តួនាទីរបស់អ្នកអប់រំ ក្នុងការតម្រង់ទិសយុវជន


ដោយ៖ ផាត់ គឹមឆែ

វិស័យអប់រំបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ​ ផ្ដល់នូវចំណេះដឹង បង្ហាត់បង្រៀនសីលធម៌ សុជីវធម៌ដល់សិស្ស និស្សិត និងយុវជនខ្មែរ ឲ្យរស់នៅបានត្រឹមត្រូវនិងថ្លៃថ្នូរក្នុងសង្គម។សាលារៀន សាកលវិទ្យាល័យនានា រីកដុះដាល គ្រូបង្រៀនដែលមានតួនាទីដ៏ជាអ្នកអប់រំដ៏សំខាន់ ក៏មានចំនួនច្រើនស្របតាមការរីកចម្រើននៃវិស័យនេះ។ ទោះបីជាយ៉ាងនេះក៏ដោយ យើងឃើញថា នៅមានសិស្សានុសិស្សមួយចំនួនតូច បានប្រព្រឹត្តនូវទង្វើ មិនសមរម្យនានា ក្នុងភាពជាយុវវ័យ ជាបញ្ហាមួយគួរឲ្យកង្វល់។

ផ្អែកលើបទពិសោធន៍ បង្រៀននៅវិទ្យាល័យបវេល ក្នុងខេត្តបាត់ដំបង រយៈពេល៧ ឆ្នាំ លោកគ្រូ ឯម​ ឫទ្ធី បានផ្ដល់ជាការចែករំលែកជុំវិញបញ្ហានេះ ជាមួយ BRANDMEDIA ថា៖ «បច្ចុប្បន្ននេះយុវវ័យមួយចំនួនតូចបានចំណាយពេលវេលាលើរឿងដែលឥតប្រយោជន៍ និងស្ដែងពីសកម្មភាពអសីលធម៌នានាដូចជា វាយតប់គ្នា ប្រើពាក្យសម្ដីមិនសមរម្យ នាំឲ្យប្រាសចាកសីលធម៌ខ្មែរ។ ក្នុងនាមជាគ្រូបង្រៀនម្នាក់ ទីមួយគឺផ្សព្វផ្សាយ គ្រូតែងបានផ្សព្វផ្សាយ ឲ្យពួកគាត់មានការយល់ដឹងលើបញ្ហាទាំងអស់នេះ។ ទីពីរគឺអប់រំ ណែនាំ ឲ្យពួកគាត់រៀនអភិវឌ្ឍខ្លួន រៀបឫកពា កិរិយាមាយាទឲ្យសមជាកុលបុត្រខ្មែរ ដាស់តឿនស្មារតីពួកគាត់ថា ទង្វើណាដែលសមរម្យ ទង្វើណាមិនសមរម្យ។ ទីបី គឺបណ្ដុះបណ្ដាល បណ្ដុះនូវប្រាជ្ញា ស្មារតីឲ្យពួកគាត់រៀនអភិវឌ្ឍខ្លួន ក្រេបជញ្ជក់ចំណេះវិជ្ជា និងរៀនសម្របខ្លួនតាមបរិបទការអប់រំបែបឌីជីថល អភិវឌ្ឍខ្លួនឲ្យបានរីកចម្រើនក្នុងបុព្វហេតុកសាងជាតិ។

លោកគ្រូ ឯម​ ឫទ្ធី

អ្នកគ្រូ សារី ង៉ា ជាគ្រូបង្រៀន នៅខេត្ត ត្បូងឃ្មុំ បានផ្ដល់ការយល់ឃើញថា៖ បើយើងក្រឡេកទៅមើលជ្រុងតូចមួយនៃសង្គម យើងនឹងឃើញនូវភាពអវិជ្ជមាននៃសកម្មភាពយុវជន ដែលកំពុងក្លាយទៅជាវប្បធម៌មិនល្អមួយ ដូចជាក្រុមបក្សពួក សង្គមងងឹត សេពគ្រឿងញៀន គ្រឿងស្រវឹង ទាំងវ័យកំពុងត្រូវសិក្សារៀនសូត្រ។ ដោយមើលឃើញបែបនេះ ក្នុងនាមខ្ញុំជាគ្រូបង្រៀនម្នាក់ ខ្ញុំគិតថា ការចូលរួមលើកកម្ពស់វប្បធម៌ សីលធម៌សង្គមជារឿងសំខាន់ ដោយការបញ្រ្ជាបពីផលប៉ះពាល់នៃអ្វីទាំងអស់នេះ ដុះខាត់ លត់ដំ ពីក្មេងៗទៅ ឲ្យពួកគាត់មានគំនិតស្អប់ខ្ពើមនូវអំពើពាលាអាវាសែ ទាំងនេះ។  មួយវិញទៀតគឺ ផ្ដល់ឲ្យពួកគាត់នូវការប្រឹក្សា​ ជួយបញ្ចេញយោបល់ រកដំណោះស្រាយល្អៗកុំឲ្យពួកគាត់មានគំនិតបែកឆ្វេងធ្វើរឿងខុស»។

អ្នកគ្រូ សារី ង៉ា

អ្នកគ្រូ ហួ ស៊ីនិត បច្ចុប្បន្នជាគ្រូបង្រៀននៅសាលាបឋមសិក្សព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ៖​« ពេលខ្លះទង្វើអសីលធម៌ដែលបង្កឡើងដោយ ក្មេងៗ ឬយុវវ័យមួយចំនួនតូច ក៏បណ្ដាលមកពីកត្តាសង្គម កង្វះការមើលថែ និងភាពកក់ក្ដៅដែរ»។ អ្នកគ្រូបានបន្តទៀតថា   «គ្រូបង្រៀន អាណាព្យាបាល អាជ្ញាធម៌សង្គមត្រូវលើកកម្ពស់ការសិក្សា ផ្ដល់ឱកាសឲ្យពួកគេទទួលបានការផ្សាយចំណេះដឹង និងសកម្មភាពល្អៗនានាក្នុងសង្គម។ គ្រូបង្រៀនត្រូវផ្ដល់នូវគំរូល្អៗ ឆ្លុះបញ្ចាំង និងពន្យល់ពីភាពអវិជ្ជមានដែលទទួលបានពីទង្វើណាដែលមិនល្អ។ អ្វីដែលសំខាន់មួយទៀតគឺ បញ្រ្ជាបពីចិត្តវិទ្យាក្នុងការរស់នៅតាមរយៈការអប់រំ។

អ្នកគ្រូ ហួ ស៊ីនិត

ដើម្បីកែប្រែស្ថានភាពសង្គមមួយឲ្យមានភាពល្អប្រសើរ លុះណាមានការចូលរួមយ៉ាងសស្រាក់សស្រាំ ពីសំណាក់ជនរួមជាតិទាំងអស់ ពិសេសគឺបុគ្គលដែលមានចំណេះដឹង មានការអប់រំ ជាកត្តាសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយ និងធ្វើជាគម្រូល្អដល់អ្នកដទៃទៀត។ សូមគោរពកោតសរសើរចំពោះរាជរដ្ឋាភិបាល ក្រសួង​ ឬស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យអប់រំកម្ពុជាតាំងតែពីបាតដៃទទេ រហូតមកដល់សម័យសន្តិភាពពេញលេញនាយុគសម័យទំនើប។