|

សាលារៀនក្នុងទីក្រុងបាងកកជាង២៥០ បានបិទដោយសារការបំពុលបរិយាកាស!


អាជ្ញាធរបាននិយាយថា សាលារៀនជាង ២៥០ នៅក្នុងទីក្រុងបាងកកត្រូវបានបិទកាលពីថ្ងៃព្រហស្បតិ៍ដោយសារតែការបំពុល ខណៈមន្ត្រីបានជំរុញឱ្យប្រជាពលរដ្ឋធ្វើការពីផ្ទះ និងដាក់កម្រិតលើយានយន្តធុនធ្ងន់នៅក្នុងទីក្រុង។

យោងតាមសន្ទស្សន៍គុណភាពខ្យល់អន្តរជាតិ IQAir គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទីក្រុងបាងកក ស្ថិតនៅចំណាត់ថ្នាក់លេខ៦ ក្នុងនាមជាទីក្រុងធំ ដែលរងការបំពុលខ្យល់ខ្លាំងក្លាជាងគេ ជាមួយកម្រិតភាគល្អិតដ៏គ្រោះថ្នាក់ ហោថា PM2.5 រហូតដល់ ១២២មីក្រូក្រាម ក្នុង១ម៉ែត្រគូប។

កាលពីដើមសប្តាហ៍នេះ អាជ្ញាធរនៅទីក្រុងបាងកក បានប្រកាសថា សាលារៀននៅតាមតំបន់ ដែលមានកម្រិត PM2.5 ខ្ពស់ អាចជ្រើសរើសបិទទ្វារបាន ហើយមកទល់ព្រឹកថ្ងៃព្រហស្បតិ៍ សាលារៀនចំនួន១៩៤កន្លែង ក្នុងចំណោម៤៣៧កន្លែង បានបិទទ្វារ ដែលប៉ះពាល់ដល់សិស្សរាប់ពាន់នាក់។ សាលារៀនដែលបិទទាំងនោះមានចាប់ពីថ្នាក់មត្តេយ្យ ដល់វិទ្យាល័យ ហើយការបិទ មានរយៈពេលចាប់ពី១ថ្ងៃ រហូតដល់១សប្តាហ៍។

អាជ្ញាធរបានលើកទឹកចិត្តប្រជាជនឱ្យធ្វើការពីផ្ទះក្នុងសប្តាហ៍នេះ ប៉ុន្តែគម្រោងនេះគឺមានអ្នកស្ម័គ្រចិត្តចុះឈ្មោះត្រឹមតែ ១០០០០០ នាក់ប៉ុណ្ណោះនៅក្នុងទីក្រុងមួយដែលមានចំនួនមនុស្ស ១០លាននាក់។

ប្រភព៖ France 24