|

សារៈសំខាន់របស់បច្ចេកវិទ្យាសម្រាប់និស្សិតនៅថ្នាក់មហាវិទ្យាល័យគ្រប់បរិបទ


ដោយ៖ សន ស្រីពេជ្រ

នៅថ្នាក់មហាវិទ្យាល័យ គឺពុំអាចខ្វះបានទេនូវបច្ចេកវិទ្យាដែលក្នុងនោះមានដូចជា Computer, Laptop, Smart Phone,…. ព្រោះថាឧបករណ៍ទាំងនេះ វាជំនួយដល់ការសិក្សាមួយកម្រិតផងដែរដូចជា ធ្វើកិច្ចការសាលា ការស្រាវជ្រាវ ជាដើម។ ក្នុងយុគសម័យDigital នាសតវត្សទី២១នេះ គឺរឹតតែពុំអាចខ្វះបានឡើយនូវប្រព័ន្ធអេឡិចត្រូនិចនេះ។ ចង់ដឹងថា តើបច្ចេកវិទ្យាមានតួនាទី និងសំខាន់យ៉ាងណានោះសម្រាប់និស្សិតនៅថ្នាក់មហាវិទ្យាល័យ BRANDMEDIA មានកិត្តិយសនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នាមកចួបជាមួយនឹងយុវនិស្សិតមួយរូប។

លោក អុល ធាវ៉ា ជាយុវនិស្សិតឆ្នាំទី៣ ផ្នែកវិស្វកម្មបច្ចេកវិទ្យាព័ត៌មាន នៅមហាវិទ្យាល័យវិស្វកម្ម នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកក៏ជា ICT Assistant ក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។ លោកបានមានប្រសាសន៍ថា ៖ «បច្ចេកវិទ្យា គឺមានតួនាទីយ៉ាងសំខាន់ក្នុងវិស័យអប់រំក៏ ដូចជានៅក្នុងបដិវត្តន៍ឧស្សាហកម្ម ​៤.០ ជាមួយនឹងការបញ្ចូលនូវបច្ចេកវិទ្យាទៅក្នុងសាលារៀន។»

យុវនិស្សិតខាងលើបន្តថា៖ «គោលបំណងដែលសំខាន់ គឺដើម្បីផ្លាស់ប្តូររបៀបសិក្សាឲ្យមានភាពល្អប្រសើរជាងមុន។ ក្នុងបរិបទកូវីដ-១៩ នេះផងដែរបច្ចេកវិទ្យាគឺពិតជាមិនអាចខ្វះបាន និង​បានជួយសម្រួលដល់និស្សិត និងគ្រូបង្រៀនតាមរយៈការសិក្សាពីចម្ងាយជាមួយនឹងឧបករណ៍ឆ្លាតវៃដូចជា Smart Phone, Desktop, Laptop, Tablet នឹងរួមទាំងកម្មវិធីជំនួយដូចជា Microsoft Teams, Zoom, Meet… ជាដើម។ សម្រាប់តួនាទីរបស់បច្ចេកវិទ្យាចំពោះនិស្សិតមានដូចជា ៖

  • ឱកាសសិក្សាផ្ទាល់ខ្លួន ឬ ស្វ័យសិក្សា៖ តាមរយៈការសិក្សាពីចម្ងាយដោយប្រើប្រាស់ ទូរស័ព្ទដៃ ឬកុំព្យូទ័រ និងបន្ទាប់ពីសិក្សារួចនិស្សិតអាចមើល​ Video recorded​ មេរៀនឡើងវិញបាននូវអ្វីដែលពួកគេមិនទាន់ច្បាស់បានគ្រប់ពេល។ ជាពិសេសចំពោះនិស្សិត IT (Information Technology) គឺពិតជាត្រូវការកុំព្យូទ័រចាំបាច់ណាស់ក្នុងការសរសេរកូដ និងស្រាវជ្រាវ​ឯកសារផ្សេងៗនៅលើInternet។
  • បង្កើនការសហការ និងទំនាក់ទំនង ៖ បច្ចេកវិទ្យាសព្វថ្ងៃ គឺពិតជាបានជួយបង្កើនភាពស្និទ្ធស្នាលទំនាក់ទំនងរវាងគ្រូហើយនឹងសិស្សបានយ៉ាងល្អជាងមុន។​ ជាពិសេសបច្ចេកវិទ្យាគឺជួយបង្កើនការសហការនៅក្នុងក្រុមបានកាន់តែមានប្រសិទ្ធភាពជាងមុន​ ដោយពីមុនការធ្វើកិច្ចការជាក្រុម គឺត្រូវមានការជួបគ្នានៅសាលាឬនៅកន្លែងផ្សេងៗ ដើម្បីធ្វើProject ​ឬ​Assignment។ តែបច្ចុប្បន្នដោយមានបច្ចេកវិទ្យាជំនួយច្រើននិស្សិតអាចធ្វើកិច្ចការបានទាន់ពេល​ និងមានប្រសិទ្ធភាព​​តាមរយៈ Online ដោយការផ្ញើកិច្ចការធ្វើបន្តគ្នា និងVideo Conference ដើម្បីជជែកគ្នាពីអ្វីដែលត្រូវធ្វើ។
  • ការរៀននៅក្នុងថ្នាក់​ និងពិសោធន៍ ៖ បច្ចុប្បន្ន គឺមានProjector ដែលងាយស្រួលក្នុងការរៀន និងការធ្វើបទបង្ហាញ រួមទាំងការងារផ្សេងៗយើងអាចធ្វើជូនគ្រូ​តាមរយៈ​Microsoft Word, Excel​, PDF, PowerPoint និងកម្មវិធីជាច្រើនទៀត។ ការពិសោធនៅក្នុងLab ​​បច្ចេកវិទ្យាក៏ដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួល និងទទួលបាននូវលទ្ធផលជាងពេលដែលយើងប្រើប្រាស់ដោយដៃសុទ្ធ និងឧបករណ៍មិនទំនើប​ ដោយនិស្សិតអាចប្រើប្រាស់បច្ចេកវិទ្យាទំនើបផ្សេងៗដើម្បីជាជំនួយដល់ពួកគេ។»

ជាចុងក្រោយបច្ចេកវិទ្យាគឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំងចំពោះវិស័យអប់រំក៏ដូចជានិស្សិតផងដែរ តែក៏មានផលប៉ះពាល់ខ្លះដែរនៅពេលដែរយើងយកទៅប្រើប្រាស់ផ្លូវខុសដូចជា លេងហ្គេម, លេងបណ្ដាញសង្គម​ និងមើលរឿងលើសដែនកំណត់ជាដើម ដែលនេះជាកត្តាហានិភ័យជះឥទ្ធិពលទៅលើពេលវេលាជាមួយគ្រួសារ និងការសិក្សា។ ចូរចងចាំថាអ្វីៗទាំងអស់គឺស្ថិតនៅលើចង្អុលដៃយើងទាំងអស់គ្នា សូមប្រើប្រាស់ដោយការប្រុងប្រយ័ត្ន។ សង្ឃឹមថាការចែករំលែកមួយនេះនឹងមានគុណប្រយោជន៍ដល់មិត្តអ្នកអានឱ្យបានឈ្វេងយល់ច្បាស់ពីសារៈប្រយោជន៍របស់បច្ចេកវិទ្យា ព្រោះសង្គមយើងពុំអាចខ្វះបានទេនូវបច្ចេកវិទ្យា៕

កែសម្រួលដោយ៖ BRANDMEDIA