អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបចេញមកបញ្ជាក់ថា ពុំមានការប្ដូឈ្មោះសួនព្រះរាជដំណាក់ ទៅជាសួនតេជោសន្តិភាពឡើយ
ថ្មីៗនេះមានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមថា ពលរដ្ឋមួយចំនួននៅក្នុងខេត្តសៀមរាប បានបង្ហាញប្រតិកម្មចំពោះការប្ដូរឈ្មោះសួនព្រះរាជដំណាក់ ទៅជាឈ្មោះសួនតេជោសន្តិភាព និងលើកឡើងថា អាជ្ញាធរព្យាយាមលុបបំបាត់ទីតាំងប្រវត្តិសាស្ត្ររបស់ព្រះមហាក្សត្រជំនាន់មុនៗ។
ក្រោយមានការជជែកវែកញែកលើបញ្ហានេះ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានចេញមកបញ្ជាក់ថា សួនព្រះរាជដំណាក់ពុំមានការប្ដូរឈ្មោះឡើយ គឺនៅដដែល។ សួន តេជោសន្តិភាព ជាឈ្មោះផ្លូវការសួនមួយទៀតដោយឡែក ពុំមានពាក់ព័ន្ធនឹងសួនព្រះរាជដំណាក់ឡើយ។





គួរបញ្ជាក់ថា សួនតេជោសន្តិភាពត្រូវបានក្រុងពលីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ដែលមានទីតាំងមិនឆ្ងាយពីសួនព្រះរាជដំណាក់។ យោងតាមការលើកឡើងរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាបកាលពីពេលកន្លងទៅបានឱ្យដឹងថា ការសាងសង់សួនតេជោសន្តិភាព មានខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅអំពីគុណតម្លៃនៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានបញ្ចប់សង្គ្រាមទាំងស្រុង ហើយនាំមកនូវសុខសន្តិភាពពេញលេញដល់កម្ពុជា។ ជាមួយគ្នានេះ សួនតេជោសន្តិភាព គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្តសៀមរាប ដែលអាចឱ្យភ្ញៀវទេសចរមកកម្សាន្ត និងស្វែងយល់ពីយុទ្ធសាស្ត្រ និងគុណតម្លៃនៃការបញ្ចប់សង្គ្រាម និងនាំមកនូវសុខសន្តិភាពសម្រាប់កម្ពុជា និងខេត្តសៀមរាប។
ប្រភព៖ មជ្ឈមណ្ឌលវប្បធម៌