ប្រវត្តិត្រួសៗពីវីតាមីនស៊ី ឬអាស៊ីតអាស្ករប៊ិក
ជាហេតុប្រចក្ស នៅពេលដែលយើងទទួលទានរបបអាហារទាំងឡាយណាដែលខ្វះវីតាមីនសេ វានឹងនាំឲ្យយើងជួបប្រទះនូវគុណវិបត្តជាជំងឺជាច្រើននិយាយជារួម និងជាមួយដោយឡែកកង្វះវីតាមីនស៊ីនេះនឹងនាំឱ្យយើងវិវឌ្ឍនទៅរកជំងឺម្យ៉ាង ដែលត្រូវបានគេហៅថា ជំងឺរាក់ស៊ីធ្មេញ។ គួរឱ្យកត់សម្គាល់ថា មានការសិក្សាជាច្រើនបានបង្ហាញអំពីប្រវត្តិនៃជំងឺរាក់ស៊ីធ្មេញ, ការព្យាបាល, ការបង្ការ ព្រមទាំងការកំណត់អត្តសញ្ញាណអាស៊ីតអាស្ករប៊ិក ឬ Vitamin Cជាដើម។
ខាងក្រោមនេះ គឺជាសេចក្តីសង្ខេបត្រួសៗអំពីប្រវត្តិទាក់ទិននឹងទំនាក់ទំនងរវាងវីតាមីនស៊ី (ឬអាស៊ីតអាស្ករប៊ិក) ជាមួយនឹងជំងឺធ្មេញកើតរាក់ ឬរាក់ស៊ីធ្មេញ៖
ឆ្នាំ១៥៥០ មុនគ.ស ដោយលោក Eders Papyrus
លោក Eders Papyrus បានបង្ហាញឱ្យឃើញនូវកត្តាមួយចំនួនដែលនាំឱ្យមាននូវជំងឺរាក់ស៊ីធ្មេញនេះកើតឡើង។
វិធីព្យាបាលជំងឺនេះ គឺការទទួលទានខ្ទឹមបារាំង ព្រោះវាក៏មានបរិមាណវីតាមីន C តិចតួចផងដែរ។
ឆ្នាំ៤០០ មុនគ.ស ដោយ Hippocrates
អ្នករូបវិទូបុរាណជនជាតិក្រិក លោក Hippocrates ត្រូវបានគេឱ្យរហស្សនាមថា ជាបិតាឱសថលោកខាងលិច។ គាត់បានសរសេរយ៉ាងច្រើនទាក់ទិនអំពីបញ្ហាវេជ្ជសាស្ត្រ និងរៀបរាប់អំពីរោគសញ្ញានៃជំងឺរាក់ស៊ីធ្មេញ ឬធ្មេញកើតរាក់ជាដើម។ ជាការពិតធ្មេញកើតរាក់ មានអាការៈដូចជា៖ បណ្តាលឱ្យជើងធ្មេញហើម បង្កជាខ្ទុះឈាមស្អុយនាំឱ្យធ្មេញឆាប់រង្គើរង្គោះ។
ឆ្នាំ១៥៣៥ – ការព្យាបាលជំងឺធ្មេញកើតរាក់តាមក្បួនបុរាណឥណ្ឌា
នៅរដូវរំហើយ មានអ្នករុករកសញ្ជាតិបារាំងម្នាក់ឈ្មោះ Jacques Cartier បានធ្វើដំណើរលើនាវាតាមបណ្តោយទន្លេ frozen St Lawrence River ស្ថិតក្នុងប្រទេសកាណាដាសព្វថ្ងៃ។ ដោយសារតែកត្តាកង្វះរបបអាហារ បានធ្វើឱ្យនាវិកផ្សេងទៀតលើនាវានោះកើតជំងឺរាក់ស៊ីធ្មេញ។ ពេលនោះ ជនជាតិឥណ្ឌាបុរាណបានណែនាំឱ្យពួកគេនូវវិធីសាស្ត្រព្យាបាលមួយ ដោយតម្រូវឱ្យពួកគេផឹកថ្នាំម្យ៉ាង ដែលផលិតចេញពីការត្រាំសំបកឈើ។ គួរឱ្យកត់សម្គាល់ឃើញថា ការព្យាបាលនោះប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធិភាព។
ឆ្នាំ១៧៤៧ – ទំនាក់ទំនងជំងឺរាក់ស៊ីធ្មេញ និងអម្បូរផ្លែឈើមានជាតិជូរ
គ្រូពេទ្យវះកាត់ជើងទឹកសញ្ជាតិអង់គ្លេស លោក James Lind បានជ្រើសរើសបុរស ១២នាក់មកពី HMS Salisbury ដែលសុទ្ធតែជាអ្នកកើតរាក់ស៊ីធ្មេញទាំងអស់។ គាត់បានបែងចែកពួកគេជា៦គូ ហើយក្រុមនីមួយៗទទួលបាននូវរបបអាហារបឋមខុសៗគ្នា។ ពេលនោះគាត់បានសង្កេតឃើញថា អាការៈនៃជំងឺនេះនឹងឆាប់ជាសះស្បើយ ចំពោះគូណាដែលបានទទួលទានផ្លែឈើមានរសជាតិជូរ។
ឆ្នាំ ១៧៩៥ – របបអាហារប្រចាំថ្ងៃជាមួយនឹងផ្លែមានជាតិជូរ
លោក Gilbert Blane ជាគ្រូពេទ្យកងទ័ពជើងទឹកអង់គ្លេស និងជាមេបញ្ជាការកងទ័ពជើងទឹកអង់គ្លេស បានចេញបទបញ្ជាមួយ តម្រូវឱ្យកងទ័ពជើងទឹកទាំងអស់ទទួលទានទឹកផ្លែឈើដែលមានរសជាតិជូរជាភេសជ្ជៈប្រចាំថ្ងៃ។ គ្រានោះ ត្រូវបានគេដឹងថា វិធីព្យាបាលភាពឈឺចាប់នៃជំងឺរាក់ស៊ីធ្មេញនេះគឺកើតចេញពីកងទ័ពជើងទឹកអង់គ្លេសនេះឯង។
ឆ្នាំ១៨៨០ – ផ្លែឈើម្យ៉ាងដែលមានជាតិជូរឈ្មោះ Limeys
ក្នុងពេលនោះ អង់គ្លេសមានឥទ្ធិពលទៅលើតំបន់មួយឈ្មោះថា Caribbean ពួកគេបានឱ្យប្រជាជននៅតំបន់នោះប្រើប្រាស់ ឬទទួលទានផ្លែក្រូចឆ្មារជំនួសឱ្យក្រូចសំបកលឿងទុំ (ខ្មែរហៅក្រូចពោធិ៍សាត់) ដោយសារតែតំបន់ Caribbean នេះសម្បូរទៅដោយក្រូចឆ្មារ។ នាវិកអង់គ្លេសត្រូវបានគេស្គាល់ថាជា “Limeys” ដែលពាក្យនេះសំដៅទៅលើការអនុវត្តនៃការផ្គត់ផ្គង់ភេសជ្ជៈទឹកក្រូចឆ្មារដល់នាវិកសញ្ជាតិអង់គ្លេសទាំងអស់ ក្នុងគោលបំណងដើម្បីការពារកុំឱ្យកើតជំងឺរាក់ស៊ីធ្មេញ។
ឆ្នាំ១៩០៧ – រឿងរ៉ាវកណ្តុរម្យ៉ាងហៅ Guinea pigs និងស្ពៃក្តោប
អ្នកគីមីជីវៈវិទូសញ្ជាតិន័រវេសពីរនាក់ លោក Axel Holst និងលោក Alfred Fröhlich បានធ្វើការពិសោធន៍ទៅលើសត្វកណ្តុរ Guinea pigs ដើម្បីចង់ដឹងពីស្ថានភាពនៃជំងឺរាក់ស៊ីធ្មេញ តាមរយៈការដាក់ចំណីក្នុងកម្រិតជាក់លាក់ណាមួយ។ នៅពេលដែលពួកគេដាក់ស្ពៃក្តោបឱ្យវាស៊ី ពួកគេសង្កេតឃើញថា អាការៈនៃជំងឺរាក់ស៊ីធ្មេញលើសត្វកណ្តុរពុំឃើញលេចឡើងឡើយ។ ការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់មួយនេះ បានចាប់ផ្តើមង្ហាញថា ជំងឺមួយនេះទាក់ទងទៅនឹងការទទួលខុសត្រូវខ្ពស់លើរបបអាហារដែលមានសារធាតុចិញ្ចឹម។
ឆ្នាំ១៩២៨ – អាស៊ីត Hexuronic
អ្នកគីមីជីវៈវិទូសញ្ជាតិហុងគ្រី លោក Albert Szent-Györgyi បានធ្វើពិសោធន៍មួយតាមរយៈការបន្ថយសរីរាង្គរវាងស្លឹករក្ខជាតិ និងជាលិកាសត្វ ដោយដាក់ឈ្មោះថា អាស៊ីត Hexuronic សម្រាប់លទ្ធផលនៃការពិសោធន៍។ បួនឆ្នាំក្រោយ លោកបានបញ្ជាក់ថា សមាសធាតុនេះ គឺជាកត្តាសម្លាប់ ឬប្រឆាំងនឹងមេរោគ ដែលត្រូវបានរកឃើញដំបូងតាំងតែពីឆ្នាំ១៩០៧ ដោយលោក Holst and Fröhlich។
ឆ្នាំ១៩៣២ – អាស៊ីតស្ករប៊ីក
អ្នកគីមីវិទូសញ្ជាតិអង់គ្លេស លោក Walter Haworth បានកំណត់អំពីសម្ព័ន្ធម៉ូលេគុលនៃអាស៊ីត Hexuronic ព្រមទាំងបានប្តូរឈ្មោះនេះទៅជាឈ្មោះថ្មីគឺ អាស៊ីតស្ករប៊ីក។ សព្វថ្ងៃត្រូវបានគេស្គាល់អាស៊ីតស្ករប៊ីកនេះថាជាវីតាមីនស៊ី។ ច្រើនឆ្នាំក្រោយមក លោក Haworth បានដឹកនាំក្រុមវិទ្យាសាស្ត្រមួយក្រុមធ្វើការបង្កើតនូវអាស៊ីត Hexuronic សំយោគ។
ឆ្នាំ១៩៣៧ – ពានរង្វាន់ Nobel
លោក Albert Szent-Györgyi បានឈ្នះពានរង្វាន់ Nobel ផ្នែកសរីរាង្គវិទ្យា ឬវេជ្ជសាស្ត្រ ដែលបានរកឃើញវីតាមីន C។ ចំណែកឯ លោក Walter Haworth ក៏ទទួលបានពានរង្វាន់នេះដែរ ទៅលើផ្នែកគីមីវិទ្យា ដែលគាត់បានរកឃើញ Carbohydrates និងវីតាមីនសេ។
ឆ្នាំ១៩៧០ – ជំងឺផ្តាសាយធម្មតា
សៀវភៅមួយមានចំណងជើងថា Vitamin C and the common cold (វីតាមីនស៊ី និងជំងឺផ្តាសាយធម្មតា) ដែលជាស្នាដៃរបស់អ្នកគីមីវិទូ លោក Linus Pauling ត្រូវបានបោះពុម្ពផ្សាយ។ វាជាសៀវភៅដែលបានលក់ដាច់ជាងគេ ហើយនាំឱ្យអ្នកអាន និងប្រជាជនមានភាពជឿជាក់ទៅលើតម្លៃនៃវីតាមីនស៊ី ក្នុងការបង្ការ និងការពារពីជំងឺផ្តាសាយ។
ឆ្នាំ២០០៧ – ការស្វែងរកចំណុចដែលខ្វះខាត
ក្រុមអ្នកវិទ្យាសាស្ត្រដែលមានជំនាញស្រាវជ្រាវលើផ្នែករុក្ខជាតិ និងចំណីអាហារបានរាយការណ៍ឱ្យដឹងពីជំហាន ឬចំណុចដែលខ្វះខាតនូវរបៀប ឬវិធីដែលរុក្ខជាតិផលិតវីតាមីនសេ។ ដោយផ្អែកលើការសិក្សាជាមួយពូជផ្លែគីវីជាច្រើនប្រភេទ រួមផ្សំនឹងទិន្នន័យដែលទទួលបានពី the world’s largest kiwifruit DNA database ក្រុមពួកគាត់បានធ្វើការដាក់ឱ្យនៅដោយឡែកនូវអង់ស៊ីមដែលមិនទាន់រកឃើញចុងក្រោយនៅក្នុងដំណើរការនៃការផលិតវីតាមីនស៊ី។
អត្ថបទ៖ brandmedia
ប្រភព៖ sciencelearn.org