|

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ក្រសួងមហាផ្ទៃចាប់ពីពេលនេះតទៅការផ្តល់ក្របខ័ណ្ឌថ្មីគឺទុកកម្រិតក្រសួងត្រឹមតែ២០%ប៉ុណ្ណោះ ក្រៅពីនេះគឺនៅថ្នាក់ក្រោមជាតិ!


ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ លើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបានជំរុញឱ្យរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ដូចគ្នាដែររដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌផ្សេងទៀតយកចិត្តទុកដាក់លើការពង្រឹងគុណភាពធនធានមនុស្សដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនជាពិសេស សិទ្ធិ អំណាច មុខងារ ធនធានដែលថ្នាក់ជាតិបានផ្តល់ទៅឱ្យ ដោយបានបន្ថែមទៀតថា ក្រសួងមហាផ្ទៃចាប់ពីពេលនេះតទៅការផ្តល់ក្របខ័ណ្ឌថ្មីគឺទុកកម្រិតក្រសួងត្រឹមតែ២០%ប៉ុណ្ណោះ ក្រៅពីនេះគឺនៅថ្នាក់ក្រោមជាតិ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រីបានផ្តាំផ្ញើឱ្យរដ្ឋបាលរាជធានីភ្នំពេញជាពិសេសក្រុមប្រឹក្សានៃរដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌ យកចិត្តទុកដាក់ពង្រឹងការដឹកនាំតម្រង់ទិសលើការងាររៀបចំផែនការអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាផ្សេងៗក្នុងមូលដ្ឋាន។

ទន្ទឹមគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើការងារអនាម័យ និងបរិស្ថាន។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញបន្តខិតខំប្រឹងប្រែង លើការងារដែលខ្លួនបានដាក់ចេញបន្ថែមទៀត ពីព្រោះការងារកន្លងមកទទួលបាននូវលទ្ធផលគួរជាទីកោតសសើរ៕

ប្រភព៖ ក្រសួងមហាផ្ទៃ