គន្លឹះដើម្បីប្រឡងជាប់សិស្សពូកែថ្នាក់ខេត្តនិងប្រទេសផ្នែកភាសាខ្មែរថ្នាក់ទី១២
ស្មេរអត្ថបទដោយ៖ ចាក ចន្ទី
សម្រាប់អ្នកដែលចង់ប្រឡងសិស្សពូកែផ្នែកភាសាខ្មែរថ្នាក់ទី១២ តែមិនដឹងថាគួរត្រៀមលក្ខណៈបែបណា នៅទីនេះមានអតីតសិស្សពូកែថ្នាក់ទី១២ ផ្នែកភាសាខ្មែរ ចំនួន៦នាក់ ដែលបានជាប់សិស្សពូកែថ្នាក់ខេត្តនិងទូទាំងប្រទេស កាលពីឆ្នាំ២០១៧-២០១៨ កន្លងមក។ បច្ចុប្បន្ន ពួកគាត់ជានិស្សិតឆ្នាំទី៣ នៃដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ ថ្នាក់អាហារូបករណ៍ ជំនាន់ទី៣៩ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទាំងនោះមាន៖
១/ កញ្ញា កង ស្រីស្រស់៖ ជាអតីតសិស្សពូកែថ្នាក់ខេត្ត ជាប់ចំណាត់ថ្នាក់លេខ៣ ប្រចាំខេត្តកំពត បានបង្ហាញពីគន្លឹះដែលធ្វើឱ្យកញ្ញាប្រឡងជាប់ គឺត្រូវសិក្សាលើប្រធានទាំងបីឱ្យច្បាស់ជាមុនសិន មានតែងសេចក្តីបែបពន្យល់ ពិភាក្សា ប្រៀបធៀប ហើយត្រូវស្វែងយល់ឱ្យច្បាស់អំពីផ្តើមសេចក្តី តួសេចក្តី និងបញ្ចប់សេចក្តី បន្ទាប់មកត្រូវអានរឿងអក្សរសិល្ប៍ឱ្យបានច្រើន និងអានវប្បធម៌ទូទៅ។
២/ លោក អុង សំអាង៖ ជាអតីតសិស្សពូកែថ្នាក់ខេត្ត ជាប់ចំណាត់ថ្នាក់លេខ៣ ប្រចាំខេត្តព្រៃវែង បានរៀបរាប់ថា គឺត្រូវស្រាវជ្រាវឱ្យបានច្រើនអំពីបរិស្ថានជុំវិញខ្លួន ត្រូវចាំឆ្នាំនៃព្រឹត្តិការណ៍នីមួយៗ និងចាំទ្រឹស្តី រួមទាំងសរសេររៀបរាប់ឱ្យបានច្រើន ជាពិសេសនោះទាមទារសរសេរឱ្យបានស្អាត កុំលុប ត្រូវតាមក្បួនខ្នាត ធ្វើតិចតែឱ្យត្រូវ ពី៣ទៅ៤ទំព័រ លោកបានបន្តទៀតថា ទោះបីជាសរសេរច្រើនតែពុំមានន័យរួមទាំងអក្សរមិនស្អាតទៀតនោះ គឺគេមិនកែទេ។
៣/ កញ្ញា ផេង ផល្លា៖ ជាអតីតសិស្សពូកែថ្នាក់ខេត្ត ជាប់ចំណាត់ថ្នាក់លេខ២ ប្រចាំខេត្តព្រៃវែង បានមានប្រសាសន៍ថា គឺត្រូវត្រៀមតាំងពីដើមឆ្នាំ ត្រូវរៀនគួរបន្ថែមអំពីសំណេរ ប្រមូលវិញ្ញាសាធ្លាប់ចេញមកមើលឱ្យចាំ ហើយមើលវប្បធម៌ទូទៅទាក់ទងនឹងសាសនា ច្បាប់ ទស្សនៈ បញ្ហាពិភពលោក ប្រវត្តិសាស្រ្ត រួមទាំងអក្សរសិល្ប៍ពីទី៧ដល់ទី១២ ព្រមទាំងស្រាវជ្រាវឱ្យបានច្រើន ត្រូវបែងចែកកាលវិភាគ ហាត់សរសេរឱ្យបានលឿនព្រមទាំងសរសេរឱ្យបានស្អាត ជាពិសេសនោះកញ្ញាបានប្រាប់ថា ហាមប្រើពាក្យថាចាំសិន។
៤/ កញ្ញា ទូច ឡែតតា៖ ជាអតីតសិស្សពូកែថ្នាក់ខេត្ត ជាប់ចំណាត់ថ្នាក់លេខ១ ប្រចាំខេត្តព្រៃវែង បានរៀបរាប់ថា ត្រូវអានឱ្យបានច្រើនដើម្បីមានគំនិតសរសេរសំណេរឱ្យបានល្អត្រឹមត្រូវ ហើយត្រូវរៀនសរសេរអក្សរឱ្យស្អាតមានរបៀប។ កញ្ញាបានបន្តទៀតថា ត្រូវអានរឿងអក្សរសិល្ប៍ឱ្យបានច្រើន សិក្សារឿងឱ្យចាំ ព្រមទាំងចាំឈ្មោះតួអង្គនិងអានវប្បធម៌ទូទៅឱ្យបានច្រើន ពេលប្រឡងត្រូវចេះលៃម៉ោង អ្វីដែលសំខាន់គឺខំរៀន។
៥/ កញ្ញា មឿន លាងអេង៖ ជាអតីតសិស្សពូកែថ្នាក់ខេត្ត ជាប់ចំណាត់ថ្នាក់លេខ១ ប្រចាំខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា គឺត្រូវយល់ពីសំណេរឱ្យច្បាស់ អានរឿងគ្រប់ប្រភេទឱ្យបានច្រើន ព្រមទាំងអានវប្បធម៌ទូទៅ ហើយវប្បធម៌ទូទៅត្រូវឆ្លើយបែបពន្យល់ ទើបបានពិន្ទុច្រើន គឺងាយៗសម្រាប់អ្នកចេះ។
៦/ កញ្ញា ស សូនិតា៖ ជាអតីតសិស្សពូកែថ្នាក់ខេត្ត ជាប់ចំណាត់ថ្នាក់លេខ៤ និងទូទាំងប្រទេសជាប់ចំណាត់លេខ៨ ប្រចាំខេត្តបាត់ដំបង បានរៀបរាប់ថា មុនពេលប្រឡងពីរខែ គឺត្រូវរៀបចំកាលវិភាគឱ្យបានត្រឹមត្រូវជាមុនសិន ហើយត្រូវចេះកំណត់ពេលវេលាឱ្យបានច្បាស់លាស់។ បន្ទាប់មក ត្រូវរៀនបន្ថែមជាមួយគ្រូជំនាញផ្នែកភាសាខ្មែរ និងរៀនបន្ថែមដោយខ្លួនឯង ការរៀនតែងសេចក្តីគ្រប់ប្រភេទ គ្រប់ទម្រង់។ ការអានឱ្យបានច្រើនទៅលើឯកសារ អត្ថបទ អក្សរសិល្ប៍ វេយ្យាករណ៍ខ្មែរ ទស្សនៈ ប្រវត្តិសាស្រ្ត… ព្រមទាំងអានវប្បធម៌ទូទៅឱ្យបានច្រើន រួចហើយរំឭកឡើងវិញជារៀងរាល់ថ្ងៃ។ បន្ទាប់មកទៀតត្រូវរៀនសរសេរតែងសេចក្តីឱ្យបានមួយថ្ងៃមួយប្រធានបទ ដើម្បីឱ្យស្ទាត់ដៃ ឱ្យមានសោភ័ណភាពល្អ គឺជួយបណ្តុះគំនិតច្រើន។ កញ្ញាបានបន្តទៀតថា មុនពេលប្រឡងមួយថ្ងៃ គឺត្រូវត្រៀមឯកសារ ត្រៀមសម្ភារៈ និងត្រៀមខ្លួនជាកត្តាសំខាន់។
ទាំងអស់នេះជាការត្រៀមខ្លួនរបស់អតីតសិស្សពូកែ ផ្នែកភាសាខ្មែរថ្នាក់ទី១២ ដែលជាគន្លឹះសម្រាប់ប្អូនៗដែលចង់ចូលរួមប្រឡងសិស្សពូកែផ្នែកភាសាខ្មែរ។ ដ្បិតគន្លឹះរបស់អតីតសិស្សពូកែម្នាក់ៗមានវិធីសាស្ត្រដើម្បីប្រឡងជាប់មានភាពខុសប្លែកពីគ្នា យ៉ាងណាមិញ យើងសង្ឃឹមថាប្អូនៗនឹងបានជាគំនិតដើម្បីជាប្រយោជន៍ក្នុងការអនុវត្តគួបផ្សំនឹងបច្ចេកទេស ឬវិធីសាស្ត្រផ្ទាល់ខ្លួន ព្រមទាំងត្រៀមខ្លួនចាប់ពីពេលនេះទៅ ជាពិសេសនោះគឺត្រូវខំរៀន ហ្វឹកហាត់ឱ្យមែនទែនទើបជាប់។