ជប៉ុនផ្ដល់រថយន្តសង្គ្រោះ៣៥គ្រឿងជូនក្រសួងសុខាភិបាលនៅថ្ងៃនេះ
នៅថ្ងៃទី៧ ខែឧសភានេះ រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុននៅកម្ពុជាបានប្រគល់រថយន្តសង្គ្រោះចំនួន៣៥គ្រឿងជូនក្រសួងសុខាភិបាលសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩។ ពិធីប្រគល់រថយន្តនេះធ្វើឡើងនៅឃ្លាំងឱសថកណ្ដាលនៃក្រសួងសុខាភិបាល ក្រោមវត្តមានលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងលោក ការិម៉ាតា អាត្សឹស៊ី ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា។
ក្នុងខ្លឹមសារនៃសំណេរលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុននៅកម្ពុជាបានរៀបរាប់ថា៖«យើងសង្ឃឹមថាការផ្គត់ផ្គង់ទាំងនេះនឹងអាចជួយដល់ភាគីពាក់ព័ន្ធផ្នែកសុខាភិបាលនៅកម្ពុជាដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ប្រទេសជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការផ្ដល់នូវឧបករណ៍ចាំបាច់។»
គួរបញ្ជាក់ថា ការផ្ដល់ជំនួយនេះធ្វើឡើងស្របពេលប្រទេសកម្ពុជាកំពុងប្រឈមនឹងវិបត្តិកូវីដ-១៩បង្កឡើងដោយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៦ ខែឧសភា កម្ពុជាមានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន៥៥៨នាក់ និងករណីជាសះស្បើយថ្មីចំនួន៤១នាក់៕
ដោយ៖ ង៉ាយ ណៃ