឹងបារាំង មានភាពល្អប្រសើរ នឹងភាពរីកចម្រើនជាបន្តបន្ទាប់ ។ ឯកឧត្តម RICHARD ក៏បានជម្រាបសម្តេចតេជោ ពីការត្រៀមខ្លួនរបស់ឯកឧត្តម ក្នុងការរៀបចំនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង មកកម្ពុជា នៅក្នុងឆ្នាំ២០២៦ ខាងមុខ ហើយឯកឧត្តមឯកអគ្គរដ្ឋទូតសង្ឃឹមថា វត្តមានរបស់លោកប្រធានាធិបតីបារាំង នៅកម្ពុជានាពេលខាងមុខនេះ នឹងញ៉ាំងឱ្យទំនាក់ទំនងកម្ពុជា-បារាំង កាន់តែរីកចម្រើន ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីពេញចិត្ត ហើយក៏ត្រៀមដើម្បីទទួលនូវវត្តមានរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង មកកាន់ព្រះរាជាណាចក្រកម្ពុជា ។ សម្តេចក៏បានលើកឡើងអំពីទំនាក់ទំនង រវាងកម្ពុជា នឹងបារាំង ដោយសម្តេចបានបង្ហាញនូវការពេញចិត្ត ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចម្រើន នឹងការវិវត្តជាបន្តបន្ទាប់ ។
បន្ថែមលើសនេះ សម្តេចតេជោ ក៏បានរំលេចឱ្យភាគីទាំងពីរ បារាំង នឹងកម្ពុជា ត្រូវធ្វើការងារបន្ថែមទៀតក្នុងការពង្រីកសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយគ្នា ឱ្យកាន់តែរីកចម្រើនជាងពេលបច្ចុប្បន្ន ដោយសម្តេចចង់ឃើញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើង ។
ចំពោះបញ្ហាពាក់ព័ន្ធទៅនឹងស្ថានភាពព្រំដែនរវាងកម្ពុជា នឹងថៃ សម្តេចតេជោ បានបញ្ជាក់ទៅឯកឧត្តមឯកអគ្គរដ្ឋទូត ដោយស្នើឱ្យបារាំង យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការតាមដានអំពីស្ថានការណ៍រវាងព្រំដែនកម្ពុជា នឹងថៃ ជាពិសេស គឺការជំរុញឱ្យភាគីទាំងពីរ អនុវត្តនូវបទឈប់បាញ់ឱ្យបានពេញលេញ ដោយសម្តេចតេជោ បានបញ្ជាក់ទៅកាន់ឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មីរបស់បារាំងថា បទឈប់បាញ់នេះ នៅតែមានភាពផុយស្រួយ ហើយអ្វីដែលកម្ពុជា ចង់ឃើញចង់បាននោះ គឺមិនចង់ឱ្យបារាំងទៅថ្កោលទោសប្រទេសណាទេ ក៏ប៉ុន្តែគ្រាន់តែបារាំងខិតខំជំរុញឱ្យភាគីទាំងពីរ មានការអត់ធ្មត់ខ្ពស់ ដើម្បីអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ នឹងវិលមករកប្រក្រតីភាពឡើងវិញ។




















