ការវាយប្រហារលើជនជាតិអាស៊ីកើតមានឡើងរាប់ពាន់ករណីគិតត្រឹមប៉ុន្មានខែចុងក្រោយនេះ
បទឧក្រិដ្ឋរើសអើងជាតិសាសន៍ប្រឆាំងជនជាតិអាមេរិកដើមកំណើតអាស៊ីកំពុងបន្តកើនឡើងក្នុងទឹកដីសហរដ្ឋអាមេរិកគិតចាប់ពីមានជំងឺរាតត្បាតសកលកូវីដ-១៩។ ដោយគិតត្រឹមប៉ុន្មានខែចុងក្រោយនេះ ករណីប្រើប្រាស់អំពើហិង្សាលើជនជាតិអាស៊ីរាប់ពាន់ករណីត្រូវបានគេរាយការណ៍ឱ្យដឹង។ នេះបើតាមសារព័ត៌មានអង់គ្លេស BBC។
ការរើសអើងលើជនជាតិអាស៊ីនៅសហរដ្ឋអាមេរិកកើតមានក្នុងគ្រប់រូបភាព។ ជនជាតិអាស៊ីទាំងនោះ ជាពិសេសមនុស្សវ័យចំណាស់ តែងរងទុក្ខបុកម្នេញ តាមរយៈការប្រើប្រាស់អំពើហិង្សា និងការជេរប្រមាទដោយចោទថាជាអ្នកចម្លងជំងឺកូវីដ-១៩។ ជាក់ស្ដែង បុរសវ័យចំណាស់ជនជាតិថៃម្នាក់ត្រូវបានគេរុញផ្កាប់មុខនឹងដីស្លាប់បាត់បង់ជីវិត។ បុរសជនជាតិហ្វីលីពីនសញ្ជាតិអាមេរិកម្នាក់ ត្រូវបានគេយកកាំបិទឆូតមុខ។ និងស្រ្តីចំណាស់ជនជាតិចិនម្នាក់ទៀតត្រូវបានគេវាយពេលកំពុងដើរតាមដងផ្លូវ។ ទាំងនេះគ្រាន់តែជាឧទាហរណ៍ខ្លះៗនៃការប្រើប្រាស់អំពើហិង្សាលើជនជាតិអាមេរិកដើមកំណើតអាស៊ីដែលបានកើតឡើងកាលពីពេលថ្មីៗនេះ។
ទីភ្នាក់ងារស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិក (FBI) ធ្លាប់បានប្រមានតាំងពីផ្ទុះជំងឺកូវីដ-១៩ក្នុងសហរដ្ឋអាមេរិកដំបូងថា បទឧក្រិដ្ឋរើសអើងជាតិសាសន៍ប្រឆាំងនឹងជនជាតិអាមេរិកដើមកំណើតអាស៊ីនឹងកើនឡើងខ្លាំង។ តាមទិន្នន័យផ្លូវការនៅឆ្នាំ២០១៩ បទឧក្រិដ្ឋនេះបានហក់ឡើងខ្ពស់បំផុតពុំធ្លាប់មានក្នុងទសវត្សរ៍ចុងក្រោយ។
ចំណែកនៅត្រីមាសទីមួយនៃឆ្នាំ២០២១វិញ ការវាយប្រហារមកលើជនជាតិអាស៊ីនៅតាមទីក្រុងធំៗរបស់សហរដ្ឋអាមេរិកកើនឡើងរង្វង់១៦៤% ស្របពេលជំងឺរាតត្បាតសកលកូវីដ-១៩កំពុងបន្ត។ នេះបើតាមទិន្នន័យប៉ូលីស។ ហើយការកើនឡើងនេះ មានចំនួនប្រហាក់ប្រហែលនឹងឆ្នាំមុនក្រោមអាណត្តិដឹកនាំរបស់លោក ដូណាល់ ត្រាំ។
ទីក្រុងចំនួន១៦ដែលត្រូវបានយកមកសិក្សារួមមាន ទីក្រុងញូវយ៉ក និងឡូសអេនជឺលេស ជាទីក្រុងមានចំនួនប្រជាជនច្រើនជាងគេពីរ ដោយប្រជាជនក្នុងទីក្រុងទាំងពីរនេះតំណាងឱ្យ ៨%នៃប្រជាជនទូទាំងប្រទេស។ តាមទិន្នន័យចុងក្រោយរបស់ FBI ទីក្រុងទាំង១៦នេះ មានបទឧក្រិដ្ឋរើសអើងពូជសាសន៍ច្រើនជាង ២១%នៃបទឧក្រិដ្ឋសរុបប្រចាំឆ្នាំ២០១៩។
កាលពីឆ្នាំមុន អង្គការសហប្រជាជាតិបានចេញរបាយការណ៍មួយសម្ដែងការព្រួយបារម្ភដោយសង្កត់ធ្ងន់ថា៖«បទល្មើសហិង្សា និងការគម្រាមកំហែងប្រឆាំងជនជាតិអាស៊ីក្នុងទឹកដីអាមេរិកកំពុងស្ថិតនៅចំណុច«គ្រោះថ្នាក់បំផុត»។»
សភាតំណាងរាស្ត្រអាមេរិកកំពុងទទួលយកច្បាប់ដែលព្រឹទ្ធសភាបានអនុម័តកាលពីសប្តាហ៍មុនដែលនឹងបង្កើតតំណែងថ្មីរបស់ក្រសួងយុត្តិធម៌ដើម្បីដោះស្រាយបញ្ហានេះ៕
រូបភាព៖ BCC
ដោយ៖ ង៉ាយ ណៃ