ដឹងអ្វីខ្លះពីបារ៉ែន មុនគោព្រៃកម្ពុជាប្រយុទ្ធតតាំងដល់ផ្ទះ?
តើអ្នកបានស្គាល់អ្វីខ្លះអំពីប្រទេសបារ៉ែន ដែលក្រុមបាល់ទាត់គោព្រៃកម្ពុជាកំពុងធ្វើដំណើរទៅប្រយុទ្ធតតាំងដល់ផ្ទះ?
ខ្លីៗអំពីបារ៉ែន៖ គេហទំព័រ Britannica បានឱ្យដឹងថា បារ៉ែនជារដ្ឋអារ៉ាប់តូចមួយស្ថិតនៅឯឈូងសមុទ្រមួយ នៃឆ្នេរភាគនិរតី នៃឈូងសមុទ្រពែរ្ស Persian។ បារ៉ែនជាប្រទេសប្រជុំទៅដោយកម្រងកោះតូចធំជាច្រើន ក្នុងនោះមានកោះបារ៉ែន និងកោះតូចៗចំនួន ៣០ទៀត។ គេហទំព័រដដែលបានបញ្ជាក់ថា បារ៉ែនជាឈ្មោះមកពីភាសាអារ៉ាប់ អានថា al-baḥrayn ដែលមានអត្ថន័យជាភាសាខ្មែរថា “សមុទ្រពីរ”។
ព្រះរាជាណាចក្របារ៉ែនទទួលបានឯករាជ្យពេញបូរិបូរណ៍ពីចក្រភពអង់គ្លេសនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧១ អំឡុងពេលដែលកម្ពុជាយើងកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់សេនាប្រាំមុខ លន់ នល់ នៃរបបសាធារណរដ្ឋកម្ពុជា។ ប្រទេសដែលមានសាសនាឥស្លាមជាសាសនាផ្លូវការមួយនេះ មានរាជធានីឈ្មោះ Manama ប្រើប្រាស់ភាសាអារ៉ាប់ និងភាសាអង់គ្លេសសម្រាប់ប្រើប្រាស់ក្នុងវិស័យធុរកិច្ច។
បារ៉ែនមានផ្ទៃដីសរុបចំនួន 779.95km2 និងមានប្រជាជនសរុបចំនួន ១.៦៤១ million នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកក្នុងឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។ បារ៉ែនប្រើប្រាស់ Bahraini Dinar- BHD ជារូបិយប័ណ្ណផ្លូវការរបស់ខ្លួន ដែលជាធម្មតារូបិយវត្ថុនេះតែងតែផ្សាភ្ជាប់នឹងរូបិយវត្ថុដុល្លារ ($) របស់សហរដ្ឋអាមេរិក។
ងាកទៅវិស័យកីឡាវិញ យោងតាមគេហំទព័រផ្លូវការក្រុមបាល់ទាត់ជាតិបារ៉ែន សមាគមបាល់ទាត់ជាតិបារ៉ែនត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ១៩៥៧ និងចូលរួមក្នុងសមាគមបាល់ទាត់អន្តរជាតិ (Fédération Internationale de Football Association – FIFA) ជាលើកដំបូងនៃប្រវត្តិសាស្ត្របាល់ទាត់របស់ខ្លួននៅក្នុងឆ្នាំ១៩៦៨។ បើនិយាយអំពីចំណាត់ថ្នាក់នៅក្នុង FIFA ranking បាល់ទាត់បារ៉ែនកំពុងឈរនៅចំណាត់ថ្នាក់លេខ៩៨ គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ។
កន្លងមកនេះបារ៉ែនបានចូលរួមក្នុងការប្រកួតប្រជែងក្នុងពានរង្វាន់ធំៗជាច្រើន ក្នុងនោះរួមមាន៖ Asian Cup បង្ហាញខ្លួនបានចំនួន៦ដង គិតតាំងពីឆ្នាំ១៩៨៨មក និងទទួលបានលទ្ធផលដ៏ប្រសើរមួយ គឺចំណាត់ថ្នាក់លេខបួនក្នុងពានរង្វាន់នេះនៅឆ្នាំ២០០៤, WAFF Championship (The West Asian Football Federation Championship) បារ៉ែនបានចូលរួមប្រកួតតាំងពីឆ្នាំ២០១០មក សរុបមានវត្តមានចំនួន ៤ដង ជាពិសេសជម្រើសជាតិបារ៉ែនធ្វើបានយ៉ាងល្អ ដោយលើកពានក្នុងពានរង្វាន់នេះនៅឆ្នាំ២០១៩ថ្មីៗនេះ។
ត្រួសៗអំពីប្រវត្តិបាល់ទាត់ក្រុមជម្រើសជាតិបារ៉ែនខាងលើ យើងពិតជាទទួលស្គាល់ពីកម្រិត គុណភាព ក៏ដូចជាសមត្ថភាពរបស់កីឡាករម្នាក់ៗរបស់បារ៉ែន។ និយាយដោយឡែក ក្រុមគោព្រៃកម្ពុជារបស់យើងឯណេះវិញ ត្បិតអីកាយសម្បទា និងកម្ពស់ពុំសូវអំណោយផល បើធៀបនឹងក្រុមជម្រើសជាតិបារ៉ែន ប៉ុន្តែថ្មីៗកន្លងទៅនេះ ជាក់ស្តែងក្នុងការប្រកួតស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីន កម្ពុជាធ្វើបានយ៉ាងល្អ និងបានបំបែកកំណត់ត្រាជាច្រើនពុំធ្លាប់មាន ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក Felix Dalmas និងអ្នកចាត់ការទូទៅសញ្ជាតិជប៉ុន លោក Keisuke Honda ជាលទ្ធផល គោព្រៃកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសក្នុងគេហទំព័ររបស់ខ្លួននៅថ្ងៃនេះថា ក្រុមជម្រើសជាតិកម្ពុជាទាំង២៤រូប បានទៅដល់ប្រទេសបារ៉ែនដោយសុវត្ថិភាពបន្ទាប់ពីធ្វើដំណើរលើយន្តហោះ និងការរង់ចាំបន្តជើងសរុបអស់ជាង៣៨ម៉ោង ជាពិសេសក្រុមការងារ និងកីឡាករទាំងអស់តំណាងកម្ពុជាក៏បានធ្វើតេស្តរកមេរោគកូវីដ១៩រួចហើយដែរជាមួយនឹងលទ្ធផលអវិជ្ជមានទាំងអស់។ ប្រភពដដែលបន្តថា ក្រុមជម្រើសជាតិកម្ពុជានឹងអាចចាប់ផ្តើមការហ្វឹកហាត់របស់ខ្លួនបានក្នុងពេលឆាប់ៗក្រោមការដឹកនាំថ្មីពីសំណាក់លោកគ្រូបង្វឹកសញ្ជាតិជប៉ុន លោក RYU HIROSE មុននឹងការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ឈានចូលមកដល់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។
ស៊ូៗកម្ពុជា!
រូបភាព៖ AFC Asian Cup, សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
អត្ថបទ៖ BRANDMEDIA