គិតត្រឹមថ្ងៃនេះ កម្ពុជាមានអ្នកស្លាប់ដោយសារកូវីដ-១៩សរុប១០៣នាក់ ភាគច្រើនជាជនជាតិខ្មែរ
គិតត្រឹមថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន១០៣នាក់ ភាគច្រើនលើសលប់ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ នេះបើតាមក្រសួងសុខាភិបាល។
អ្នកឆ្លងកូវីដ-១៩ថ្មី នៅថ្ងៃទី២ ខែឧសភានេះ មានចំនួនសរុប៧៣០នាក់ កើនឡើងជិតពាក់កណ្ដាលបើប្រៀបធៀបនឹងថ្ងៃម្សិលមិញ(៣៨៨នាក់)។ ករណីស្លាប់ថ្មីមានចំនួន៦នាក់សុទ្ធសឹងជាជនជាតិខ្មែរ ដែលតួលេខនេះជំរុញឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជាកើនឡើងដល់១០៣នាក់។
អ្នកឆ្លងកូវីដ-១៩ថ្មី៧៣០នាក់នៅថ្ងៃនេះ ៧២៨ករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានតែ២ករណីប៉ុណ្ណោះដែលនាំចូលពីបរទេស និងមានអ្នកជាសះស្បើយ១៦៩នាក់។ បើតាមក្រសួងសុខាភិបាល បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងកូវីដ-១៩សរុប១៤,៥២០ករណី ក្នុងនោះមាន៩,០៤០ករណីកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យ ក្នុងរាជធានី-ខេត្ត។
ចំនួនអ្នកឆ្លងកូវីដ-១៩កើនឡើងយ៉ាងគំហុកក្រោយផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ដោយរាជធានីភ្នំពេញ កណ្ដាល និងខេត្តព្រះសីហនុគឺជាតំបន់ក្ដៅ និងមានចំនួនអ្នកឆ្លងច្រើនជាងគេ។ កាលពីថ្ងៃទី១០ ខែមេសាកន្លងទៅ តំណាងអង្គការសុខភាពពិភពលោក លោកស្រីលី អៃឡាន ធ្លាប់បានព្រមានថា៖ កម្ពុជាកំពុងស្ថិតនៅមាត់ជ្រោះនៃសោកនាដកម្មដោយសារជំងឺកូវីដ-១៩។ ប្រសិនបើពុំមានការចូលរួមពីប្រជាពលរដ្ឋកម្ពុជាទេ ស្ថានភាពកូវីដ-១៩នឹងវិវត្តទៅរកសភាពកាន់តែអាក្រក់ ឬគ្រប់គ្រងលែងបាន។
របាយការណ៍របស់ The Asian Post នៅថ្ងៃទី១ ខែឧសភាម្សិលមិញបង្ហាញថា កម្ពុជាស្ថិតនៅលំដាប់លេខរៀងទី៧ជាប្រទេសដែលមានចំនួនអ្នកឆ្លងកូវីដ-១៩ច្រើនក្នុងតំបន់អាស៊ាន។ ខណៈឥណ្ដូនេស៊ីឈរនៅលំដាប់លេខមួយ មានអ្នកឆ្លងសរុបជាង១លាននាក់ តាមពីក្រោយដោយហ្វីលីពីន និងម៉ាឡេស៊ី។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី«ការបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ» លោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា៖ «ហេតុអ្វីបានជាតួលេខអ្នកឆ្លងកូវីដ-១៩នៅតែខ្ពស់? ដោយសារតែយើងបានបង្កើនល្បឿនក្នុងការយកសំណាកអ្នកនៅក្នុងតំបន់ក្រហម និងអ្នកដែលសង្ស័យ។ អ៊ីចឹងពេលណាចំនួនយកសំណាកកាន់តែច្រើន ដូចយើងបង់សំណាញ់អ៊ីចឹង គឺស្រង់បានអ្នកវិជ្ជមានក្នុងបរិមាណមួយច្រើនដែរ។ ប៉ុន្តែយើងនៅតែបន្តធ្វើការងារនេះ ហើយយើងក៏ជឿជាក់ថា ចំនួននេះនឹងអាចស្រកចុះនៅពេលដែលយើងអាចស្រង់យកអ្នកវិជ្ជមានចេញពីតំបន់ក្រហមបានច្រើន។»
លោក នួន ផារ័ត្នបានបញ្ជាក់យ៉ាងដូច្នេះថា៖«គិតត្រឹមថ្ងៃនេះ(២៨ មេសា) ចំនួនអ្នកស្លាប់៧៨នាក់ មិនមែនជាចំនួនតិចទេ។»៕
ដោយ៖ ង៉ាយ ណៃ