| |

បេក្ខជន ៥០៧ នាក់ បានចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់


នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី (វិញ្ញាសាសរសេរលើកទី១) នៅមណ្ឌលប្រឡង សាលាភូមិន្ទរដ្ឋបាល។

ដំណើរការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ នារសៀលនេះ មានបេក្ខជនចូលរួមប្រឡងសរុបចំនួន ៥០៧នាក់។ ក្នុងនោះ បេក្ខជនចំនួន ៤៥នាក់ នឹងត្រូវចម្រាញ់ជ្រើសរើស ដើម្បីប្រឡងក្នុងវិញ្ញាសាសរសេរលើកទី២។

ដោយឡែក វិញ្ញាសាប្រឡង ត្រូវបានតាក់តែងដោយសាស្ត្រាចារ្យ ចំនួន១៨រូប ដែលមកពីសាកលវិទ្យាល័យផ្សេងៗ និងស្ថាប័នពាក់ព័ន្ធ។

សូមជម្រាបថា នៅក្នុងមណ្ឌលប្រឡង មានការជួយសម្របសម្រួល ក្នុងការពិនិត្យរកសំណៅឯកសារ និងផ្តល់ព័ត៌មានដល់បេក្ខជន ដោយយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងក្រុមការងារអនុគណៈកម្មការជំនាញ នៃគណៈកម្មការរៀបចំការប្រឡងប្រជែង ។ ទន្ទឹមនេះ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល នៃក្រសួងមុខងារសាធារណៈ ក៏បានរៀបចំនូវភេសជ្ជៈពិសា ក៏ដូចជារៀបចំទីតាំងសមរម្យជូនក្រុមគ្រួសារ និងមិត្តភក្តិ បេក្ខជន អង្គុយសម្រាក និងរង់ចាំបេក្ខជននៅខាងក្រៅមណ្ឌលផងដែរ៕