«វគ្គជម្រុះជុំទី១» នៃកម្មវិធីជជែកដេញដោលថ្នាក់ជាតិ ឆ្នាំ២០២១ បានចាប់ផ្ដើម
ដោយ៖ ង៉ាយ ណៃ
នៅថ្ងៃទី៥ ខែមិថុនានេះ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្ដើម «វគ្គជម្រុះជុំទី១» នៃកម្មវិធីជជែកដេញដោលថ្នាក់ជាតិ ឆ្នាំ២០២១ តាមរយៈអនឡាញ ដែលមានបេក្ខជនចំនួន១៦ក្រុម មកពីវិទ្យាល័យរដ្ឋ និងឯកជន១៦ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ ចូលរួមជជែកតស៊ូមតិលើប្រធានបទចំនួន៨ ក្រោមវត្តមាន លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ នេះបើតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ។
ក្នុងថ្ងៃដំបូងនៃ «វគ្គជម្រុះជុំទី១» ក្នុងកម្មវិធីជជែកដេញដោលថ្នាក់ជាតិ ឆ្នាំ២០២១ មានបេក្ខជន៨ក្រុមមកពីវិទ្យាល័យផ្សេងគ្នា បានជជែកពិភាក្សាលើប្រធានបទចំនួន៤។ ប្រធានបទដំបូងក្នុងកម្មវិធីជជែកដេញដោលនេះ និយាយពី «ការជំរុញការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច គឺជាយន្តការដ៏មានប្រសិទ្ធភាពដើម្បីអភិវឌ្ឍធនធានមនុស្សឱ្យឆ្លើយតបយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០»។ ហើយប្រធានបទទី២ និយាយពី «ការផ្ដល់អាហារូបករណ៍នៅតាមគ្រឹះស្ថានឧត្តមសិក្សា ត្រូវតែផ្ដោតជាអាទិភាពលើនិស្សិតដែលមកពីទីជនបទ និងមានជីវភាពខ្វះខាត»។
ជាមួយគ្នានេះ ប្រធានបទពីរផ្សេងទៀតក៏ត្រូវបានលើកកយកមកជជែកដេញដោលផងដែរ ដោយក្នុងនោះរួមមាន «ការលើកកម្ពស់ការអប់រំស្រ្តីជាកត្តាចម្បងជំរុញឱ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ» និង «ការបង្កើនចំនួនអតិបរមានៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ»។
ក្រសួងអប់រំ យុវជន និងកីឡា បានសរសេរនៅលើគេហទំព័រហ្វេសប៊ុកថា៖ «ក្រសួងរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងបណ្ដុះបណ្ដាលស្មារតីយុវជនឱ្យចេះប្រើប្រាស់វប្បធម៌សន្ទនា បំណិនស្រាវជ្រាវ ការដោះស្រាយបញ្ហា បំណិនត្រិះរិះពិចារណា ការចែករំលែកគំនិត និងការនិយាយជាសាធារណៈ ដល់ប្អូនៗ យុវសិស្សដែលកំពុងសិក្សានៅថ្នាក់ទី១១ តាមវិទ្យាល័យក្នុងរាជធានីភ្នំពេញ។»
បើតាមក្រសួងអប់រំ «វគ្គជម្រុះជុំទី១» នៃកម្មវិធីជជែកដេញដោលថ្នាក់ជាតិ ឆ្នាំ២០២១នេះ នឹងធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ១ថ្ងៃទៀត។ បេក្ខជន៨ក្រុមផ្សេងទៀត នឹងជជែកដេញដោលគ្នាលើប្រធានបទចំនួន៤ ដូចជា៖ «យុវជនដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមទប់ស្កាត់នូវការប្រើប្រាស់គ្រឿងញៀនខុសច្បាប់» «ការមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក គឺជាមូលហេតុចម្បងដែលនាំឱ្យមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍» «យុវជនគួរជ្រើសរើសជំនាញរៀនស្របតាមទេព្យកោសល្យខ្លួន ជាជាងរៀនជំនាញតាមតម្រូវការទីផ្សារ» និងប្រធានបទចុងក្រោយ និយាយពី «ការកើនឡើងនៃអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ គឺជាមូលហេតុយ៉ាងចម្បង ដែលនាំឱ្យមានព័ត៌មានបំពុលសង្គម»៕