នាវាមុជទឹករបស់ឥណ្ឌូនេស៊ីត្រូវបានរកឃើញបាក់ជាបីកំណាត់ក្រោមបាតសមុទ្រ
នាវាមុជទឹកមួយរបស់ប្រទេសឥណ្ឌូនេស៊ីដែលបានលិចនៅតំបន់កោះបាលីកាលពីថ្ងៃពុធកន្លងទៅត្រូវបានរកឃើញបាក់ជាបីកំណាត់នៅក្រោមបាតសមុទ្រ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរឥណ្ឌូនេស៊ីនៅថ្ងៃទី២៥ ខែមេសានេះ។
នាវាមុជទឹករបស់ប្រទេសឥណ្ឌូនេស៊ីឈ្មោះ KRI Nanggala បានបាត់ខ្លួនបន្ទាប់ពីស្នើសុំការអនុញ្ញាតចេញប្រតិបត្តិការអំឡុងធ្វើសមយុទ្ធបាញ់គ្រាប់ពិតមួយ។ រហូតមកដល់ថ្ងៃអាទិត្យ ទី២៥ ខែមេសានេះ ទាហានជើងទឹកឥណ្ឌូនេស៊ីបានរកឃើញនាវាមុជទឹក KRI Nanggala បាក់ជាបីកំណាត់ក្នុងជម្រៅទឹកជាង ៨០០ ម៉ែត្រនៅក្រោមបាតសមុទ្រ។ កងនាវិកទាំង៥៣នាក់ត្រូវបានអះអាងថាបាត់បង់ជីវិត។ ប៉ុន្តែមូលហេតុនៅពីក្រោយការលិចនាវាមុជទឹកនេះ មិនទាន់ត្រូវបានបញ្ជា្កក់ច្បាស់នៅឡើយ។
លោក Yudo Margona ប្រធានផ្នែកគ្រប់គ្រងកងនាវិកឥណ្ឌូនេស៊ីបាននិយាយថា៖ សម្ភារៈផ្សេងៗដូចជាយុថ្កា អាវការពារសុវត្ថិភាព និងកម្រាលសម្រាប់ថ្វាយបង្គុំ ត្រូវបានរកឃើញនៅតំបន់ដែលនាវានេះបាត់ខ្លួន។ លោក Yudo Margona បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា៖«នាវាមុជទឹក KRI Nanggala បានបាក់ជាបីកំណាត់។ ដោយផ្នែកខាងមុខ ផ្នែកខាងក្រោយ និងផ្នែកសំខាន់នៃនាវាបែកប្រេះចេញពីគ្នា។»
ជាមួយគ្នានេះ លោក Hadi Tjahjanto មេទ័ពឥណ្ឌូនេស៊ីបានអះអាងថា៖ «យើងគ្មានសង្ឃឹមនឹងរកឃើញអ្នករស់រានមានជីវិតឡើយ។ ដោយក្ដីក្រៀមក្រំខ្ញុំហ៊ានអះអាងថាកងនាវិកទាំង ៥៣ នាក់ដែលជាប់ក្នុងនាវានោះបានបាត់បង់ជិវិតហើយ។»
នៅមុនរកឃើញនាវានេះ អ្នកជំនាញការអន្តរជាតិធ្លាប់បាននិយាយហើយថា ប្រសិនបើនាវាលិចក្នុងជម្រៅទឹកជ្រៅខ្លាំង ភាគរយនៃការជួយសង្គ្រោះមានតិចតួចណាស់ពីព្រោះខ្យល់អុកស៊ីសែនដែលផ្ទុកក្នុងនាវានោះមានគ្រប់ត្រឹមរយៈពេល ៣ ថ្ងៃប៉ុណ្ណោះ។
ប្រធានាធិបតីឥណ្ដូនេស៊ី លោក Joko Widodo (ចូកូ វីដូដូ) បានរៀបរាប់ថា៖ «កងនាវិកទាំងអស់ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនេះគឺជា «អ្នកស្នេហាជាតិដ៏ស្មោះស្ម័គ្រ»។ ប្រជាជនឥណ្ដូនេស៊ីទាំងអស់សូមសម្ដែងក្ដីក្រៀមក្រំសម្រាប់ការបាត់បង់ដ៏ធំធេងនេះ ជាពិសេសចូលរួមរំលែកទុក្ខជាមួយនឹងគ្រួសារកងនាវិកទាំងអស់នាពេលនេះ។»៕
រូបភាព៖ BBC
ប្រភព៖ BBC
ដោយ៖ ង៉ាយ ណៃ