|

ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យ ហង់ ជួនណារ៉ុន៖ មានតែការសិក្សាមួយគត់ដែលនឹងនាំឱ្យយើងរួចចាកផុតពីភាពក្រីក្រលំបាក


នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នានាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភី បញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង នៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា។

ក្នុងឱកាសនេះ ឯកឧត្តមបានចូលរួមអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ ដែលបញ្ចប់ការសិក្សាគ្រប់កម្រិតដោយជោគជ័យ និងបានផ្ដល់នូវអនុសាសន៍ផ្ដាំផ្ញើថា មានតែការសិក្សាមួយគត់ដែលនឹងនាំឱ្យយើងរួចចាកផុតពីភាពក្រីក្រលំបាក ដូចឃ្លាមួយថា «បើយើងឈប់រៀនដោយសារក្រ នោះយើងនឹងក្រមួយជីវិត» «បើយើងឈប់រៀនដោយសារខ្លាចលំបាក នោះយើងនឹងលំបាកមួយជីវិត»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យចូលរួមបំផុសស្មារតីប្រជាជនគ្រប់រូបឱ្យមានឧត្តមគតិស្រឡាញ់ការសិក្សា ដើម្បីជាទុនក្នុងការកែប្រែជោគវាសនាខ្លួន និងលើកកម្ពស់ធនធានមនុស្សឱ្យកាន់តែល្អប្រសើរពីមួយជំនាន់ទៅមួយជំនាន់។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យនិស្សិតទាំងអស់ ខិតខំរៀនសូត្របន្តទៀត ដើម្បីនាំមកនូវសមិទ្ធផលថ្មីៗជូនសង្គមជាតិ ក្រុមគ្រួសារ និងខ្លួនឯងផ្ទាល់ ដូចប្រសាសន៍សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ដែលលើកឡើងថា «គ្មានទេទីបញ្ចប់នៃការសិក្សា»។