តើមានគន្លឹះអ្វីខ្លះដើម្បីប្រឡងចូលសិក្សានៅសាលាតិចណូដោយជោគជ័យ?

អត្ថបទដោយ៖ ង៉ុយ សារិកា

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅកាត់ «តិចណូ» (Institute of Technology of Cambodia) គឺជាវិទ្យាស្ថានមួយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅប្រទេសកម្ពុជា។ ដើម្បីអាចចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បាន ​គឺតម្រូវឱ្យសិស្សានុសិស្សត្រូវឆ្លងកាត់ការប្រឡងចូលជាមុនសិនទោះជាសិស្សនោះជាអតីតសិស្សនិទ្ទេស Aយ៉ាងណាក៏ដោយដើម្បីប្រកួតប្រជែងជាមួយសិស្សដទៃទៀតក្នុងការដណ្តើមកៅអីរៀននៅសាលានេះ។ ការប្រឡង គឺមានភាពតឹងតែង និងសុក្រិតយុត្តិធម៌មិនខុសពីបាក់ឌុបនោះទេ​​ ពោលគឺសិស្សត្រូវពឹងលើសមត្ថភាពខ្លួនទាំងស្រុង​​តែម្តង។ ដូច្នេះការត្រៀមខ្លួនទុកជាមុនបានល្អប្រសើរ និងការដឹងពីបច្ចេកទេសក្នុងការប្រឡងដើម្បីបានពិន្ទុល្អគឺជាការសំខាន់បំផុត។

តើដើម្បីប្រឡងចូលសិក្សានៅសាលាតិចណូដោយជោគជ័យត្រូវមានគន្លឹះអ្វីខ្លះ?

និស្សិតម្នាក់ៗតែងតែមានគន្លឹះរៀងៗខ្លួនដើម្បីប្រឡងចូលបានជោគជ័យ។ ខាងក្រោមនេះគឺជាការចែករំលែកបទពិសោធខ្លះៗរបស់យុវនិស្សិតមកពីសាលាតិចណូទៅកាន់សិស្សានុសិស្សដែលមានបំណងចង់ប្រឡងចូលសិក្សានៅសាលានេះ៖

/ យុវនិស្សិត ប៊ិន សីហា ជានិស្សិតឆ្នាំទី៥ និង យុវនិស្សិត សែន  សុផល ជានិស្សិតឆ្នាំទី៣ សិក្សាផ្នែកសំណង់ស៊ីវិល បានរៀបរាប់ថា៖

  • យើងត្រូវស្វែងរកព័ត៌មាននៃការប្រឡងចូល បន្ទាប់មកយើងត្រូវធ្វើការដាក់ពាក្យ។
  • យើងត្រូវស្វែងរកវិញ្ញាសាដែលចេញឆ្នាំមុនៗយកមកធ្វើ និងត្រូវរំឭកមេរៀនដូចជាគណិត គីមី រូប ជាដើម។
  • អ្វីដែលសំខាន់យើងត្រូវដឹងពីរបៀបប្រឡងថា តើគេប្រឡងបែបណា? ហើយបើអាចត្រូវតែទៅរៀនត្រៀមបន្ថែម សាលាដែលពេញនិយមក្នុងការរៀនត្រៀមបំផុតគឺ សាលាជ័យថាវី ដើម្បីដឹងថាវិញ្ញាសានោះគេធ្វើបែបណា? មានកម្រិតណា? សម្រាប់ការប្រឡងយើងត្រូវអានការណែនាំនិងប្រធានឱ្យបានច្បាស់បន្ទាប់មកធ្វើលំហាត់ដែលចេះមុន ហើយចូរគូសចម្លើយដោយប្រុងប្រយ័ត្នបំផុត។
  • បេក្ខជនត្រូវឆ្លងកាត់ការប្រឡងបួនមុខវិជ្ជាផ្សេងគ្នាដែលជាសំណួរជ្រើសរើសចម្លើយ (QCM) គឺ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងតក្កវិទ្យា។ សិស្សអាចចុះឈ្មោះរៀនបាននៅទីនោះនូវមុខវិជ្ជាទាំងបួនខាងលើជាមួយគ្រូផ្សេងៗដែលអាចរៀនផ្ទាល់ឬ online អាស្រ័យលើស្ថានភាពជាក់ស្តែង។
  • ព្យាយាមទាក់ទងសិស្សច្បង វាជារឿងចាំបាច់ដែលត្រូវទាក់ទងពួកគាត់ ព្រោះគាត់ធ្លាប់ឆ្លងកាត់​ មានបទពិសោធ ហើយ និងដឹងព័ត៌មានច្រើនពីសាលា។
  • កុំនៅដល់យប់ជ្រៅពេក (ដាច់យប់) បង្ការថ្ងៃប្រឡងជិតមកដល់ ព្រោះយើងត្រូវផ្ចង់អារម្មណ៍ធ្វើ និងគិតច្រើន​ ជាពិសេសទៅលើតក្កវិទ្យា។ Summit ចម្លើយឱ្យទាន់ពេលករណីតាម Online។

/ យុវនិស្សិត ស៊្រន់ សីហា    យុវនិស្សិត   បៀង ស៊ាវធី សិក្សាផ្នែកអគ្គីសនី និង យុវនិស្សិត សន ពិសិដ្ឋ  សិក្សាមហាវិទ្យាល័យវារីសាស្រ្ត ជានិស្សិតឆ្នាំទី៣ បានរាយរាប់ថា៖

  • សុខភាពជាចម្បងត្រូវថែរក្សាសុខភាពឱ្យល្អ                     
  • កុំភ័យ កុំមានអារម្មណ៍ថាលំហាត់ច្រើនឬក៏ពិបាកយើងត្រូវធ្វើតាមសម្រួល។
  • មិនត្រូវយកប៊ិកគូសសញ្ញាអ្វីមួយលើក្រដាសប្រឡងឡើយ បើមិនដូច្នោះទេយើងនឹងធ្លាក់។
  • ព្យាយាមមើល និង ស្រាវជ្រាវវិញ្ញាសាចាស់ៗដែលសាលាធ្លាប់ចេញប្រឡង។
  • ព្យាយាមរៀនដោះស្រាយលំហាត់ឱ្យបានលឿនបំផុត (ធ្វើកាត់ៗយកតែចម្លើយចុងក្រោយ)។
  • មើលឯកសាររលំហាត់ថ្នាក់ទី១០,១១,១២ឡើងវិញ។

៣​/ យុវនិស្សិត ​ជួន ដារ៉ា ជានិស្សិត​ឆ្នាំទី៣ សិក្សាផ្នែកវិស្វករសំណង់ស៊ីវិល ៖

  • ជាទូទៅក្នុងការប្រឡងជ្រើសរើសយកនិស្សិតក្នុងមួយឆ្នាំៗរបស់សាលាមានតែមួយពាន់ទៅមួយពាន់ពីររយនាក់ ដែរ ក្នុងនោះសាលាក៏ផ្ដល់អាហារូបករណ៍ដល់និស្សិត៨០នាក់ដែលមានពិន្ទុប្រឡងខ្ពស់ជាងគេក្នុងចំណោមនិសិ្សតជាប់ទាំងអស់។ មុនការប្រឡងឈានមកដល់ត្រូវទៅរៀនបំប៉នបន្ថែមរាល់ថ្ងៃ។
  • ក្នុងការដោះស្រាយលំហាត់ប្រឡងជាប្រភេទលំហាត់ QCM (លំហាត់ជ្រើសរើសចម្លើយ) គឺខ្ញុំគូសចម្លើយដែលខ្ញុំគិតថាត្រូវ ព្រោះតាមគាលការណ៍សាលាចំពោះចម្លើយដែលយើងធ្វើត្រូវ គឺទទួលបាន៣ពិន្ទុតែបើខុសវិញនឹងដក១ពិន្ទុវិញដូច្នេះយើងកុំព្រៀវចម្លើយប្រយ័ត្នជំពាក់ពិន្ទុសាលា។
  • តាមរយៈការទទួលបានការណែនាំពីសិស្សច្បងនឹងការសិក្សារបស់ខ្ញុំខាងលើធ្វើឲ្យខ្ញុំឱ្យអាចប្រឡងជាប់នឹងទទួលបានអាហារូបករណ៍រយៈពេល៥ឆ្នាំរបស់សាលាផងដែរ ខ្ញុំជឿថាអ្នកក៏អាចធ្វើបានដូចគ្នា។
យុវនិស្សិត ​ជួន ដារ៉ា

៤/ យុវនិស្សិត គង់ ណារ៉ាន់​ យុវនិស្សិត ប្រៀន វណ្ណា និង យុវនិស្សិត ប៉ន ច័ន្ទថន​ សិក្សាផ្នែកឧស្សាហកម្ម និងមេកានិក ឆ្នាំទី៣ បានបន្ថែមពីគន្លឹះទៀតថា៖

  • ដំបូងយើងត្រូវសួរខ្លួនឯងសិនថា តើស្រលាញ់ជំនាញអ្វី? ចង់ក្លាយជាអ្វីទៅថ្ងែអនាគត?
  • ត្រូវត្រៀមខ្លួន និងពង្រឹងសមត្ថភាពឱ្យបានគ្រប់គ្រាន់សម្រាប់ការប្រឡងចូលរៀននៅសាលាតិចណូ។ ត្រូវសិក្សាស្រាវជ្រាវផ្ដោតលើមុខវិជ្ជាដែលត្រូវប្រឡងឱ្យបានច្រើនបំផុត។
  • តក្កវិទ្យា គឺជាមុខវិទ្យាមួយដែលទាមទារឱ្យធ្វើលឿន វាមានល្បិចបង្កប់ក្នុងនោះដែលទាមទារឱ្យយើងយល់ពីវាផងដែរ។
  • ត្រូវហ៊ានក្លាហានក្នុងការដាក់ពាក្យប្រឡង កុំប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ ប្រើអ្វីដែលខ្លួនមានឱ្យអស់ពីសមត្ថភាព។ ចង់ក្លាយជាវិស្វករម្នាក់មិនមែនជារឿងងាយស្រួលនោះទេ តែមិនមែនមានន័យថាយើងធ្វើមិនបាននោះដែរ។ ការតាំងចិត្តនិងប្រកាន់វិន័យនឹងជួយឱ្យប្អូនៗសម្រេចនូវគោលបំណងដែលប្អូនចង់បាន។

គន្លឹះខាងលើដែលយុវនិស្សិតរបស់យើងបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីបង្ហាញប្រាប់ត្រួសៗជូនប្រិយមិត្តនេះ ច្បាស់ណាស់ថាវាពុំអាចត្រូវគ្រប់បរិបទ ឬស្ថានភាពជាក់ស្តែងរបស់ប្អូនៗគ្រប់ៗរូបបានទេ ទោះយ៉ាងនេះក្តី យើងសង្ឃឹមថាគន្លឹះស្តែងចេញពីបទពិសោធន៍ជាក់ស្តែងរបស់ពួកគាត់ អាចនឹងជួយអ្នកឱ្យបានសម្រេចដោយផ្នែកណាមួយនៃបំណងប្រាថ្នារបស់អ្នក៕

«គម្រោងល្អតែគ្មានការអនុវត្តប្រៀបដូចដាវដ៏មុតស្រួចតែនៅក្នុងស្រោម» ដោយយុវនិស្សិត សែន  សុផល ។

រូបភាព៖ Institute of Technology of Cambodia – សាលាតិចណូ