លោក Trump និយាយថា Microsoft កំពុងចរចាទិញ TikTok


ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាក្រុមហ៊ុន Microsoft កំពុងពិភាក្សាគ្នាដើម្បីទិញយក TikTok ហើយលោកពិតជាចង់ឃើញ “សង្រ្គាមដេញថ្លៃ” លើការលក់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ។

នៅពេលត្រូវបានគេសួរថា តើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកកំពុងរៀបចំការដេញថ្លៃដែរឬទេ លោក Trump បានឆ្លើយតបថា នេះជាការពិត។ ជាមួយគ្នានេះ លោកក៏បានបន្ថែមថា មានក្រុមហ៊ុនធំៗជាច្រើនដែលកំពុងចាប់អារម្មណ៍អំពី TikTok។

ព័ត៌មាននៃការចរចាដើម្បីទិញកម្មវិធី TikTok បានកើតឡើងនៅពេលដែលលោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីសប្តាហ៍មុនដើម្បីពន្យារពេលការហាមឃាត់របស់រដ្ឋបាល Biden លើ TikTok ដែលបានដកកម្មវិធីនេះមួយរយៈពេលខ្លី ខណៈដែលមានអ្នកប្រើប្រាស់ ១៧០ លាននាក់នៅក្នុងសហរដ្ឋអាមេរិក។

ទោះបីជាបានផ្តល់ការបន្ធូរបន្ថយ TikTok រយៈពេល ៧៥ ថ្ងៃពីការហាមឃាត់ក៏ដោយ Trump គឺជាប្រធានាធិបតីដំបូងគេដែលចាប់ផ្តើមដាក់សម្ពាធ ByteDance ឱ្យលក់កម្មវិធីរបស់ខ្លួន។

ទាំង Trump និងអ្នកស្នងតំណែងមុនរបស់គាត់គឺ Joe Biden បានព្យាយាមអស់ជាច្រើនឆ្នាំដើម្បីបង្ខំក្រុមហ៊ុនមេរបស់ TikTok ចិនគឺ ByteDance ឱ្យលក់ប្រតិបត្តិការបស់ខ្លួននៅសហរដ្ឋអាមេរិករបស់ខ្លួនដោយហេតុផលសន្តិសុខជាតិ។ ដោយឡែកថ្មីៗនេះ លោក Trump ធ្លាប់បាននិយាយថាលោកកំពុងពិភាក្សាជាមួយភាគីជាច្រើនអំពីការទិញ TikTok ហើយរំពឹងថានឹងធ្វើការសម្រេចចិត្តលើអនាគតរបស់កម្មវិធីក្នុងរយៈពេល ៣០ ថ្ងៃខាងមុខ។

យ៉ាងណាមិញ អ្នកនាំពាក្យក្រុមហ៊ុន Microsoft បាននិយាយថា ក្រុមហ៊ុនមិនមានអ្វីត្រូវចែករំលែកនៅពេលនេះទេ។

ប្រភព៖ BBC