| |

ភិក្ខុពនេចរ រឿងអប់រំបែបព្រះពុទ្ធសាសនា មានបង្កប់អត្ថន័យជ្រាលជ្រៅ


ដោយ៖ ផាត់ គីមឆែ

ភិក្ខុពនេចរ ជាខ្សែភាពយន្តបែបអប់រំថ្មីដែលបានផ្សាភ្ជាប់ និងបង្ហាញពីតម្លៃនៃព្រះពុទ្ធសាសនាតាមរយៈការបញ្រ្ជាបគោលគំនិតអប់រំឆ្លុះបញ្ចាំងទិដ្ឋភាពក្នុងសង្គមជាក់ស្ដែង។ រឿងភាគនេះ មានឈុតឆាកពិសេសៗគួរឱ្យចាប់អារម្មណ៍ជាច្រើន ហើយឈុតឆាកនីមួយៗសុទ្ធតែបានរំលេចចេញនូវការអប់រំ និងបណ្ដុះស្មារតីសាធារណៈជនទូទៅឱ្យមានចិត្តស្រលាញ់សម្បត្តិវប្បធម៌ខ្មែរ។

មានមាឌមាំសង្ហា លោក​ សន ពិសិដ្ឋ តួឯកក្នុងរឿងភិក្ខុពនេចរបានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍ជាមួយ BRANDMEDIA យ៉ាងដូច្នេះថា៖«សម្រាប់រឿងភិក្ខុពនេចរ មានតម្លៃអប់រំទូលំទូលាយ។ ហេតុផល គឺដោយសារតែនៅក្នុងរឿងនេះតែងបង្ហាញនូវបញ្ហា ក៏ដូចជាដំណោះស្រាយផ្សេងៗទៅតាមភាគនីមួយៗ។»

«អ្នកទស្សនាគួរតែទស្សនារឿងភិក្ខុពនេចរ ព្រោះវាជារឿងភាគអប់រំមួយបែបព្រះពុទ្ធសាសនា ហើយជារឿងដំបូងគេនៅប្រទេសកម្ពុជាយើងដែលមានតម្លៃអប់រំល្អមែនទែន។ ហើយសូម្បីតែនៅក្នុងកម្មវិធីអប់រំពីជំនាន់មុនៗក៏មានដាក់បញ្ចូលរឿងភិក្ខុពនេចរនឹងទៅក្នុងកម្មវិធីសិក្សាដែរ។ ពោល រឿងភិក្ខុពនេចរ មានតម្លៃអប់រំស៊ីជម្រៅខ្លាំងមែនទែនទៅតាមបែបព្រះពុទ្ធសាសសនា ក៏ដូចជាសម្រាប់ស្ថានភាពជាក់ស្ដែងផ្សេងៗនៅក្នុងជីវិតរស់នៅយើងសព្វថ្ងៃ ឬពីជំនាន់មុនៗមក។»

តារាប្រុសរូបនេះបានបន្តបង្ហើបពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា៖ «ក្រោយពីបានថតរឿងភិក្ខុពនេចរហើយ រឿងដែលខ្ញុំចង់សម្ដែងបន្តទៀត… គោលដៅដែលខ្ញុំចង់មែនទែននោះ គឺជារឿងបែប Action ជារឿងបែបវាយតប់ ឬបាញ់ប្រហារ… ហ្នឹង! ជាភាពយន្តបន្ទាប់ដែលបងតែងប៉ងប្រាថ្នា។»

«ថ្វីដ្បិតថានៅក្នុងប្រទេសកម្ពុជាយើង មិនសូវមានទីផ្សារទេសម្រាប់ភាពយន្តបែប Action តែយ៉ាងណាក៏ខ្ញុំនៅតែប្រាថ្នា ព្រោះវាគោលដៅដែលខ្ញុំចង់តាំងពីដើមមក»។

បន្ថែមពីលើបំណងប្រាថ្នារបស់លោក លោកក៏បានបញ្ជាក់ពីមូលហេតុដែលលោកចង់សម្ដែងរឿងបែបនេះ។ ឈប់បន្តិច តារាសម្តែងរូបនេះបន្តដោយម៉ឺងម៉ាត់ថា៖ «ក៏ព្រោះតែ… ទីមួយ គឺយើងស្រលាញ់ ទីពីរ គឺខ្ញុំបានហាត់រៀនទាក់ទងទៅនឹងក្បាច់គុណល្បុកតោបុរាណខ្មែរ ហាត់ប្រាណ ហាត់កីឡាផ្សេងៗ ដើម្បីបង្វឹករាងកាយក៏ដូចជាសមត្ថភាពការសម្ដែង។ ឥឡូវនេះគឺខ្ញុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការថត ក្នុងឈុតឆាកបែបវាយប្រហារអីហ្នឹងដើម្បីបង្ហាញនូវអ្វីដែលជាសមត្ថភាពរបស់យើងហ្នឹង។ម៉្យាងវិញទៀតក្នុងប្រទេសយើងសម្រាប់តួអង្គដែលលក្ខណៈវាយប្រហារអីបែបហ្នឹងមិនសូវមានទេ ដោយសារចឹបានខ្ញុំចង់ក្ដោបឱកាសហ្នឹង។»

បើតាមលោក  សន ពិសិដ្ឋ បញ្ជាក់មុននឹងបញ្ចប់ការសម្ភាសន៍តាមប្រព័ន្ធ Digital ការផលិតខ្សែភាពយន្តមួយនេះ ក្រុមការងារទាំងអស់ (Pre-production, Production, Post-production)បានខិតខំប្រឹងប្រែង ព្យាយាម ខ្លាំងមែនទែនដើម្បីបង្កើតបានជាទស្សនីយភាពមួយដ៏ល្អ ដោយមានក្រុមការងារទាំងក្នុង និងក្រៅប្រទេសសម្រិតសម្រាំងផ្ទិតផ្ចង់ទៅលើការកែ Color និង Sound ជាដើម។

ជាមួយគ្នានេះដែរ រឿងភិក្ខុពនេចរ ឬជាភាសាអង់គ្លេសថា THE NOMADIC MONK ត្រូវបានចាក់បញ្ចាំងជូនទស្សនានៅលើ YouTube Channel ផ្លូវការរបស់ (លោកគ្រូ) ភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានចំនួន៥ភាគហើយ។ សូមតាមដានទស្សនា រឿងភាគអប់រំបែបព្រះពុទ្ធសាសនាខាងលើ តាមរយៈតំណភ្ជាប់នេះ

រូបភាព៖ សន ពិសិដ្ឋ

សម្ភាស និងកែសម្រួលដោយ៖ BRANDMEDIA