|

ក្រសួងប្រៃសណីយ៍ បដិសេធការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាបានពឹងក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើងវាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ


នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិតលើបណ្ដាញសង្គម។

ដោយសង្កេតឃើញមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមនូវព័ត៌មាននៅថៃដែលចោទថាកម្ពុជាបានពឹងក្រុមចោរបច្ចេកវិទ្យា(Hacker)កូរ៉េខាងជើងវាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក.ប.ទ. បានចេញសេចក្ដីជូនដំណឹងដោយបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនមានទំនាក់ទំនងជាមួយក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើង ដូចការចោទប្រកាន់នេះទេ។

ក.ប.ទ. យល់ឃើញថាការចោទប្រកាន់នេះជាចេតនាអាក្រក់របស់ថៃដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ដូចដែលថៃធ្លាប់បានធ្វើកន្លងមក។

ផ្ទុយទៅវិញ ក.ប.ទ. ក៏បានសង្កេតឃើញថាក្រុមចោរបច្ចេកវិទ្យា(Hacker)ថៃឈ្មោះ BlackEye-Thai បានវាយប្រហារសាយប័រមកលើប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាលកម្ពុជាស្ទើតែទាំងអស់ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ តែត្រូវបានទប់ស្កាត់ដោយប្រព័ន្ធការពារសុវត្ថិភាព និងទទួលរងការប៉ះពាល់តិចតួច។

ក្នុងន័យនេះ ក្រសួងក៏បានអំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ទៅលើព័ត៌មានមិនពិតដែលផ្សព្វផ្សាយលើបណ្តាញសង្គម៕