ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ក្នុងបរិបទមិនច្បាស់លាស់នៃស្ថានភាពនយោបាយសកល ការវិភាគមុខងារជាមាគ៌ាមួយជួយដល់ប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា
នេះជាប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលបានលើកឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ក្នុងបរិបទមិនច្បាស់លាស់នៃស្ថានភាពនយោបាយសកល ការវិភាគមុខងារជាមាគ៌ាមួយជួយដល់ប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា អាចពង្រឹងខ្លួន ប្រឈមនឹងវិបត្តិនានា តាមរយៈការពង្រឹងសមត្ថភាពស្ថាប័ន ប្រសិទ្ធភាពការងារ ការសន្សំសំចៃ និងបង្កើនសមត្ថភាពប្រកួតប្រជែង ក្នុងការការពារ និងទាញយកផលប្រយោជន៍បន្ថែមដល់កម្ពុជា។
ឯកឧត្តមបន្តថា ការកែទម្រង់មុខងារសាធារណៈ ដែលក្រសួងមុខងារសាធារណៈបាន និងកំពុងសម្របសម្រួល សហការរៀបចំជាមួយក្រសួងស្ថាប័ន ទាមទារឱ្យយើងទាំងអស់គ្នា ធ្វើដំណើររួមគ្នា ជាជំហានៗ គិតគូរហ្មត់ចត់ ថ្លឹងថ្លែងច្បាស់លាស់ ដោយឈរលើគោលការណ៍ពង្រឹង ជាជាងពង្រីក បង្កើនភាពប្រទាក់ក្រឡា បំពេញ និងជំរុញគ្នាទៅវិញទៅមកក្នុងស្មារតីជវភាពនៃប្រព័ន្ធតួអង្គតែមួយសំដៅអនុវត្តកម្មវិធីរបស់រាជរដ្ឋាភិបាលដើម្បីរួមគ្នាឆ្ពោះទៅសម្រេចចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការកសាងប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វ័យឆ្លាត និងស្អាតស្អំ៕