ទស្សននិស្សិត៖ គន្លឹះផ្ទាល់ខ្លួនចៀសវាងធ្វេីកិច្ចការសាលាតែ១យប់
ដោយ ៖ សន ស្រីពេជ្រ
អ្នកសិក្សានៅកម្រិតមហាវិទ្យាល័យប្រាកដជាបានជ្រាបច្បាស់អំពី បញ្ហាក្នុងការធ្វើកិច្ចការស្រាវជ្រាវ(Assignment)ជូនលោកគ្រូ អ្នកគ្រូទៅតាមមុខវិជ្ជានីមួយៗ ព្រោះថាពេលខ្លះនិស្សិតមួយចំនួនតូចមិនបានយល់ច្បាស់ មួយវិញទៀតពួកគេមានភាពរវល់នឹងការងារក្រៅម៉ោង ឬពេលខ្លះទៀតនោះពួកគេចេះតែពន្យារពេល ដោយពួកគេចេះតែប្រកាន់ភ្ជាប់នូវទម្លាប់មួយដែលចាំស្អែក ឬខានស្អែកចាំធ្វើ។ ក្នុងការពន្យារពេលរបស់ពួកគេពីមួយថ្ងៃទៅមួយថ្ងៃចេះតែកៀកទៅៗ រហូតដល់ថ្ងៃគ្រូប្រមូល។ មាននិស្សិតមួយចំនួនគ្រូដាក់កិច្ចការឱ្យ មួយសប្ដាហ៍ទៅពីរសប្ដាហ៍ ឬពីរទៅបីខែ ប៉ុន្តែពួកគេធ្វើAssignment មួយត្រឹមតែមួយយប់តែប៉ុណ្ណោះ។ តើអ្នកជឿទេថាវាអាចទៅរួច?
តើមានវិធីសាស្រ្តអ្វីខ្លះដើម្បីចៀសវាងពីបញ្ហាទាំងនេះ និងដើម្បីឱ្យកិច្ចការរបស់យើងមានភាពត្រឹមត្រូវ ទៅតាមប្រធានបទដែលលោកគ្រូ អ្នកគ្រូដាក់ជូន ព្រមទាំងមានគុណភាពអាចទទួលយកបាន?
ថ្ងៃនេះ BRANDMEDIA សូមនាំអារម្មណ៍និស្សិតគ្រប់រូបមកចួបនឹងយុវនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមួយរូបដើម្បីបង្ហើបពីគន្លឹះក្នុងការ ចៀសវាងការធ្វើ Assignment តែមួយយប់ និងធ្វើកិច្ចការស្រាវជ្រាវ (Assignment) ឱ្យបានល្អព្រមទាំងSubmit ទាន់ពេលវេលា។
យុវនិស្សិតមួយរូបនេះមានឈ្មោះថា ណុះ ណាវី ជានិស្សិតឆ្នាំទី៤ ជំនាញគ្រប់គ្រងទេសចរណ៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជានិស្សិតកំពុងតែសរសេរសារណាមួយរូបផងដែរ។
តោះស្ដាប់ការអធិប្បាយលោកជាមួយគ្នា ៖ «ជីវិតសិស្សសាកលវិទ្យាល័យច្បាស់ណាស់ពួកគេនឹងមានកិច្ចការសម្រាប់ធ្វើការស្រាវជ្រាវច្រើនជាងសិស្សវិទ្យាល័យ។ កិច្ចការស្រាវជ្រាវ ឬភាសាអង់គ្លេសហៅថា Assignment គឺពិតជាមានសារៈសំខាន់ចំពោះនិស្សិតដែលពួកគេគួរតែយកចិត្តទុកដាក់ខ្លាំងមែនទែនក្នុងនាមខ្លួនជានិស្សិត។ ទោះបី Assignment មិនមែនជាការប្រឡងបញ្ចប់ឆមាស ឬបញ្ចប់ឆ្នាំក៏ដោយ ប៉ុន្តែវាក៏ជាផ្នែកមួយដែលធ្វើឱ្យនិស្សិតមានការយល់ដឹងកាន់តែស៊ីជម្រៅនូវអ្វីដែលពួកគេកំពុងតែសិក្សាស្រាវជ្រាវ និងឈានទៅដល់ការចេះវិភាគផងដែរ។ ទន្ទឹមនឹងនោះ ឆ្លងតាមបទពិសោធន៍ និងការធ្វើកិច្ចការស្រាវរបស់ខ្ញុំកន្លងមកតាំងពីឆ្នាំទី១ រហូតដល់ឆ្នាំទី៤ ខ្ញុំអាចចែករំលែកនូវគន្លឹះក៏ដូចជាយុទ្ធសាស្ត្រមួយចំនួនដូចខាងក្រោម ថាតើគួរធ្វើបែបណាដើម្បីចៀសវាងការធ្វើAssignment មួយយប់ជូនទៅលោកគ្រូ អ្នកគ្រូ និងការធ្វើកិច្ចការស្រាវជ្រាវ (Assignment) ឱ្យបានល្អ និង Submit ឱ្យបានទាន់ពេលវេលាជូនទៅលោកគ្រូ អ្នកគ្រូ។
១. ការគ្រប់គ្រងពេលវេលា ៖ ពេលវេលាគឺ មិននៅចាំយើងទេ ដូច្នេះក្នុងនាមជានិស្សិតការគ្រប់គ្រងពេលវេលាគឺពិតជាសំខាន់សម្រាប់ការធ្វើកិច្ចការស្រាវជ្រាវ។ ការធ្វើកិច្ចការស្រាវជ្រាវមួយអាចទទួលបានលទ្ធផលល្អបាន លុះត្រាតែអ្នកធ្វើកិច្ចការស្រាវជ្រាវនោះបានកំណត់ពេលវេលាច្បាស់លាស់ និងធ្វើទៅតាមពេលវេលាដែលបានកំណត់។ ការធ្វើបែបនេះគឺជាការគ្រប់គ្រងពេលវេលាមួយដែលល្អ និងមានប្រសិទ្ធភាពសម្រាប់ការយកទៅអនុវត្តនៅក្នុងការធ្វើកិច្ចការស្រាវជ្រាវ។
២. ការតាំងចិត្ត ៖ នៅក្នុងការធ្វើអ្វីមួយចាំបាច់ណាស់ត្រូវមានការតាំងចិត្ត។ ត្រង់ចំណុចនេះការធ្វើ Assignment ក៏ត្រូវមានការតាំងចិត្តផងដែរសម្រាប់ធ្វើវា ប្រសិនបើយើងគ្មានការតាំងចិត្តធ្វើវាទេ ទោះបីជាលោកគ្រូ អ្នកគ្រូដាក់កិច្ចការស្រាវជ្រាវឱ្យធ្វើរយៈពេលយូរប៉ុណ្ណាក៏ដោយក៏យើងធ្វើវាមិនរួចដែរ ដោយសារយើងអត់មានការតាំងចិត្តនៅក្នុងការធ្វើវាឱ្យបានសម្រេច។ កិច្ចការស្រាវជ្រាវចាំបាច់ណាស់ត្រូវចំណាយពេលវេលាច្រើនសម្រាប់ធ្វើវា ដូច្នេះប្រសិនបើយើងអត់មានអារម្មណ៍ ឬអត់មានការតាំងចិត្តធ្វើវាទេ ប្រាកដណាស់កិច្ចការរបស់យើងនឹងមិនអាចធ្វើទាន់ពេលវេលាបានឡើយ។
៣. កុំប្រើពាក្យ “ចាំបន្តិចទៀតសិន”៖ ចាំបន្តិចទៀតសិន ជាពាក្យដែលនិស្សិតមិនគួរយកមកប្រើឡើយ ព្រោះថាពាក្យនេះអាចធ្វើឱ្យមនុស្សមានអារម្មណ៍កាន់តែខ្ជិលឡើង។ ការប្រើពាក្យ ចាំបន្តិចទៀតសិនចាំធ្វើ សម្រាប់នៅក្នុងការធ្វើកិច្ចការស្រាវជ្រាវ គឺប្រាកដណាស់កិច្ចការនោះមិនអាចទទួលបានលទ្ធផលល្អឡើយ ហើយអាចធ្វើឱ្យកិច្ចការស្រាវជ្រាវគ្មានគុណភាពថែមទៀតផង។ ការលើកឡើងបែបនេះ ព្រោះថាកាលណាមានអារម្មណ៍កាន់តែខ្ជិល ធ្វើឱ្យការផ្តោតទៅលើកិច្ចការស្រាវជ្រាវកាន់តែលែងមាន ហើយក៏ធ្វើឱ្យខាតទាំងពេលវេលាផងដែរ។
៤. ឱ្យតម្លៃទៅលើកិច្ចការស្រាវជ្រាវ៖ និស្សិតគួរតែគិតថាកិច្ចការដែលលោកគ្រូ អ្នកគ្រូដាក់ឱ្យគឺ សុទ្ធតែមានតម្លៃទាំងអស់សម្រាប់យកទៅធ្វើការសិក្សាស្រាវជ្រាវ។ ការឱ្យតម្លៃទៅលើកិច្ចការដែលត្រូវធ្វើក៏ជាផ្នែកមួយដែលជួយជម្រុញទឹកចិត្តនៅក្នុងការខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យកិច្ចការនោះបានបញ្ចប់ទាន់ពេលវេលា និងអាចទទួលយកបាន។
៥. លើកទឹកចិត្តខ្លួនឯង៖ ប្រសិនបើកិច្ចការស្រាវជ្រាវដែលយើងធ្វើនោះបានបញ្ចប់មុនពេលកំណត់ ដូច្នេះវាគឺជាជោគជ័យមួយសម្រាប់យើងនៅក្នុងការបំពេញវា ទោះបីជាកិច្ចការស្រាវជ្រាវនោះមិនទាន់ល្អឥតខ្ចោះក៏ដោយ។ យើងត្រូវមានមោទកភាពថាយើងអាចធ្វើកិច្ចការដែលលោកគ្រូ អ្នកគ្រូដាក់ឱ្យយើងធ្វើ យើងអាចធ្វើវាបាន។ ដូច្នេះយើងត្រូវផ្តល់រង្វាន់ឱ្យខ្លួនឯង និងលើកទឹកចិត្តខ្លួនឯងថាយើងក៏អាចធ្វើកិច្ចការស្រាវជ្រាវផ្សេងៗទៀតបានដែរ។»
ដូចដែលនិស្សិតគ្រប់រូបបានឃើញហើយថានេះជាគន្លឹះខ្លះៗសម្រាប់ឱ្យនិស្សិតគ្រប់រូប យកទៅអនុវត្តក្នុងការសិក្សារៀនសូត្ររបស់ខ្លួន។ មួយវិញទៀត ទម្លាប់ណាមិនល្អគួរបោះវាចោលខ្លះមិនត្រូវអនុវត្តនូវទម្លាប់ដដែលៗឬ ទម្លាប់មិនល្អជាប្រចាំនោះទេ។ ម៉្យាងវិញទៀតគន្លឹះទាំងនេះទាមទារឱ្យនិស្សិតខ្លួនឯងមានភាពជាម្ចាស់ការលើខ្លួនឯងទើបអនុវត្តទៅមានប្រសិទ្ធភាព ដោយមិនផ្ដេកផ្ដួលទៅតាមទម្លាប់ចាស់ ដ្បិតបទពិសោធរបស់និស្សិតម្នាក់ៗខុសគ្នា តែសង្ឃឹមថាវាជាចំណែកមួយជួយដាស់តឿន មិត្តៗអ្នកសិក្សាគ្រប់រូប៕