|

Sea Games 2019 ឡើងដល់វគ្គ៤ក្រុម ខណៈSea Games 2021 កាន់តែកៀក


អ្នកនិយមគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជា ពិតជាមិនអាចបំភ្លេចបានទេ អំពីសមរភូមិវាលស្មៅបៃតងដ៏ក្តៅគគុក ដែលក្រុមគោព្រៃជំទង់កម្ពុជាដឹកនាំដោយគ្រូបង្វឹកសញ្ជាតិ​អា​ហ្ស​ង់​ទីន លោក Felix Dalmas និងអ្នកចាត់ការទូទៅសញ្ជាតិជប៉ុន លោក Keisuke Honda បានធ្វើព្យុះធ្វើភ្លៀងជាមួយនឹងទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើល ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០​ កាលពីឆ្នាំ២០១៩ នៅក្នុងប្រទេសហ្វីលីពីនកន្លងទៅ។

កាលពីកន្លងទៅថ្មីៗនេះ ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ ព្រឹត្តិការណ៍ Sea Games 2019 យើងឡើងដល់វគ្គ៤ក្រុម ដូច្នេះ Sea Games 2021 ធ្វើម៉េចឱ្យបាន មេដាយសំរឹទ្ធ ហើយដល់ Sea Games 2023 គោលដៅរបស់យើង គឺឈ្នះមេដាយមាស។

ទីក្រុងហាណូយ ប្រទេសវៀតណាមនឹងបើកទ្វារធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ Sea Games លើកទី៣១ ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ ចំណែកឯប្រទេសកម្ពុជាយើងទៀតសោត ក៏កំពុងតែរៀបចំយ៉ាងសស្រាក់សស្រាំផងដែរ ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដ៏ខ្លីខាងមុខនេះ។


យ៉ាងណាមិញ អ្វីដែលប្រជាជាតិកម្ពុជា ពិសេសប្រិយមិត្តនិយមកីឡាបាល់ទាត់បានដក់ជាប់ក្នុងក្រអៅបេះដូងមិនចេះភ្លេចនោះ គឺការបំបែកកំណត់ត្រាសំខាន់ៗជាច្រើន កាលពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ ក្នុងប្រទេសហ្វីលីពីនកន្លងទៅ។ ខាងក្រោមនេះជាកំណត់ត្រាត្រួសៗ ដែលវិស័យកីឡាបាល់ទាត់ផ្នែកបុរសកម្ពុជាមិនធ្លាប់បំបែកបានក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍៖

១. ឈានជើងចូលវគ្គ៤ក្រុមចុងក្រោយជាលើកដំបូង គិតចាប់ពីព្រឹត្តិការណ៍នេះបង្កើតឡើងដំបូងឆ្នាំ១៩៥៩

២. ទទួលបានចំណាត់ថ្នាក់លេខ៤ជាលើកដំបូង គិតចាប់ពីព្រឹត្តិការណ៍នេះបង្កើតឡើងដំបូងឆ្នាំ១៩៥៩

៣. រកគ្រាប់បានច្រើនជាងគេក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនក្នុងព្រឹត្តិការណ៍នេះ កាលពីប៉ះទីម័រក្នុងលទ្ធផល៥:០ គិតចាប់ពីព្រឹត្តិការណ៍នេះបង្កើតឡើងដំបូងឆ្នាំ១៩៥៩

៤. ផ្តល់មេរៀនជាប្រវត្តិសាស្រ្តដល់ម៉ាឡេស៊ី ជាជើងឯករង កាលពី See games លើកទី២៩ ក្នុងលទ្ធផល ៣ទល់១

៥. ទាត់បញ្ចូលទីប្រើពេលលឿនជាងគេក្នុងព្រឹត្តិការណ៍នេះ ដោយកីឡាករវ័យក្មេងជាងគេ ត្រឹម២០វិនាទីដំបូងក្នុងវគ្គទី១(កម្ពុជា vs ភូមា)។

អបអរសាទរគោព្រៃកម្ពុជា សម្រាប់កំណត់ត្រាទាំងអស់នេះ ព្រមទាំងសមិទ្ធផលធំៗជាច្រើនទៀតសម្រាប់ជាតិ និងអ្នកគាំទ្រកម្ពុជា។ សង្ឃឹម និងជឿជាក់ថា គោព្រៃកម្ពុជាធ្វើនឹងបានល្អជាបន្តបន្ទាប់។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសតែងតាំងគ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា សញ្ជាតិជប៉ុន លោក RYU HIROSE៕

ស៊ូៗកម្ពុជា!!!

អត្ថបទ៖ brandmedia