ការស្រាវជ្រាវបុរាណវិទ្យាថ្មី៖ ទីក្រុងអង្គរវត្តមានប្រជាជនច្រើនជាងទីក្រុង Boston នាសម័យទំនើប


ប្រាសាទអង្គរវត្តជាដួងព្រលឹងជាតិកម្ពុជា ជាប្រាសាទដ៏ធំសម្បើម ត្រូវបានសកលលោកទទួលស្គាល់ថាជាវិមានសាសនាធំបំផុតរបស់ពិភពលោក។ ថ្មីៗនេះ អ្នកបុរាណវិទ្យាបានសិក្សាស្រាវជ្រាវអំពីចំនួនប្រជាជនខ្មែរដ៏ច្រើនគួរឱ្យចាប់អារម្មណ៍ ដែលបានតាំងទីលំនៅក្នុងទីក្រុងបុរាណដ៏ធំនេះនាសតវត្សទី១៣។ យោងតាមការសិក្សានេះបានបង្ហាញថា  មានប្រជាជនរស់នៅប្រមាណជា ៧០០,០០០ ទៅ ៩០០,០០០ នាក់ ដែលតួរលេខនេះ ធ្វើឱ្យទីក្រុងអង្គរក្លាយជាទីក្រុងដ៏ធំសន្ធឹងមួយក្នុងចំណោមទីក្រុងមុនសម័យទំនើបផ្សេងទៀត ព្រោះបើធៀបទៅនឹងក្រុង Boston មានប្រជាជនរស់នៅប្រមាណជា ៦៩២.៦០០ នាក់ប៉ុណ្ណោះ នេះជាការប៉ាន់ស្មានរបស់អ្នកសិក្សាស្រាវជ្រាវបុរាណវិទ្យាក្នុងឆ្នាំ២០១៩កន្លងទៅ។

ការប៉ាន់ស្មានថ្មីនេះ សម្រេចឡើងដោយបានផ្អែកលើទិន្នន័យបុរាណវិទ្យា (រយៈពេល ៣០ឆ្នាំ) តាមរយៈការធ្វើកំណាយក្នុងស្ថានីយ៍ប្រវត្តិសាស្ត្រ សហការជាមួយនឹងអាជ្ញាធរជាតិអប្សរានៃព្រះរាជាណាចក្រ កម្ពុជា ព្រមទាំងប្រើបច្ចេកទេស Scan ទំនើប ដោយបានបង្ហោះយន្ដហោះដែលបំពាក់ដោយឧបករណ៍ LiDAR ឬជាភាសាអង់គ្លេសថា Light Detection and Ranging។ នេះបើយោងតាមការសិក្សាមួយរបស់សាកលវិទ្យាល័យ  British Columbia ចុះផ្សាយនៅលើគេហទំព័រ Science Advances

អ្វីដែលក្រុមការងារស្រាវជ្រាវបានរុករកឃើញ គឺចំនួនប្រជាជនដែលរស់នៅជុំវិញទីក្រុងមានការកើនឡើងយ៉ាងខ្លាំង តាំងតែពីទីក្រុងបុរាណនេះចាប់ផ្តើមកសាងឡើងក្នុងសតវត្សទី៩។ លទ្ធផលនៃការស្រាវជ្រាវដោយអ្នកនិពន្ធពីររូបគឺ Carter  និង Sarah Klassen ដែលជាអ្នកស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិត (postdoctoral researcher) នៅក្នុងសាកលវិទ្យាល័យ British Columbia បានបញ្ជាក់បន្តថា ប្រសិនបើការប៉ាន់ស្មានថា ប្រជាជនអង្គរមានប្រមាណជាជាង ៩០០.០០០នាក់ ជាចំនួនត្រឹមត្រូវ នោះបានសេចក្តីថា ជាទីក្រុងខ្មែរដែលមានចំនួនប្រជាជនជិតស្នើនឹងប្រជាជនរស់នៅក្នុងទីក្រុងរ៉ូមបុរាណ ពោលគឺប្រមាណជា១លាននាក់។

សហស្រាវជ្រាវទាំងពីររូបខាងលើ បានជឿជាក់ថា ការរកឃើញរបស់ពួកគាត់ក្លាយជាតឹកតាងដ៏សំខាន់ក្នុងការយកទៅប្រៀបធៀបលើមុខវិជ្ជានគរូបនីយកម្ម។ ជាពិសេសវាអាចក្លាយជាអំណះអំណាងក្នុងការស្វែងយល់ទាក់ទងនឹងការផ្លាស់ប្តូរអាកាសធាតុ ដែលជាកត្តាមួយនាំឲ្យសម័យអង្គរមានការធ្លាក់ចុះ ឬចុះខ្សោយ ព្រមទាំងវិបត្តិអាកាសធាតុដែលកំពុងប្រឈមនឹងសង្គមរបស់យើងបច្ចុប្បន្នផងដែរ។

សហអ្នកនិពន្ធមួយរូបទៀត ជានាយកមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យហាវ៉ៃ នៅឯ Manoa សហរដ្ឋអាមេរិក លោកស្រី Miriam T. Stark បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយថា “ការសិក្សារកតួរលេខប្រជាជននៅទីក្រុងអង្គរ គឺពិតជាមានសារៈសំខាន់សម្រាប់ជាទស្សនវិស័យនាពេលអនាគតទាក់ទិននឹងបម្រែបម្រួលអាកាសធាតុរបស់ពិភពលោក”៕

សូមមើលខ្សែវីដេអូដែលបង្ហាញពីដង់ស៊ីតេប្រជាជននៅតំបន់អង្គរធំ តាមរយៈតំណភ្ជាប់ខាងក្រោម៖

ទីក្រុង Boston

ប្រភព៖ Artnet

បកប្រែដោយ៖ ផាត់ គឹមឆែ

កែសម្រួលដោយ៖ BRANDMEDIA