ក្រុមហ៊ុននាំចេញ និងអាជីវកម្មតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ាប្រឈមនឹងវិបត្តិធ្ងន់ធ្ងរ បន្ទាប់ពីអាជ្ញាធរមីយ៉ាន់ម៉ាបានបិទច្រកព្រំដែនដោយគ្មានការព្រមានជាមុន


វិធានការនេះបង្កឲ្យការលំហូរទំនិញត្រូវបញ្ឈប់ និងគំរាមកំហែងដល់ពាណិជ្ជកម្មដែលមានតម្លៃប្រមាណ ១៣០ ពាន់លានបាត។ ស្ពានទីពីរគឺជាផ្លូវចម្បងសម្រាប់ការនាំចូលនាំចេញទ្រង់ទ្រាយធំ ខណៈស្ពានទីមួយនៅតែបើកសម្រាប់អ្នកថ្មើរជើង និងពាណិជ្ជកម្មក្នុងស្រុកតូចៗ។

ក្នុងការឆ្លើយតប សភាពាណិជ្ជកម្មតាកបានកោះប្រជុំបន្ទាន់ ដើម្បីស្នើឱ្យក្រសួងពាណិជ្ជកម្មថៃចរចាជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា។ ទោះជាយ៉ាងណា ស្ថានការណ៍កាន់តែស្មុគស្មាញ ព្រោះអាជ្ញាធរថៃបានកំណត់ឱ្យមានការជូនដំណឹងជាមុន ២ ថ្ងៃសម្រាប់ទំនិញនាំចេញទាំងអស់ និងត្រូវឲ្យមន្ត្រីយោធា រដ្ឋបាល និងគយត្រួតពិនិត្យ។ ម្ចាស់អាជីវកម្មបារម្ភថា វានឹងបង្កការពន្យារពេល និងខូចខាតទំនិញ ដល់ថ្នាក់អាចប៉ះពាល់ដល់ប្រព័ន្ធពាណិជ្ជកម្មតាមព្រំដែនទាំងមូល។

ចំពោះទិន្នន័យពីគយ Mae Sot បង្ហាញថា តម្លៃនៃការនាំចេញរបស់ថៃទៅកាន់មីយ៉ាន់ម៉ាធ្លាក់ចុះយ៉ាងខ្លាំង ពីជិត ៥០ ពាន់លានបាតក្នុងមួយត្រីមាស មកត្រឹមតែជាង ១០ ពាន់លានបាត។ សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ តម្លៃពាណិជ្ជកម្មសរុបឈានដល់ ១៣៣.៦ពាន់លានបាត កើនឡើង ៧៨.៩៤% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ កំណើននេះបានជំរុញដោយការកើនឡើងនៃការនាំចូល ១៤២.៣៤% ជាចម្បងជា រ៉ែ antimony ខណៈការនាំចេញវិញបានធ្លាក់ចុះ ២១.៣៤%។

ដោយឡែកទំនិញនាំចេញសំខាន់របស់ថៃរួមមានទូរសព្ទដៃ ម៉ូតូ និងប្រេងដូង ខណៈការនាំចូលពីមីយ៉ាន់ម៉ាមានរ៉ែ antimony ជាចម្បង បន្ទាប់មកជាម្ទេសស្ងួត និងស្រស់។ ទិន្នន័យក៏បង្ហាញថា ពាណិជ្ជកម្មក្រៅផ្លូវការមានអត្រាខ្ពស់ ដោយ ៦៨.៧១% នៃការនាំចូល និង ៦១.៨៥% នៃការនាំចេញកើតឡើងក្រៅបណ្តាញផ្លូវការ។ ការបិទស្ពានទីពីរនេះត្រូវបានរំពឹងថានឹងរំខានបន្ថែមទៀតដល់ពាណិជ្ជកម្មក្រៅផ្លូវការ និងប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងស្រុកទាំងពីរភាគី។

ប្រភព៖ The Straits times.