លោក Trump ចាប់ផ្តើមផែនការពង្រាយកងកម្លាំងឆ្នាំជាតិក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្ក្រាបឧក្រិដ្ឋកម្ម
កម្លាំងកងទ័ពឆ្មាំជាតិរបស់ Trump បានចាប់ផ្តើមដាក់ពង្រាយនៅទីក្រុងវ៉ាស៊ីនតោន ជាមួយរថយន្តយោធាចំនួនប្រាំក្បែរ វិមាន Washington ដើម្បីគាំទ្រផែនការបង្ក្រាបឧក្រិដ្ឋកម្ម។ អភិបាលក្រុង Muriel Bowser និងមេប៉ូលីស Pamela Smith បានជួបជាមួយអគ្គមេធាវី Pam Bondi និងមន្ត្រីសហព័ន្ធ ដោយផ្តោតលើការប្រើប្រាស់ធនធានសហព័ន្ធឱ្យមានប្រសិទ្ធភាព។ ការដាក់ពង្រាយរួមមានសមាជិកឆ្មាំជាតិប្រហែល ៨០០ នាក់ និងភ្នាក់ងារសហព័ន្ធប្រហែល ៥០០ នាក់ ដែលមួយចំនួនបានចាប់ផ្តើមល្បាតជើងពីចុងសប្តាហ៍មុន។

ខណៈនោះលោក Trump បានពណ៌នាពីទីក្រុងវ៉ាស៊ីនតោនថាជាតំបន់ឧក្រិដ្ឋកម្មខ្ពស់ ទោះបីស្ថិតិបង្ហាញថា អត្រាបានធ្លាក់ចុះក្នុងពីរឆ្នាំចុងក្រោយ។ ក្រុមការងារសហព័ន្ធបានចាប់ខ្លួនមនុស្ស ២៣ នាក់នៅយប់ថ្ងៃចន្ទ និង F.B.I. ចូលរួមចាប់ខ្លួន ១០ នាក់ក្នុងដំណាក់កាលដំបូង។ លោកស្រី Leavitt ពន្យល់ថា រដ្ឋបាល Trump នឹងបន្តចាប់ខ្លួនអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មហឹង្សា និងសម្អាតជំរុំគ្មានផ្ទះសម្បែង ដោយផ្តល់សេវាសុខភាព និងជម្រក ប៉ុន្តែប្រសិនបើបដិសេធ អាចទទួលទណ្ឌកម្ម។ មន្ត្រីសហព័ន្ធក៏បានជំរុញឱ្យផ្លាស់ប្តូរក្បួនច្បាប់ពាក់ព័ន្ធនឹងទោសអនីតិជនសម្រាប់ឧក្រិដ្ឋកម្មហឹង្សា។
ចំពោះអភិបាល Bowser បានរិះគន់ការដាក់ពង្រាយថាជា “ការជំរុញបែបផ្តាច់ការ” និងជាការឈ្លានពានលើស្វ័យភាពទីក្រុង ដោយបដិសេធការពិពណ៌នាទីក្រុងថាគ្មានសុវត្ថិភាព។ អ្នកតស៊ូមតិប្រឆាំងឧក្រិដ្ឋកម្មដូចជា Clinique Chapman ព្រមានអំពីផលវិបាករយៈពេលវែង និងការរើសអើងចំពោះយុវជនស្បែកខ្មៅ។ ការកាន់កាប់សហព័ន្ធរបស់ Trump ត្រូវបានមើលថាជាការលេងអុបទិកនយោបាយ មិនមែនដំណោះស្រាយបញ្ហាឧក្រិដ្ឋកម្មពិតប្រាកដ។
ដោយឡែកបទពិសោធន៍ក្នុងឆ្នាំ ២០២០ បង្ហាញថាការដាក់ពង្រាយភ្នាក់ងារសហព័ន្ធក្នុងបាតុកម្មប្រឆាំងអំពើអនាធិបតេយ្យមិនបានបញ្ឈប់ការបំផ្លិចបំផ្លាញភ្លាមៗ ប៉ុន្តែបង្កភាពតានតឹង។ នៅពេលនោះ ភ្នាក់ងារមួយចំនួនបានប្រើកម្លាំងដើម្បីសម្អាតបាតុករ ព្រមទាំងប្រើឧទ្ធម្ភាគចក្រយោធាលើកម្ពស់ទាប បង្កភាពភ័យខ្លាច។ អគ្គអធិការក្រសួងយុត្តិធម៌បានរិះគន់វិធាននេះ ហើយករណីនោះត្រូវបានយកមកប្រៀបធៀបជាមួយស្ថានការណ៍បច្ចុប្បន្ន។
ប្រភព The New York Time















