|

ដំណក់ប្រេងដំបូងនៅកម្ពុជា ជាជំហាននៃផលសេដ្ឋកិច្ចថ្មី


អត្ថបទ៖ ផាត់ គឹមឆែ

ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីទទួលដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ដែលជាសមិទ្ធផលរបស់ក្រសួងរ៉ែ និងថាមពល នៅវិមានឈ្នះ-ឈ្នះនាព្រឹកថ្ងៃទី ០៩ មិថុនា ឆ្នាំ ២០២១ នេះនូវកែវដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ដើម្បីតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមិទ្ធផលដែលសម្រេចបាននេះត្រូវបានគេរំពឹងថា នៅពេលខាងមុខនឹងនាំចំណូលសម្រាប់ទ្រទ្រង់ដង្ហើមសេដ្ឋកិច្ចជាតិ  បង្កើនធនធានហិរញ្ញវត្ថុ តាមរយៈការនាំចេញប្រេងទៅកាន់ប្រទេសនានា តាមបរិមាណប្រេង។ ការផលិតបានប្រេងជាលើកដំបូងនៅកម្ពុជាអាចជាការ ត្រួសត្រាយផ្លូវសម្រាប់វិនិយោគិនបរទេស ដែលមានបំណងចូលមកវិនិយោគនិងលើវិស័យរ៉ែ និងថាមពល នៅកម្ពុជា។ ការណ៍នេះអាចនឹងជាការបើកទ្វាពាណិជ្ជកម្ម និងបង្កើតទំនាក់ទំនង ក្លាយជាដៃគូយ៉ាងជិតស្និទ្ធ ជាមួយបណ្ដាប្រទេសនានា ថែមទាំងអាចបង្កើតឱកាសការងារសម្រាប់ប្រជាជន នៅពេលដែលវិស័យមួយនេះរីកលូតលាស់និង ដំណើរការ។

ដំណក់ប្រេងដំបូងនេះជាប្រវត្តិសាស្ត្រដែលបានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចដែលផលិតប្រេងក្នុងពិភពលោក និងជាប្រទេសទី៨ក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ាន។ ប្រវត្តិសាស្ត្រថ្មីនេះជាតឹងតាងដែលបញ្ជាក់ពីភាពរីកចម្រើន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចអគ្គមហា សេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលនៃសន្តិភាព និងការអភិវឌ្ឍ។

រូបភាព៖ Ministry of Mines and Energy Cambodia