|

សសយក បន្តចូលរួមជាមួយរដ្ឋាភិបាល ខណៈហានិភ័យនៃការឆ្លងកូវីដ-១៩នៅតែខ្ពស់


ដោយ៖ ង៉ាយ ណៃ

ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) រាជធានី-ខេត្ត បាន ​និងកំពុងចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមូលដ្ឋាន ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាលនៃជំងីកូវីដ-១៩ ដែលកំពុងគំរាមកំហែងដល់សុខភាពសាធារណៈ។

ខណៈហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ នៅតែមានខ្ពស់ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា តាមបណ្ដារាជធានី-ខេត្ត បន្តចុះធ្វើសកម្មភាពផ្សព្វផ្សាយអប់រំអំពីវីធីបង្ការជំងឺកូវីដ-១៩ និងចែកស្បៀងអាហារ ព្រមទាំងសម្ភារៈចាំបាច់ជូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានដែលកំពុងបំពេញការងារតាមទីតាំងនានា។

ជាក់ស្ដែង នៅថ្ងៃទី២ ខែមិថុនាកន្លងទៅ ក្រុមការងារ សសយក ខេត្តប៉ៃលិន បាត់ដំបង និងស្វាយរៀងបានចុះផ្សព្វផ្សាយពីវិធានអនាម័យសុខាភិបាល និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋកំពុងជួបការលំបាកនៅតាមមូលដ្ឋានរបស់ខ្លួន។

ក្រៅពីការចុះផ្សព្វផ្សាយ និងចែកអំណោយតាមមូលដ្ឋាន ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កំពុងបន្តសកម្មភាពជាមួយគ្រូពេទ្យផ្សេងទៀត ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស។ ដោយគិតត្រឹមថ្ងៃទី៥ ខែមិថុនានេះ កម្ពុជាមានអត្រាអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ២៧.៣៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។

គួររំឭកថា គិតមកទល់ពេលនេះ កម្ពុជាមិនទាន់អាចបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅឡើយទេ។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែមិថុនានេះ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ៦៣១ ករណី ចំនួននេះនាំឱ្យអ្នកវិជ្ជមានសរុបកើនឡើងដល់ ៣៤,២៤៤ ករណី និងករណីស្លាប់សរុបមាន ២៦៣ ករណី៕