យុវជនចូលរួមចំណែកបង្ការការរីករាលដាលនៃជំងឺកូវីដ១៩
អត្ថបទសម្ភាសន៍ដោយ៖ ផាត់ គឹមឆែ
ទោះបីជាបំរាមនានា និងវិធានការបិទខ្ទប់ត្រូវបានបន្ធូរបន្ថយដោយរដ្ឋាភិបាល ព្រមទាំងបានដាក់ចេញនូវវិធានការ៣កុំ ៣ការពារ តែស្ថានភាពកូវីដនៅកម្ពុជាបច្ចុប្បន្ននៅតែគួរឲ្យបារម្ភ ដោយតួរលេខនៃការឆ្លងហាក់មានការកើនឡើងនៅពេលថ្មីៗនេះ។
ជុំវិញបញ្ហានេះក្រុមយុវជនដែលជានិស្សិតនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានផ្ដល់ក្នុងបទសម្ភាសន៍មួយជាមួយ BRANDMEDIA អំពីក្ដីកង្វល់នឹងដំណោះស្រាយមួយចំនូន ក្នុងការចូលរួមការពារទប់ស្កាត់ការរីករាលដាលនៃជំនឺកូវីដ១៩យ៉ាងដូច្នេះថា៖
កញ្ញា ផេង ផល្លា « ស្ថានភាពជំងឺកូវីដនៅកម្ពុជាបច្ចុប្បន្នគឺមិនល្អទេ! ទោះបីមានការប្រយ័ត្នតែការឆ្លងនៅតែបន្ត។ យើងមិនអាចប៉ាន់ស្មានបានទេ ថាតើកូវីតបាត់ពេលណា អ្វីៗត្រូវដំណើរការដូចប្រក្រតីនៅពេលណា»។ កញ្ញាក៏បានបន្តទៀតថា «ដើម្បីបង្ការការឆ្លងដែលមានប្រសិទ្ធិភាពខ្ពស់គឺផ្ដើមចេញពីបុគ្គលម្នាក់ៗ បើម្នាក់ៗប្រុងប្រយ័ត្ននោះ តួរលេខនៃការឆ្លងអាចនឹងថមថយចុះ។ ក្នុងនាមយើងជាយុវជនយើងក៏ត្រូវជួយពន្យល់ក្រុមគ្រួសារក៏ដូចជាអ្នកជិតខាងផងដែរដែលពួកគាត់ខ្វះការយល់ដឹងលើបញ្ហានេះ។ ម៉្យាងវិញទៀតខាងសេវាសង្គមដូចជាមន្ទីរពេទ្យគួរមានការពង្រឹង ការធ្វើតេស្ដរកវីរុសដល់អ្នកដែលសង្ស័យ និងអ្នកដែលចង់ធ្វើតេស្ដរកវីរុសនេះឲ្យបានហ្មត់ចត់។
យុវជន អុង សំអាង វិញបានលើកឡើងថា«វិបត្តិកូវីដ១៩នេះបានផ្ដល់ផលប៉ះពាល់យ៉ាងច្រើនដល់សង្គមជាតិទាំងមូល ក៏ដូចជាប្រជាពលរដ្ឋទូទៅ។ ដូចនេះ ក្រៅពីរួមគ្នាអនុវត្តវិធានការ៣កុំ ៣ការពារដែលបានដាក់ចេញដោយក្រសួងសុខាភិបាលហើយ ខ្ញុំសូមលើកទឹកចិត្តឲ្យប្រជាជនទៅទទួលការចាក់វ៉ាក់ស៊ាំងការពារ ឲ្យបានគ្រប់ៗគ្នា ក្នុងបរិបទប្រយុទ្ធប្រឆាំងនឹងការរីករាលដាលកាន់តែធ្ងន់ធ្ងរនៃវីរុស មួយនេះ»។
និស្សិតស្រីម្នាក់ទៀតគឺកញ្ញា កែវ ស្រីមុំបានចូលរួមមតិជុំវិញបញ្ហានេះថា«បច្ចុប្បន្ននេះ គឺមានការកើនឡើងករណីវិជ្ជមានជារៀងរាល់ថ្ងៃ ទាំងការឆ្លងក្នុងសហគមន៍ ព្រមទាំងករណីនាំចូលពីក្រៅប្រទេស។ ក្នុងស្ថានភាពនេះ ខ្ញុំចង់ឲ្យប្រជាជានទាំងអស់ ចេះតាមដានព័ត៌មានរបស់ក្រសួងសុខាភិបាល ឲ្យបានទៀងទាត់និងចែករំលែកទៅកាន់មនុស្សជុំវិញខ្លួនពីវិធីបង្ការនិងការពារខ្លួនជាប្រចាំពីការឆ្លងជំងឺនេះ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ពិសេសអនុវត្តវិធានការចត្តាឡីស័ក ក្នុងករណីសង្ស័យថាមានផ្ទុកមេរោគកូវីដ១៩ »។
ស្ថានភាពកូវីតនៅតែមានភាពតឹងតែងដោយករណីឆ្លងសរុបមានចំនួន២៨,៨២៥ ករណីឆ្លងថ្មី៥៨៨នាក់ ជាសះស្បើយ២១,៣១៥នាក់(ថ្មី ៤១៥នាក់) និងករណីស្លាប់មានចំនួន២០៣នាក់(ថ្មី៧ នាក់) និងករណីនាំចូលពីក្រៅប្រទេសសរុប ៨២៤នាក់(ថ្មី ២០នាក់) ដោយគិតត្រឹមថ្ងៃទី២៨ ឧសភា ឆ្នាំ២០២១។
ចំពោះការចាក់វ៉ាក់សាំងកូវីដ១៩វិញ មានការកើនឡើងគួរឲ្យកត់សម្គាល់។ ខាងក្រោមនេះជាទិន្នន័យសរុបទូទាំងប្រទេស របាយការណ៍ដោយក្រសួងសុខាភិបាល និងក្រសួងការពារជាតិ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១៖
ការចាក់លើកទី១៖ ២,៤៦៤,៨៣៥នាក់
ការចាក់លើកទី២៖ ១,៨៦៤,១៩៩នាក់
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេសឱ្យបានចន្លោះពី១លាន ទៅ១៣លាននាក់៕
កែសម្រួលដោយ៖ BRANDMEDIA