|

ក្រសួងអប់រំ ពិចារណាធ្វើវិសោធនកម្មលើច្បាប់ស្តីពីការអប់រំ!


នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅអគាររដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា(ចៅពញាហុក) ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងផ្តល់យោបល់ធ្វើវិសោធនកម្មលើច្បាប់ស្តីពីការអប់រំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

ច្បាប់ស្តីពីការអប់រំ រៀបចំឡើងក្នុងគោលដៅកំណត់អំពីវិធាន និងលក្ខខណ្ឌតម្រូវថ្នាក់ជាតិ សម្រាប់កសាងប្រព័ន្ធអប់រំមួយពេញលេញ និងឯកភាព ដែលធានាបាននូវគោលការណ៍សេរីភាពខាងសិក្សាធិការស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់នេះមានគោលបំណងអភិវឌ្ឍធនធានមនុស្ស ដោយផ្តល់ការអប់រំពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ដើម្បីឱ្យអ្នកសិក្សាទទួលបាននូវចំណេះដឹង ជំនាញ សមត្ថភាព សេចក្ដីថ្លៃថ្នូរ អាកប្បកិរិយាប្រកប ដោយសីលធម៌ សំដៅជំរុញឱ្យអ្នកសិក្សាស្គាល់ ស្រឡាញ់ រួមចំណែកការពារអត្តសញ្ញាណជាតិ វប្បធម៌ជាតិ និងភាសាជាតិ។

បន្ទាប់ពីបានផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការអប់រំរួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលបានរៀបចំរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃការរៀបចំវិសោធនកម្មនេះ និងបានថ្លែងអំណរគុណចំពោះរាល់មតិយោបល់ និងការចូលរួមពិភាក្សាយ៉ាងសកម្មលើបញ្ហានេះដែរ ដោយគោលបំណងចម្បងរបស់យើង គឺដើម្បីធានាថាច្បាប់នេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កសាងប្រព័ន្ធអប់រំមួយដែលពេញលេញ និងឯកភាពស្របតាមរដ្ឋធម្មនុញ្ញ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៃការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាផងដែរ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមការងារបន្តធ្វើការងារនេះដោយយកចិត្តទុកដាក់ខ្ពស់ និងពិនិត្យឡើងវិញនូវរាល់មតិយោបល់ដែលបានលើកឡើងក្នុងកិច្ចប្រជុំនេះ ជាពិសេសពាក់ព័ន្ធនឹងភាពចាំបាច់នៃការធ្វើវិសោធនកម្មនេះ ដោយក្រសួងនៅតែស្ថិតក្នុងដំណាក់កាលពិចារណាលើការធ្វើវិសោធនកម្មនេះ ដោយក្រសួងនឹងចាត់ក្រុមការងារជំនាញដើម្បីធ្វើការវិភាគស៊ីជម្រៅ និងពិនិត្យមើលគ្រប់ទិដ្ឋភាពនៃច្បាប់ ក៏ដូចជាវាយតម្លៃអំពីភាពចាំបាច់ និងលទ្ធភាពនៃការអនុវត្ត ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវ និងកំណត់ផ្លូវដ៏សមស្របបំផុតសម្រាប់អនាគតវិស័យអប់រំនៅកម្ពុជា៕

ប្រភព៖ MoEYS