យុវជនមួយក្រុមបង្កើតគម្រោងអប់រំលើប្រព័ន្ធឌីជីថលលើកទឹកចិត្តពលរដ្ឋក្នុងការកាត់បន្ថយប្លាស្ទិក
ដោយ៖ ង៉ាយ ណៃ
មានជំនាញលើប្រព័ន្ធផ្សព្វផ្សាយ និងចិត្តស្រលាញ់បរិស្ថាន និស្សិតឆ្នាំទីបីមួយក្រុមនៃដេប៉ាត៉ម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបង្កើតគម្រោងមួយក្នុងគោលបំណងបញ្ជ្រាប និងលើកកម្ពស់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយអនុវត្តគោលការណ៍ 5Rs (បដិសេធមិនប្រើប្រាស់, កាត់បន្ថយ, ប្រើប្រាស់ឡើងវិញ, កែច្នៃ និងរំឭកឡើងវិញ)។
គម្រោងផ្សព្វផ្សាយស្ដីពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនោះមានឈ្មោះថា Re-Five។ វាបានចាប់ផ្ដើមដំណើរដំបូងនៅខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការគាំទ្រពីរដ្ឋាភិបាលស៊ុយអ៊ែត យូអិនឌីភី ក្រោមគម្រោងជំរុញ បរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍដោយចីរភាព (BESD) ក្រសួងបរិស្ថាន និងដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។
គោលដៅធំបំផុតនៃការបង្កើតគម្រោងនេះ គឺដើម្បីចូលរួមផ្សព្វផ្សាយអំពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងការរស់នៅប្រចាំថ្ងៃឱ្យមកនៅកម្រិតមួយទាប ឬគ្មានសោះ។
ជា តារាពេជ្រ និស្សិតឆ្នាំទីបីនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ និងជាសមាជិកម្នាក់នៃគម្រោង Re-Five។ តារាពេជ្រ មានតួនាទីស្នូលក្នុងការងារផលិតវីដេអូអប់រំខ្លីផ្សេងៗសម្រាប់គម្រោង Re-Five។ និយាយក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន BRANDMEDIA ជា តារាពេជ្រ បានលើកឡើងថា៖ «គម្រោងនេះត្រូវបានបង្កើតឡើងដោយឈរលើគោលដៅធំៗចំនួនពីរ។ ទីមួយ យើងចង់ផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាពលរដ្ឋខ្មែរ ដែលនិយមចូលចិត្តប្រើប្រាស់ថង់ប្លាស្ទិកច្រើនហួសប្រមាណ ឱ្យងាកមកកាត់បន្ថយ និងលុបបំបាត់បន្តិចម្ដងៗ ដោយជំនួសមកវិញនូវសម្ភារៈ ឬរបស់របរអាចប្រើប្រាស់ឡើងវិញបាន។ ទីពីរ យើងចង់អប់រំ និងផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្ម និងអ្នកលក់ដូរនានា លើការងារកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងដំណើរអាជីវកម្មរបស់ពួកគេ។»
«ដ្បិតគម្រោងនេះតូចទើបនឹងចាប់ផ្ដើមពិតមែន តែយើងមានទស្សនៈវែងឆ្ងាយក្នុងការចូលរួមជាមួយដៃគូរពាក់ព័ន្ធ លើការងារផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋអំពីបញ្ហាកំពុងប្រឈមនេះ។»
ស្ថិតក្នុងបរិបទកូវីដ-១៩ និងការកើនឡើងនៃការប្រើប្រាស់បណ្ដាញសង្គម ជាពិសេសហ្វេសប៊ុក ក្រុមការងារ Re-Five បានសម្រេចចិត្តបង្កើតគម្រោងនេះឡើងដោយដំណើរការនៅលើប្រព័ន្ធឌីជីថល។ ទាក់ទិននឹងបញ្ហានេះ តារាពេជ្រ បានបញ្ជាក់យ៉ាងដូច្នេះ៖«គម្រោងនេះត្រូវបានបង្កើតឡើងស្របពេលមានជំងឺរាតត្បាតសកលកូវីដ-១៩ ដូច្នេះយើងមិនមានលទ្ធភាពចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្ទាល់នោះឡើយ។ ម៉្យាងវិញទៀត ដោយមើលឃើញពីសន្ទុះនៃការប្រើប្រាស់បណ្ដាញសង្គមពីសំណាក់ប្រជាជនខ្មែរភាគច្រើន យើងបានសម្រេចចិត្តធ្វើវាឡើងនៅលើប្រព័ន្ធឌីជីថល ដោយសង្ឃឹមថាគម្រោងនេះនឹងបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាននៃប្រទេសកម្ពុជា។»
«ក្នុងរយៈពេលកន្លងមក យើងបានរៀបចំកម្មវិធីមួយចំនួនដើម្បីលើកចិត្តដល់សាធារណៈជនទូទៅចូលរួមសកម្មភាពក្នុងគម្រោងរបស់យើង។ យើងបានរៀបចំកម្មវិធីប្រកួតប្រជែងប្រឡងសំណេរក្រោមប្រធានបទ «បរិស្ថានដែលខ្ញុំប្រាថ្នា» និងការប្រឡងថតរូបភាពបែបច្នៃប្រឌិតពាក់ព័ន្ធនឹងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ហើយនៅចុងខែឧសភានេះ យើងនឹងរៀបចំសិក្ខាសាលាមួយ ដោយមានការចូលរួមពីមន្ត្រីជំនាញរបស់យូអិនឌីភី និងអ្នកជំនាញនៃអង្គការ COMPED មកចែករំលែកបទពិសោធ និងចំណេះដឹងទូទៅជុំវិញប្រធានបទការប្រើប្រាស់ប្លាស្ទិក។»
ដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គម្រោង Re-Five បានជួបការលំបាកខ្លះៗក្នុងដំណើរការការងាររបស់ខ្លួន។ នូ វីរៈ សមាជិកម្នាក់ទៀតនៃគម្រោង Re-Five បានរៀបរាប់ថា៖«ដោយសារកូវីដ-១៩ កំពុងវាយលុកខ្លាំង ការងារមួយចំនួនរបស់យើងត្រូវបានរាំងស្ទះ។ តែយ៉ាងណាក៏ដោយ យើងនៅតែព្យាយាមផលិតវីដេអូអប់រំខ្លីៗ សម្រាប់ផ្ដល់ការកម្សាន្ត និងអប់រំដល់ប្រជាពលរដ្ឋក្នុងអំឡុងពេលកូវីដ-១៩នេះ។»៕