គួរត្រៀមលក្ខណៈសម្បត្តិអ្វីខ្លះ មុនពេលបញ្ចប់ថ្នាក់បរិញ្ញាបត្រ?
ដោយ៖ ផាត់ គឹមឆែ
រយៈពេលបួនឆ្នាំជានិស្សិតសាកលវិទ្យាល័យ និស្សិតគ្រប់រូបបានសិក្សាទៅតាមមុខជំនាញដែលខ្លួនបានជ្រើសរើស ដើម្បីឈានជើងទៅប្រឡូកក្នុងការងារដែលត្រូវនឹងជំនាញរបស់ខ្លួន។និស្សិតត្រូវប្រាកដចិត្តថា ក្រោយពេលចប់បរិញ្ញាបត្របួនឆ្នាំ ពួកគេនឹងអាចងាយស្រួលក្នុងការឈានទៅរកគោលដៅរបស់ខ្លួន។ ដូចនេះ តើនិស្សិតគួរត្រៀមលក្ខណៈសម្បត្តិអ្វីខ្លះមុនពេលបញ្ចប់ថ្នាក់បរិញ្ញាបត្រហើយបោះជំហានចូលទៅក្នុងសង្គមការងារ?
ជាក់ស្ដែង លោក ហាវ ចន្ថា ជាអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក អភិវឌ្ឍសេដ្ឋកិច្ច នៅឆ្នាំ២០១៩ បច្ចុប្បន្នជាបុគ្គលិកបម្រើការ នៅក្នុងក្រុមហ៊ុនឯកជនមួយ និងមានអាជីវកម្មផា្ទល់ខ្លួនចែកចាយបន្តនៅលើទីផ្សារ និងផ្ដល់សេវាប្រឹក្សាយោបល់ស្ដីពីអាជីវកម្ម បានចែករំលែកក្នុងបទសម្ភាសន៍ជាមួយ BRANDMEDIA ថា និស្សិតគួរត្រៀមនូវលក្ខណៈសម្បត្តិដូចខាងក្រោម៖
«១. ត្រូវស្វែងយល់អំពីបរិបទថ្មីៗដែលធ្លាប់បានសិក្សា និងក្នុងសង្គមជាក់ស្ដែងដែលកើតមាន កន្លងមក ព្រោះវាជាផ្នែកមួយដ៏សំខាន់ដែលធ្វើឲ្យយើងមានចំណេះដឹង ទូលំទូលាយ លើបញ្ហា និងដំណោះស្រាយសង្គម ដើម្បី សម្របខ្លួនឲ្យបានត្រឹមត្រូវ។
២. ត្រូវសិក្សាស្វែងយល់ពីចំណង់ចំណូលចិត្ត និងភាពខ្លាំងរបស់ខ្លួនថាតើអ្វីដែលយើងទទួលបានពិតប្រាកដ ដូចនេះយើងនឹងអាចឈានជើងចូលទៅការងារមួយដែលត្រូវនឹងជំនាញ និងចំណង់ចំណូលចិត្តរបស់យើង»។
៣. ត្រូវត្រៀមខ្លួនជាមុន ឬអភិវឌ្ឍន៍ខ្លួនឯងឲ្យខ្លាំងទាំងបទពិសោធន៍ ជំនាញទំនាក់ទំនង ចំណេះដឹងភាសាបរទេស និងតិកនិកមួយចំនួន។ ចំណេះដឹងវាពិតជាសំខាន់ណាស់ដែលវានឹងធ្វើឲ្យការសិក្សារបស់យើងបញ្ចប់ទៅ ប្រកបដោយផ្លែផ្កា និងជោគជ័យ ទាំងឱកាសការងារ និងអាជីវកម្មផងដែរ»។ លោកបានបន្តទៀតថា « ចំណេះដឹង ជំនាញដែលចេះពិតប្រាកដ ដែលសិស្ស និស្សិតទទួលបានពីឯកទេស ដែលយើងបានសិក្សានៅសាកលវិទ្យាល័យវាពិតជាសំខាន់ណាស់សម្រាប់ពួកគាត់ ព្រោះវាមានឥទ្ធិពលខ្លាំងណាស់ទៅលើ វិស័យការងារ និងការប្រកបអាជីវកម្ម ក្រោយពេលបញ្ចប់ថ្នាក់បរិញ្ញាបត្រ»។
កញ្ញា ឡុង សុផានីម៖ «នាងខ្ញុំ ជាអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាផ្នែកអក្សរសាស្រ្តខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សព្វថ្ងែកំពុងបម្រើការងារជាគ្រូបង្រៀននៅសាលារៀនសុវណ្ណភូមិ និង កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំនៅសាកលវិទ្យាល័យភូមិន្ទផងដែរ។ ក្នុងនាមជានិស្សិតដែលធ្លាប់បានឆ្លងកាត់ការប្រឡងថ្នាក់បរិញ្ញាបត្រហើយដែលនោះ ខ្ញុំមានបទពិសោធន៍ខ្លះៗ សម្រាប់ចែករំលែក ក្នុងការត្រៀមលក្ខណៈសម្បត្តិ មុនបញ្ចប់ថ្នាក់បរិញ្ញាបត្រ។
១. យើងត្រូវមានបទពិសោធន៍ ចូលរួមជាមួយការងារសង្គមនានា ឬការងារស្ម័គ្រចិត្តជាដើម ដើម្បីបានយល់ដឹងជាទូទៅនៃរចនាសម្ព័ន្ធការងារ និងបានជាបទពិសោធន៍ជួយយើងដើម្បីឆ្ពោះទៅរកគោលដៅធំរបស់យើង។
២. ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍចំណេះដឹងបន្ថែមទៀត ពោលគឺសិក្សាស្រាវជ្រាវបន្ថែមដោយខ្លួនឯង រិះរកគំនិតថ្មីៗ ពង្រឹងសមត្ថភាពខ្លួនឯងឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូចពាក្យមួយឃ្លាពោលថាការសិក្សាពេញមួយជីវិតរបស់យើង ដើម្បីប្រាកដចិត្តថាសមត្ថភាពរបស់យើងរឹងមាំល្មមអាចបម្រើការងារណាមួយ ស្របតាមចំណូលចិត្តរបស់យើងបាន។
៣. ត្រូវមានភាពជាអ្នកដឹកនាំ គឺបណ្ដុះភាពក្លាហាន ដើម្បីហ៊ានសម្រេចចិត្ត និងដឹកនាំខ្លួនឯងទៅរកភាពជោគជ័យ។ អ្វីដែលសំខាន់គឺ អាចដឹកនាំអ្នកដទៃឲ្យទទួលបានអ្វីដែលល្អៗ តួយ៉ាងជាសកម្មភាពដែលខ្ញុំតែងបានផ្សាភ្ជាប់ ក្នុងនាមជាគ្រូបង្រៀនម្នាក់ផងដែរ។ ដូចនេះកាលណា យើងបានត្រៀមខ្លួនរួចជាស្រេច វានឹងមានភាពងាយស្រួលសម្រាប់យើងក្នុងឈានជើងទៅរកការងារដែលយើងស្រឡាញ់។
យុវនិស្សិត ស៊ឹង រឹទ្ធី បច្ចុប្បន្នកំពុងត្រៀមប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញគណិតវិទ្យាបានឲ្យដឹងថា៖ « សម្រាប់ខ្ញុំយល់ថា មុនបញ្ចប់ថ្នាក់បរិញ្ញាបត្រ និស្សិតគ្រប់រូបគប្បី៖
១. មានចំណេះដឹងគ្រប់គ្រាន់ តាមរយៈការអនុវត្តការសិក្សាស្រាវជ្រាវផ្សេងៗ ពង្រឹងសមត្ថភាពឲ្យត្រូវនឹងគោលដៅដែលយើងចង់បាន។ ជាក់ស្ដែងនៅថ្ងៃអនាគតខ្ញុំចង់ធ្វើជាគ្រូបង្រៀនដូច្នេះមុនពេលបញ្ចប់ថ្នាក់បរិញ្ញាបត្រហើយឈោងចាប់ការងារក្នុងក្ដីស្រមៃរបស់ខ្ញុំ ខ្ញុំដាច់ខាតត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដូចជា ដុសខាត់ចំណេះដឹងដែលទទួលបានរយៈពេល៤ឆ្នាំមកនេះ។
២. បូករួមជាមួយបទពិសោធន៍ ក្នុងការប្រឡងនានាដើម្បីជាគន្លឹះក្នុងការរៀបចំខ្លួនឲ្យបានរួចរាល់ ដើម្បីប្រាកដចិត្តថាខ្ញុំពិតជាអាចធ្វើបាន»។
៣. មានឆន្ទៈនិងទំនុកចិត្ត កាលណាយើង យល់ពីអ្វីដែលជាតម្រូវការរបស់ខ្លួនឯង ក៏ដូចជាសង្គម មានការតាំងចិត្តក្នុងការអភិវឌ្ឍខ្លួនដើម្បីសម្រេចក្ដីស្រមៃជាការមួយដ៏ប្រសើរ និងជាការរៀបចំខ្លួនរួចជាស្រេចមុនពេលបញ្ចប់ឈ្មោះជានិស្សិតរបស់អ្នក។
ចំណេះដឹង បទពិសោធន៍ ជំនាញក្នុងការប្រាស្រ័យទាក់ទង និងអ្វីដែលជាតម្រូវការចាំបាច់នៃនិស្សិតក្រោយពេលបញ្ចប់ថ្នាក់បរិញ្ញាបត្រ ពិតជាសំខាន់ណាស់ បើសិនរយៈពេលបួនឆ្នាំ អ្នកបានត្រៀមខ្លួនឲ្យបានរួចរាល់លើចំណុចទាំងអស់ខាងលើ វាក៏ជាកត្តាក្នុងការកំណត់ភាពជោគជ័យរបស់និស្សិត ម្នាក់ៗ ក្រោយបញ្ចប់ការសិក្សាបានផងដែរ៕
កែសម្រួលដោយ៖ BRANDMEDIA