ទស្សនៈយុវជន៖ ឃ្លាមួយចំនួនដែលអ្នកត្រូវចងចាំ កុំឱ្យសម្ដីអ្នកដទៃបំបាក់ទឹកចិត្តអ្នក


អត្ថបទដោយ៖  ង៉ុយ សារិកា

សមិទ្ធផលដ៏អស្ចារ្យបំផុតរបស់អ្នក គឺអ្នកអាចធ្វើជាខ្លួនអ្នក នៅក្នុងពិភពលោកដែលកំពុងព្យាយាមធ្វើឱ្យអ្នកក្លាយជាអ្វីផ្សេងទៀតឬ ក្លាយទៅជានរណាម្នាក់ដែលមិនមែនជាអ្នក។

ការជឿជាក់លើខ្លួនឯងគឺជារឿងទីមួយដែលបុគ្គលជោគជ័យជាច្រើនបានយកមកដាក់ខ្លួន។ ដ្បិតតែវាជាថាមពលដែលមើលមិនឃើញ តែវាជាថាមពលដែលជំរុញឲ្យមនុស្សភាគច្រើនបានស្គាល់ពីឧត្ដមភាពរបស់ខ្លួនក្នុងធ្វើកិច្ចការដែលខ្លួនស្រឡាញ់។ ថាមពលដែលនៅក្នុងខ្លួនឣ្នក មានច្រើនដូចនេះចូរប្រើវាដោយភាពត្រឹមត្រូវដើម្បីខ្លួននិងសង្គម។ មនុស្សបានបាត់បង់ខ្លួនឯង ដោយសារតែការខ្វះជំនឿចិត្តនេះឯង។

ត្រូវប្រកាន់នូវជំហរដ៏រឹងមាំរបស់អ្នក ទន្ទឹមនឹងការណ៍ស្គាន់ខ្លួនឯងឱ្យបានច្បាស់ហើយតាំងចិត្តឱ្យមុតមាំថា :«ខ្ញុំត្រូវតែរឹងមាំ តែខ្ញុំមិនមែនរឹងរួសនោះទេ។ ខ្ញុំរីករាយនូវអ្វីដែលខ្ញុំមាន។»

អ្វីដែលខ្ញុំកំពុងធ្វើ ឱ្យតែការណ៍នោះជារឿងត្រឹមត្រូវ ខ្ញុំនឹងធ្វើវា ខ្ញុំនឹងមិនកែប្រែគោលដៅរបស់ខ្ញុំ ដើម្បីតម្រូវចិត្តនរណាម្នាក់ឬអ្នកផ្សេងនោះទេ។ ព្រោះនូវពេលដែលខ្ញុំទទួលបរាជ័យ គឺមានតែខ្ញុំទេ ដែលនៅក្បែរខ្លួនខ្ញុំគ្រប់ពេលវេលា ចាំជំរុញ និងលើកទឹកចិត្តខ្លួនឯង។

ដ្បិតការលើកទឹកចិត្ត ហើយនិងក្ដីស្រលាញ់ក្ដី ដែលអ្នកដទៃ ប្រគល់មកឱ្យយើង វាគង់នឹងរលាយបាត់ទៅវិញ នៅថ្ងៃណាមួយដែលគេដើរចេញពីយើងជាមិនខាន តែខ្លួនអ្នកវិញ គឺត្រូវរស់នៅជាមួយខ្លួនឯង ទាំងពេលសប្បាយ និងពេលកើតទុក្ខ។

ក្ដីសុខបំផុតសម្រាប់ជីវិត នោះគឺ ឈ្នះលើខ្លួនឯង មិនមែនឈ្នះអ្នកដទៃ ស្វែងយល់ពីខ្លួនឯងឱ្យបានច្បាស់ ស្គាល់ខ្លួនឯងឱ្យបានច្បាស់ ដឹងសភាពនៃចិត្ត  ប្រាកដលើទង្វើខ្លួនឯង។

«អ្វីដែលអ្នកគិតថាជាខ្ញុំ អាចថាមិនមែនជាខ្ញុំក៏ថាបាន។ ទោះអ្នកចង់ឱ្យខ្ញុំក្លាយទៅជាអ្វី តែខ្ញុំនៅតែជាខ្ញុំ។ជីវិតរបស់ខ្ញុំ ខ្ញុំនឹងធ្វើការសម្រេចចិត្តដោយខ្លួនឯងដោយមិនត្រូវការពឹងពាក់ឱ្យអ្នកណាមកសម្រេចចិត្តជំនួសនោះទេ ខ្ញុំគួរតែដើរលើផ្លូវផ្ទាល់ខ្លួនដែលខ្ញុំបានជ្រើស។ខ្ញុំអាចដើរលើផ្លូវមួយតែម្នាក់ឯង ឱ្យតែមានគោលដៅច្បាស់លាស់ ប្រសើរជាជាងមានគ្នាច្រើនតែបែជាដើរនូវលើផ្លូវគ្មានគោលដៅពិតប្រាកដនិងច្បាស់លាស់។»

«ខ្ញុំមិនដែលធ្វើពុតជាអ្នកផ្សេងបាននោះទេ ហើយខ្ញុំនឹងមិនចង់ក្លាយជាអ្នកផ្សេងដូចគ្នា។»៕

#រស់ជាខ្លួនឯង ជឿជាក់លើខ្លួនឯង៕