|

មហាជនសម្ដែងការពេញចិត្ត និងកោតសរសើរ ចំពោះការរចនាខ្លោងទ្វារព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ


ខ្លោងទ្វារព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ បានចេញជារូបរាង និងបានបង្ហាញជាផ្លូវការលើទំព័រអង្គរសង្ក្រាន្ត នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ។

ខ្លោងទ្វារនេះ ត្រូវបានរចនាឡើងតាមរចនាប័ទ្មបែបបុរាណ មានក្បូរក្បាច់លម្អដ៏ប្រណីត និងមានបង្កប់នូវអត្ថន័យបែបខ្មែរ ប្រៀបដូចជាដួងព្រលឹងខ្មែរ ដែលញញឹម សាទរ ស្វាគមន៍ រាក់ទាក់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលឆាប់ៗខាងមុខនេះ។

ក្រោយការបង្ហាញរូបរាងខ្លោងទ្វារនេះ មានបងប្អូនអ្នកលេងបណ្ដាញសង្គមជាច្រើន បានចូលទៅបញ្ចេញមតិ សម្ដែងការគាំទ្រ និងកោតសរសើរចំពោះការរចនាដ៏ស្រស់ស្អាត និងឆ្លុះបញ្ចាំងពីលក្ខណៈបែបបទខ្មែរ ដែលសក្តិសមសម្រាប់តាំងបង្ហាញក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដោយនឹងមានបង្ហាញនូវទស្សនីយ៍ភាពសិល្បៈ វប្បធម៌ដ៏សម្បូរបែប តាមរយៈកម្មវិធីថ្មីៗជាច្រើន ដើម្បីផ្តល់ស្នាមញញឹម និងផ្តល់ភាពសប្បាយរីករាយដល់មហាក្រុមគ្រួសារខ្មែរ នៅលើទឹកដីអង្គរ៕